សង្គមអន្តរជាតិ
អន្តរជាតិ
ថៃ ចាត់វិធានការផ្លូវច្បាប់លើបណ្តាញសង្គមធំៗ ដែលមិនព្រមលុបព័ត៌មានខុសច្បាប់ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ លោក Buddhipongse Punnakanta។ រូបភាព Bangkok Post
×
ដោយ៖កង ម៉េងហុង
ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃនៅថ្ងៃទី២៤ ខែកញ្ញា បានស្នើសុំឱ្យប៉ូលិសបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា មានចំណាត់ការលើបណ្ដាញសង្គមធំៗមាន Facebook YouTube និង Twitter ជាដើម បន្ទាប់ពីក្រុមហ៊ុនទាំងនេះខកខានក្នុងការដកចេញរាល់មាតិកាខុសច្បាប់ ទោះរងការព្រមានក្ដី។
លោក Buddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ជាអ្នកដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យារបស់ប៉ូលិស។ លោកនិយាយថា ក្រសួងរបស់លោក បានផ្ញើលិខិតព្រមានទៅប្រតិបត្តិករមាន Facebook YouTube និង Twitter ដោយស្នើឲ្យក្រុមហ៊ុនទាំងនេះលុបព័ត៌មានខុសច្បាប់ក្នុងរយៈពេល ១៥ ថ្ងៃប៉ុន្តែពួកគេមិនបានសហការពេញលេញនោះទេ។
បើតាមកាសែតបាងកកប៉ុស្តិ៍ ក្រសួងខាងលើ បានភ្ជាប់ link មាតិកាចំនួន៦៦១ ហើយមាតិកាចំនួន២២៥ ត្រូវបានលុបចោល, YouTube មាន៦៩ link ហើយ៥ ត្រូវបានលុប ខណៈនៅថ្ងៃទី២៣ ខែកញ្ញា មាតិកាដែលផ្ញើឲ្យ Twitter ចំនួន២៨៩ ត្រូវបានលុបចោលដែរ
«វាជាលើកទីមួយនៅក្នុងប្រទេសថៃដែលច្បាប់ (ឧក្រិដ្ឋកម្មកុំព្យូទ័រ) ត្រូវបានអនុវត្តដើម្បីកាត់ទោសក្រុមហ៊ុនដែលផ្ដល់សេវាកម្ម។ ការចោទប្រកាន់ នឹងផ្ដោតទៅក្រុមហ៊ុនមេនៃស្ថាប័នទាំងនេះ។ ប៉ូលិសនឹងប្រើប្រាស់ច្បាប់របស់ថៃ ព្រោះបទល្មើសបានកើតឡើងនៅថៃ។ ខ្ញុំជឿជាក់ថាប៉ូលីសអាចធ្វើបាន» ។ នេះជាសំដីរបស់លោក Buddhipongse ។
លោករដ្ឋមន្ត្រីក៏បានស្នើឲ្យប៉ូលិសតាមរយកអ្នកប្រើប្រាស់បណ្តាញសង្គមដែលផ្សព្វផ្សាយសារដែលប្រមាថស្ថាប័នរាជវង្សក្នុងអំឡុងពេលនៃការប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃទី១៩ និងទី២០ ខែកញ្ញាផងដែរ។ លោក Buddhipongse បានចោទប្រកាន់ថា អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៥នាក់ បានបង្កចលាចល ហើយផ្សាយព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
បើតាមក្រសួងសេដ្ឋកិច្ចឌីជីថលថៃ ពីរនាក់ក្នុងចំណោមពួកគេ ជាអ្នកប្រើប្រាស់ហ្វេសប៊ុកដែលក្នុងនោះមានមានអ្នកគ្រប់គ្រងទំព័រមួយផង ហើយបីនាក់ទៀតជាអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលបានដឹកនាំបាតុកម្មដោយនិស្សិតកាលពីសប្ដាហ៍មុន។
លោកវរសេនីយ៍ឯក Siriwat Deepor មេបញ្ជាការរងនៃអង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា អះអាងថាប្រតិបត្តិករបណ្តាញសង្គមដែលល្មើសនឹងបទឧក្រិដ្ឋតាមកុំព្យូទ័រត្រូវទទួលពិន័យជាទឹកប្រាក់ ៦៤០០ ដុល្លារក្នុងការបង្ហោះព័ត៌មានខុសច្បាប់មួយ ហើយមិនខកខានមិនលុបចោលទេនោះ នឹងត្រូវផាកពិន័យជារៀងរាល់ថ្ងៃចំនួន ១៦០ ដុល្លាររហូតដល់ពួកគេត្រូវបានលុបចេញ៕
Tag:
ថៃ
Facebook
Twitter
YouTube
© រក្សាសិទ្ធិដោយ thmeythmey.com