COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic ឆ្លង COVID-19 ខណៈ AC Milan ឈ្នះ​វគ្គ​ជម្រុះ Europa League
25, Sep 2020 , 11:19 am        
រូបភាព
Zlatan Ibrahimovic ខ្សែប្រយុទ្ធ​ក្រុម AC Milan បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ ក្លិប AC Milan បញ្ជាក់​ដូច្នេះ​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ដោយ​បន្ថែមថា​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ កំពុងស្ថិត​នៅផ្ទះ​ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ និង​ព្យាបាល​ជំងឺ​។​


​លទ្ធផល​វិជ្ជមាន COVID-19 របស់​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូបនេះ រកឃើញ​នៅក្នុង​ការធ្វើ​តេស្ត​ជុំ​ទី ២ បន្ទាប់ពី​ខ្សែការពារ Leo Duarte រកឃើញថា ឆ្លង​ជំងឺ​នេះ​នៅ​កាលពី​ថ្ងៃ​២៣ កញ្ញា​។​ហើយ​កីឡាករ​និង​បុគ្គលិក​ទាំងអស់​បាន​ត្រលប់​មកវិញ​នូវ​តេស្ត​អវិជ្ជមាន​។​
 
​ទាំង Ibrahimovic និង Duarte ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​សុទ្ធតែ​ខកខាន​ក្នុងការ​ប្រកួត​ជម្រុះ Europa League ជុំ​ទី ៣ នៅ​រាត្រី​ថ្ងៃទី​២៤ កញ្ញា​នេះ ខណៈ AC Milan បាន​យកឈ្នះ Bodo/Glim ក្នុង​លទ្ធផល ៣-២​។​
 
Ibrahimovic អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុត​អែ​ត រកបាន​ដល់​ទៅ ២ គ្រាប់​ម្នាក់​ក្នុង​ជ័យ​របស់ AC Milan លើ​ក្រុម Bologna ២-០ ក្នុង​ក្របខណ្ឌ Serie A មុនពេល​រូបគេ​ឆ្លង COVID-19 នេះ​។​
 
​កីឡាករ​ដែល​គេ​ឲ្យ​រហស្សនាម​ថា​«​លោក​ព្រះ​» បាន​យល់ព្រម​បន្ត​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​កាលពី​ខែ​មុន​៕

Tag:
 Zlatan Ibrahimovic
  COVID-19
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com