បេក្ខភាព៣រូបចុងក្រោយសម្រាប់ប្រជែងតំណែងកីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men's Player of the Year) រដូវកាល ២០១៩-២០ គ្មានឈ្មោះ Lionel Messi និង Cristiano Ronaldo ជាលើកដំបូងក្នុងរយៈពេលឆ្នាំ១០ចុងក្រោយ។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានជ្រើសយក Manuel Neuer, Robert Lewandowski និង Kevin de Bruyne ដើម្បីប្រជែងយកពានសម្រាប់ឆ្នាំ២០២០នេះ។
Messi ខ្សែបម្រើឆ្នើមសញ្ជាតិអាហ្សង់ទីន មិនបានជួយ Barcelona លើកពាន La Liga ក៏ដូចជា Champions League ឡើយ ហើយក៏មិនបានបង្ហាញភាពលេចធ្លោអ្វីដែររដូវកាលមុន។ ចំណែក Ronaldo បើទោះបានជួយ Juventus ឈ្នះជើងឯក Serie A ជាលើកទីពីរក្តី ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនបានធ្វើព្យុះភ្លៀងក្នុងក្របខណ្ឌកំពូលអឺរ៉ុបគួរឲ្យកត់សម្គាល់ដូចគ្នា។
កត្តាទាំងនេះហើយ ទើបនាំឲ្យអ្នកទាំងពីរដែលធ្លាប់ជាប់៩លើករួចមក ត្រូវបាត់ខ្លួនពីបេក្ខភពកំពូលទាំងបីក្នុងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ឆ្នាំ២០២០ ហើយត្រូវជំនួសវិញដោយកីឡាកររបស់ Bayern Munich ពីររូប រួមមានខ្សែប្រយុទ្ធ Robert Lewandowski និងអ្នកចាំទី Manuel Neuer និង Kevin de Bruyne ខ្សែបម្រើក្រុម Manchester City។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Neuer និងខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Bayern Munich ឈ្នះពាន Champions League និង Bundesliga រដូវកាលមុន។ សម្រាប់ Kevin de Bruyne ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក បើទោះមិនបានជួយក្រុមមេឃខៀវឈ្នះពានធំៗក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញរបៀបលេងយ៉ាងអស្ចារ្យនៅតំបន់បម្រើ ដោយបញ្ជូនបាល់ដ៏មានប្រសិទ្ធភាពទៅឲ្យដៃគូសម្រេចទីជាច្រើនគ្រាប់។
ដោយឡែកម្ចាស់ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់អឺរ៉ុបរដូវកាលមុន Virgil van Dijk ខ្សែការពារឆ្នើម Liverpool មិនមានឈ្មោះនោះទេ សូម្បីតែជម្រើស១០នាក់ចុងក្រោយ។
ចំណាត់ថ្នាក់បេក្ខភាព១០នាក់ចុងក្រោយឆ្នាំ២០២០ Messi បានបញ្ចប់ក្នុងលេខរៀងទី ៤ ស្ទួនជាមួយអតីតមិត្តរួមក្រុម Neymar។ Kylian Mbappe ខ្សែប្រយុទ្ធ PSG ស្ថិតនៅលេខរៀងទី ៦ តាមពីក្រោយកីឡាករ Bayern Munich ៣រូបទាំងដូចជា Thomas Muller លេខ៧, Thiago Alcantara នៅលេខ៨ (ទើបផ្លាស់ទៅ Liverpool), Joshua Kimmich លេខ៩ និង Ronaldo ឈរនៅចំណាត់ថ្នាក់ទី១០។
ចាប់តាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ ២០១១មក ពោលគឺ៩លើករួចហើយ Messi ធ្លាប់ឈ្នះ២ដង Ronaldo ៣ដងលើសគេ ខណៈ Andres Iniesta, Franck Ribery, Luka Modric និង Virgil van Dijk បានម្នាក់ម្តងដូចគ្នា។
សម្រាប់បេក្ខភាពគ្រូបង្វឹកផ្នែកបុរស៣រូបចុងក្រោយសុទ្ធគ្រូសញ្ជាតិអាល្លឺម៉ង់ទាំងអស់ដែលរួមមានលោក Hans-Dieter Flick (Bayern München), Jürgen Klopp (Liverpool) និង Julian NAGELSMANN (RB Leipzig)
ការប្រកាសជ័យលាភី នឹងធ្វើឡើងក្នុងកម្មវិធីចាប់ពូលក្របខណ្ឌ Champoins League រដូវកាល ២០២០-២១ នៅរាត្រីរាត្រីថ្ងៃទី១ ខែតុលា នាក្រុង Geneva
ប្រទេសស្វីស៕