កីឡាជាតិ
ជាតិ
សមាគម​អូឡាំពិក​ពិភពលោក ផ្តល់​«​គោរម​ងារ អូឡាំពិក​!» ជូន​លោក វ៉ា​ត់ ចំរើន​
25, Sep 2020 , 11:44 am        
រូបភាព
​ភ្នំពេញ​៖ សមាគម​អូឡាំពិក​ពិភពលោក​ផ្តល់​ «​គោរម​ងារ អូឡាំពិក​!»​ ជូន​លោក វ៉ា​ត់ ចំរើន ដែលជា​អតីត​កីឡាករ​អូឡាំពិក​អន្តរជាតិ​ក្នុង​ទសវត្សរ៍​៩០​ផ្នែក​កីឡា​ចំបាប់​។ លោក វ៉ា​ត់ ចំរើន ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទើប​ទទួលបាន​លិខិត​ទទួលស្គាល់ និង​កោតសរសើរ​ពី​សមាគម​អូឡាំពិក​ពិភពលោក​។



​សមាគម​អូឡាំពិក​ពិភពលោក​បាន​ផ្ញើលិខិត​សរសើរ និង​ទទួលស្គាល់​«​ដឹងគុណ​»​មកកាន់​លោក វ៉ា​ត់ ចំរើន ដោយ​សរសេរ​បញ្ជាក់ថា​៖«​សមាគម​អូឡាំពិក​ពិភពលោក​ទទួលស្គាល់​លោក វ៉ា​ត់ ចំរើន ជា​អតីត​កីឡាករ​អូឡាំពិក​ដែល​បាន​ចូលរួម និង​កំពុង​ធ្វើ​កិច្ចការ​បន្តទៀត​ដើម្បី​លើក​គុណ​តម្លៃ​ចលនា​អូឡាំពិក​»​។ ឆ្លើយតប​ទៅនឹង​លិខិត​សរសើរ​នេះ លោក វ៉ា​ត់ ចំរើន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការមើលឃើញ និង​ផ្តល់​កិត្តិយស​ជាស​កល​នេះ​មិនមែន​មានតម្លៃ​សម្រាប់តែ​រូបខ្ញុំ​ទេ តែ​វា​ជា​កិត្តិយស​សម្រាប់​ជាតិខ្មែរ​ទាំងមូល​ផងដែរ​»​។ 
 
​នៅក្នុង​ជំនាញ​កីឡា លោក វ៉ា​ត់ ចំរើន ជា​អតីត​កីឡាករ​អូឡាំពិក​ផ្នែក​ចំបាប់​។ លោក​ទទួលបាន​សញ្ញាបត្រ​កម្រិត​៧​ដាន់​ផ្នែក​កីឡា​ប្រយុទ្ធ​កា​រ៉ា​តេ​, ៣​ដាន់​ផ្នែក​យូ​ដូ​។ ក្រៅពីនេះ លោក​ក៏​ធ្លាប់​ហាត់​ក្បាច់គុណ ហាប់​គី​ដូ ប្រដាល់សេរី និង​តៃ​ក្វាន់​ដូ ITF ផងដែរ​។ 
 
​ទាក់ទង​នឹង​ចំណេះដឹង​គ្រប់គ្រង​កីឡា​វិញ លោក វ៉ា​ត់ ចំរើន ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​វិស័យ​កីឡា​ពី​សក​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក​, សញ្ញាបត្រ​ចិត្តសាស្ត្រ​ផ្នែក​កីឡា​ពី​ប្រទេស​បារាំង និង​សញ្ញប​ត្រ​ដទៃៗ​ទៀត​។ លោក វ៉ា​ត់ ចំរើន ចេះ​និយាយ​ភាសាបរទេស​ចំនួន​៣ គឺ​ភាសា​អង់គ្លេស បារាំង និង​ភាសា​កូរ៉េ​។ 
 
​សូមបញ្ជាក់ថា អ្វីដែល​កត់សម្គាល់​មួយទៀត នៅក្នុង​លិខិត​សរសើរ​របស់​សមាគម​អូឡាំពិក​ពិភពលោក​ចំពោះ​លោក វ៉ា​ត់ ចំរើន នោះ គឺថា ចាប់ពីពេលនេះ​តទៅ លោក វ៉ា​ត់ ចំរើន ទទួលបាន​«​គោរម​ងារ អូឡាំពិក​»​ក្នុងនាម​ជា​អតីត​កីឡាករ​អូឡាំពិក​ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស Chamroeun Vath Oly (​វ៉ា​ត់ ចំរើន អូឡាំពិក​)។​ នៅក្នុងន័យកីឡា OLY (អូឡាំពិក) គឺមានន័យស្មើនឹងកម្រិតបណ្ឌិត (PhD)៕ 










 

Tag:
 វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com