COVID-19
ជាតិ
សុខភាព
ពលរដ្ឋ​ខ្មែរ ដែល​ចង់ទៅ​ម៉ាឡេស៊ី នឹងត្រូវ​ចំណាយ​ជាង​១​ពាន់​ដុល្លារ លើ​ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​
25, Sep 2020 , 9:59 am        
រូបភាព
រូបថត៖ ហ្វេសប៊ុកអគ្គរាជទូតកម្ពុជា នៅប្រទេសម៉ាឡេស៊ី
រូបថត៖ ហ្វេសប៊ុកអគ្គរាជទូតកម្ពុជា នៅប្រទេសម៉ាឡេស៊ី
​​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ ដែលជា​សិស្ស និស្សិត ពលករ និង​អ្នក​លំនៅ​អចិន្ត្រៃយ៍ ឬ​បណ្តោះអាសន្ន នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បង់ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៤,៧០០​រីង​ហ្គី​ត (​ប្រមាណ​១,១៥០​ដុល្លារ​)​ក្នុង​មា្ន​ក់ ប្រសិន​ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី​វិញ ក្នុងអំឡុងពេល​ការអនុវត្ត​បទបញ្ជា ត្រួតពិនិត្យ​ការធ្វើដំណើរ ជាមួយ​លក្ខខណ្ឌ​បន្ធូរបន្ថយ​។ យោងតាម​សេចក្តីជូនដំណឹង របស់​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី  ថ្លៃ​ច​ត្តា​ឡី​ស័ក​នេះ ចាប់ផ្តើម​អនុវត្ត ពីថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០២០ តទៅ​។​

 
​តាម​សេចក្តីជូនដំណឹង របស់​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​កញ្ញា មិន​ថា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ផ្សេងៗ​ទេ ដែលមាន​ចង់ទៅ​ប្រទេស​ម៉ាឡេស៊ី ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​បទបញ្ជា ត្រួតពិនិត្យ​ការធ្វើដំណើរ ជាមួយ​លក្ខខណ្ឌ​បន្ធូរបន្ថយ នឹងត្រូវ​បង់ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក អស់​ជាង​១​ពាន់​ដុល្លារ​នេះ​។ 
 
​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី បានបញ្ជាក់​ដូច្នេះ​៖«​ថវិកា​ជាង​១​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ត្រូវ​បង់​ជូន​មន្ត្រី នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ដែល​ប្រចាំការ នៅតាម​ច្រក​អន្តរជាតិ​»​។ ថវិកា​ជាង​១​ពាន់​ដុល្លារ​សម្រាប់​ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ គឺ​ជនបរទេស​ម្នាក់ៗ បាន​ចំណាយ​ថ្លៃ​ប្រតិបត្តិ​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រមាណ​៦០០​ដុល្លារ​, ថ្លៃ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រមាណ​៣៧​ដុល្លារ​ក្នុង​យប់ និង​ថ្លៃ​ស្នាក់នៅ សម្រាប់​ស្វាមី​/​ភរិយា ឬ​កូន​មាន​អាយុ​តិចជាង​១២​ឆ្នាំ (​បន្ទប់​ជាមួយគ្នា​)  មាន​ប្រមាណ​១២​ដុល្លារ ក្នុង​មួយ​យប់​។ 
 
​ជាមួយគ្នានេះ ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី បាន​អះអាង ការបង់ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មិន​អនុវត្ត ចំពោះ​អ្នក​ដែល​បានអនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ឡើយ​។ ដូចជា អ្នកមាន​បណ្ណ​អនុញ្ញាត​ធ្វើដំណើរ និង​អ្នកការទូត​។ 
​គិត​ត្រឹម​ថ្ងៃទី​២៤​កញ្ញា​នេះ ប្រទេស​ម៉ាឡេស៊ី មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩(COVID-19) ជាង​១​ម៉ឺន​នាក់ ក្នុងនោះ​មាន ៩,៦០០​នាក់ ជាសះស្បើយ និង​ស្លាប់​ចំនួន​១៣៣​នាក់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com