កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich លើកពាន Super Cup ក្រោយវាយបកយកឈ្នះ Sevilla ២-១
25, Sep 2020 , 7:35 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុករបស់ UEFA
រូបភាពពីផេកហ្វេសប៊ុករបស់ UEFA
Bayern Munich បានក្លាយជាម្ចាស់ពាន UEFA Super Cup ឆ្នាំ២០២០ តាមរយៈការវាយបកយកឈ្នះ Sevilla ដោយលទ្ធផល ២-១ នាជំនួបក្នុងកីឡដ្ឋាន Puskas ក្រុង Budapest ប្រទេសហុងគ្រី។


ការប្រកួតរវាងក្រុមជើងឯក Champions League ជាមួយក្រុមម្ចាស់ពាន Europa League នៅរាត្រីថ្ងៃទី២៤ ខែកញ្ញា ដែលអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាចំនួន ១៥១៨០នាក់នេះ Sevilla របស់អេស្ប៉ាញបានរកគ្រាប់បាល់នាំមុខមុននៅនាទី១៣ ដែលធ្វើបានដោយ Lucas Ocampos ពីការទាត់បាល់ពិន័យ១១ម៉ែត្រ។
 
ក្រោយការនាំមុខរយៈពេល២០នាទី Leon Goretzka អាចរកគ្រាប់បាល់តាមស្មើឲ្យ Bayern Munich វិញ តាមរយៈការបញ្ជូនបាល់ (assist) ដ៏ល្អពីមិត្តរួមក្រុម Robert Lewandowski។ លទ្ធផល ១-១ បានបន្តរហូតដល់បញ្ចប់ការប្រកួតទាំងពីវគ្គតែម្តង ដែលតម្រូវឲ្យក្រុមទាំងពីរបន្ថែមម៉ោងលេង១៥នាទី២ដង។
 
គ្រាប់បាល់ជ័យជម្នះម្ចាស់ក្រុមយក្សអាល្លឺម៉ង់ បានកើតឡើងនៅនាទី១០៤ ដែលសម្រេចទីបានដោយការតែតក្បាលពីសំណាត់ខ្សែបម្រើ Javier Martinez ដែលទើបប្តូរចូលជំនួស Lucas Hernandez នៅនាទី៩៩។
 
ជ័យជម្នះលើក្រុម Seviila ដែលមានលោក Julen Lopetegui ជាអ្នកចាត់ការ បានជួយក្រុម Bayern Munich របស់លោក Hans-Dieter Flick ក្លាយជាម្ចាស់ពាន Super Cup ឆ្នាំ២០២០ និងជាការឈ្នះជាលើកទី២ក្រោយឈ្នះដំបូងនៅឆ្នាំ២០១៣។
 
ក្រុមដែលឈ្នះពាន Super Cup របស់អឺរ៉ុបនេះច្រើនជាងគេគឺ Barcelona និង AC Milan ចំនួន៥លើកដូចគ្នា ហើយ Real Madrid និង Liverpool ឈ្នះ៤លើកដង Atlético Madrid ៣ដង ខណៈ Ajax, Anderlect, Valencia និង Juventus ធ្លាប់ឈ្នះ២លើកស្មើគ្នា។ ដោយឡែក Seviila ធ្លាប់ឈ្នះម្តងដែរនៅឆ្នាំ២០០៦ ក្នុងចំណោមការប្រកួតផ្តាច់ព្រ័ត្រទាំង៦លើក៕
 

Tag:
 Bayern Munich
  UEFA Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com