ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! សាច់ដុំ​ចុះខ្សោយ​អាច​បណ្ដាលមកពី​កត្តា​ទាំងនេះ​
25, Sep 2020 , 6:59 pm        
រូបភាព
​ថា​តើ​ការបាត់បង់​ម៉ាស​នៃ​សាច់ដុំ ឬ​បញ្ហា​សាច់ដុំ​ចុះខ្សោយ​អាច​បណ្ដាលមកពី​មូលហេតុ​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​មួយចំនួន​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ ៖

 
១. ការធ្វើ​លំ​ហាត់ប្រាណ​ច្រើនពេក​
 
​ជាធម្មតា​ការធ្វើ​លំ​ហាត់ប្រាណ​មាន​ឥទ្ធិពល​លើ​សាច់ដុំ​។ ដូច្នេះ​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ហួស​កម្រិត​ពេក​នោះ​បញ្ហា​សាច់ដុំ​ផ្សេងៗ​នឹង​កើតមានឡើង​ពិសេស​ប្រសិនបើ​អ្នក​មិនបាន​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​ថែមទៀត​! ការធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​រយៈពេល​ពី ៦០ ទៅ ៩០ នាទី​រាល់ពេល​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​បាត់បង់​ម៉ាស​នៃ​សាច់ដុំ​។ នៅពេល​បញ្ហា​នេះ​កើតឡើង​សាច់ដុំ​មិន​ត្រឹមតែ​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
២. កម្រិត​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ឬ​សូ​ដ្យូ​ម​ទាប​ពេក​
 
​ទាំង​ប៉ូ​តា​ស្យូ​ម​និង​សូ​ដ្យូ​ម​សុទ្ធតែជា​អេ​ឡិច​ត្រូ​លីត្រ​ដែល​ចាំបាច់​សម្រាប់​ដំណើរការ​មុខងារ​សាច់ដុំ​។ អ្នក​អាច​បាត់បង់​អេ​ឡិច​ត្រូ​លីត្រ​ទាំងពីរ​នេះ​បាន​យ៉ាង​ងាយ​តាមរយៈ​ការ​បែកញើស​។ នៅពេល​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​និង​សូ​ដ្យូ​ម​ធ្លាក់ចុះ​ទាប​នោះ​សាច់ដុំ​ប្រាកដជា​ខ្សោយ​ខុសធម្មតា​។​
 
៣. កង្វះ​អាហារូបត្ថម្ភ​
 
​រាងកាយ​ត្រូវការ​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដើម្បី​បង្កើន​ម៉ាស​នៃ​សាច់ដុំ​និង​រក្សា​សុខភាព​សាច់ដុំ​ល្អប្រសើរ​។ នេះហើយ​ជា​មូលហេតុ​ដែល​ការទទួល​ទាន​អាហារ​គ្មាន​តុល្យភាព​អាច​បណ្ដាលឱ្យ​បញ្ហា​បាត់បង់​ម៉ាស​នៃ​សាច់ដុំ​ងាយ​នឹង​កើតឡើង​។​
 
៤. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ក៏​អាច​បង្កបញ្ហា​សាច់ដុំ​ចុះខ្សោយ​គួរឱ្យកត់សម្គាល់​។ ស្ថានភាព​នេះ​ច្រើន​កើតឡើង​ជាទូទៅ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា​អ្នក​ដែល​មិនមាន​ជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ជួបប្រទះ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ផងដែរ​។​
 
៥. កត្តា​អាយុ​
 
​វ័យ​កាន់តែ​ចាស់​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ​ផងដែរ​។ វ័យ​កាន់តែ​ជ្រេ​សាច់ដុំ​ក៏ត្រូវ​បាន​ជំនួស​ដោយ​ខ្លាញ់ ពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែល​មិន​ធ្វើ​លំ​ហាត​ប្រាណ​សោះ​។​
 
៦. កង្វះ​សកម្មភាព​រាងកាយ​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ ឬ​កង្វះ​សកម្មភាព​រាងកាយ​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ ឬ​សាច់ដុំ​ចុះខ្សោយ​។ ជាធម្មតា​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​និង​រក្សា​សាច់ដុំ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​នោះ​សាច់ដុំ​អាច​នឹង​ប្រែជា​ចុះខ្សោយ​ទៅៗ​។ ជាក់ស្ដែង​សាច់ដុំ​អាច​នឹង​រួម​តូច​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​វា​សោះ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​ផ្សេងទៀត​។​
 
៧. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​
 
​ពិតណាស់​ថ្នាំ​គ្រប់​ប្រភេទ​សុទ្ធ​តែមាន​ផលប៉ះពាល់​។ ថា​តើ​អ្នកដឹង​ទេ​ថា​ថ្នាំ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​សាច់ដុំ​ដែលនាំឱ្យ​ចុះខ្សោយ​និង​បាត់បង់​ម៉ាស​?
 
៨. គេង​មិនបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិនបាន​គ្រប់គ្រាន់​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​សាច់ដុំ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​សម្រាក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com