COVID-19
អន្តរជាតិ
ចិនទៅកាន់អាមេរិក៖ អ្នកបង្កើតបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ពិភពលោក
× ប្រេសិតចិនប្រចាំអង្គការសហប្រជជាតិ ចាង ជុន បានពន្លះអាមេរិកខ្លាំងៗនាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីឆ្លើយនឹងការរិះគន់របស់អាមេរិកលើចិនក្នុងការដោះស្រាយវិបត្តិជំងឺ COVID-19 ។ លោក ចាង និយាយច្បាស់ៗថា អាមេរិកបង្កបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ពិភពលោក ហើយថា អាមេរិកកំពុងតែនៅម្នាក់ឯងឯកោ ដោយឈរប្រឈមមុខនឹងសហគមន៍អន្តរជាតិទាំងមូល។
ជំងឺ COVID-19 នៅតែជាប្រធានបទក្ដៅក្នុងការសង្គ្រាមវោហារសាស្ត្ររវាងអាមេរិក និងចិនអំឡុងជំនួបនៅអង្គការសហប្រជាជាតិ។ នៅថ្ងៃបើកកិច្ចប្រជុំមហាសន្និបាត លោក ដូណាល់ ត្រាំ ទទូចឲ្យពិភពលោកចាប់ចិនទទួលខុសត្រូវចំពោះការធ្វើឲ្យរាលដាលជំងឺ COVID-19 ។ ប្រធានាធិបតីចិន ស៊ី ជិនភីង ក៏បានតបទៅវិញរួចហើយ។ មកដល់ថ្ងៃទី២៤ ខែកញ្ញា មន្ត្រីចិន និងអាមេរិក ក៏ឆ្លើយឆ្លងគ្នាម្ដងទៀតរឿង COVID-19 ។
នាកិច្ចប្រជុំកម្រិតខ្ពស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីអភិបាលកិច្ចក្រោយ COVID-19 តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ Kelly Craft បាននិយាយដោយកំហឹង ជាមួយនឹងការរំឭកឡើងវិញពីសុន្ទរកថារបស់លោក ត្រាំ ដែលទាមទារឲ្យចិនទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើង។ លោកស្រី Craft និយាយបែបនេះ ក្រោយប្រមុខការទូតចិន និងរុស្ស៊ី ពួតគ្នារិះគន់អាមេរិកដោយលោក Sergey Lavrov ថា ប្រទេសខ្លះយក COVID-19 ដើម្បីបម្រើប្រយោជន៍ខ្លួន ឯលោក វ៉ាង យី ថា មហាអំណាចគួរគិតពីមនុស្សជាតិមុន។
ក្នុងវគ្គបន្ទាប់នៃកិច្ចប្រជុំ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ ចាង ជុន ក៏ពន្លែងប៉ុន្មានឃ្លាទៀតដាក់អាមេរិក។ ដោយចង់សំដៅអាមេរិក លោក ចាង និយាយថា កិច្ចប្រជុំថ្ងៃទី២៤ ខែកញ្ញា ជាព្រឹត្តិការណ៍នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែមន្ត្រីអាមេរិកខ្លះបញ្ចេញសំឡេងផ្ទុយពីបរិយាកាសកិច្ចប្រជុំទៅវិញ។ លោកថែមទាំងចោទអាមេរិកថា ផ្សាយព័ត៌មានមិនពិត និងបំពានគោលការណ៍កិច្ចប្រជុំ។
«ខ្ញុំត្រូវតែនិយាយថា ល្មមៗបានហើយ។ អ្នកបានបង្កើតបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ពិភពលោក។» លោក ចាង និយាយបែបនេះ មុនថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់ជំងឺ COVID-19 ។ បេសកជនចិនរូបនេះ បន្តវាយប្រហារវិធានការរបស់អាមេរិកវិញដោយថា បរាជ័យរបស់អាមេរិក ជាកំហុសរបស់អាមេរិកខ្លួនប៉ុណ្ណោះ។ មកទល់ពេលនេះ អាមេរិកមានករណីចំនួនជិត៧លានករណី និងស្លាប់លើស២០ម៉ឺននាក់។
លោក ចាង បានសួរអាមេរិកថា ជាប្រទេសមានប្រព័ន្ធសុខាភិបាលរីកចម្រើនមួយក្នុងលោក ហេតុអ្វីបណ្ដាលឲ្យមានករណីឆ្លង និងស្លាប់ច្រើនជាងគេឯង? ប្រទេសជាច្រើនដែលមានករណីឆ្លងច្រើន បានទប់ទល់ជំងឺនេះរួចហើយ ហេតុអ្វីអាមេរិកធ្វើមិនបាន? ក្នុងន័យទាត់ចោលការចោទរបស់អាមេរិក អ្នកការទូតចិនរូបនេះប្រាប់ឲ្យអាមេរិកដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួនឲ្យបាន ជាជាងចង្អុលមុខគេឯង ហើយអ្នកនយោបាយអាមរិកខ្លះទៅវិញទេ ដែលគួរទទួលខុសត្រូវចំពោះអ្វីដែលកើតឡើង៕
Tag:
អាមេរិក
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com