អន្តរជាតិ
ស្រីលង្កា លុបចោលគម្រោងផ្លូវដែកតម្លៃ១,៥ពាន់លានដុល្លាររបស់ជប៉ុន
26, Sep 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រាចាប៉ាក់សា (Gotabaya Rajapaksa) ។ រូបភាព៖ AFP
ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រាចាប៉ាក់សា (Gotabaya Rajapaksa) ។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានចេញបញ្ជាឲ្យលុបចោលគម្រោងផ្លូវដែកធុនស្រាលតម្លៃ ១,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយជប៉ុន។ លោក អះអាងថា គម្រោងនេះ ពុំមែនជាដំណោះស្រាយតម្លៃល្អសម្រាប់ទីក្រុងកូឡុំបូដែលកកស្ទះចរាចរណ៍ខ្លាំងឡើយ។

 
 
កិច្ចព្រមព្រៀងផ្លូវដែក ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្នែកហិរញ្ញវត្ថុដោយបរទេសធំបំផុតមួយក្នុងប្រទេសស្រីលង្កា ហើយត្រូវបានមើលឃើញជាសញ្ញាដែលប្រជាជាតិមួយនេះចង់កាត់បន្ថយការពឹងផ្អែកខ្លាំងតែទៅលើប្រទេសចិន។ 
 
លោកប្រធានាធិបតី ហ្គោតាបាយ៉ា រាចាប៉ាក់សា ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន បានបញ្ជាឲ្យក្រសួងដឹកជញ្ជូនស្រីលង្កាលុបចោលគម្រោងនេះ ហើយបិទការិយាល័យអនុវត្តគម្រោងនេះភ្លាមៗតែម្ដង។ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកប្រធានាធិបតី បញ្ជាក់បែបនេះក្នុងលិខិតផ្ញើទៅកាន់ក្រសួង នៅថ្ងៃទី ២៤ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
ពាក់ព័ន្ធបញ្ហាលុបចោលនេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពុំទាន់មានការឆ្លើយតបវិញឡើយ។ កាលពីខែមីនា ឆ្នាំ២០១៩ ទីភ្នាក់ងារ JICA ប្រចាំប្រទេសស្រីលង្កា បានផ្ដល់កម្ចី ២៨៥លានដុល្លារដើម្បីផ្គត់ផ្គង់ការកសាងផ្លូវដែកធុនស្រាលនេះក្នុងដំណាល់កាលទី១។ បច្ចេកវិទ្យាទំនើបៗរបស់់ជប៉ុន រំពឹងថានឹងយកប្រើប្រាស់ក្នុងប្រព័ន្ធផ្លូវដែកនេះ ដែលមាន១៦ស្ថានីយ៍ និងប្រវែង១៥,៧គីឡូម៉ែត្រ។ 
 
តាមពិតទៅ ផែនការលម្អិតសម្រាប់គម្រោងផ្លូវដែកក្នុងរដ្ឋធានី កូឡុំបូ ដែលមានបញ្ហាកកស្ទះចរាចរណ៍អាក្រក់បំផុតមួយក្នុងតំបន់អាស៊ីខាងត្បូង បានបញ្ចប់រួចរាល់ ហើយការសាងសង់ជំហានដំបូង ក៏បានចាប់ផ្ដើមផងដែរ។ ចំណែក អត្រាការប្រាក់នៃកម្ចីជប៉ុននេះគឺស្មើ ០,១ភាគរយ ហើយអាចសងក្នុងចន្លោះពេល៤០ឆ្នាំ។ 
 
ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ម៉ាហ៊ិនដា រាចាប៉ាក់សា ដែលជាបងប្រុសបង្កើតរបស់ប្រធានាធិបតីបច្ចុប្បន្ន ស្រីលង្កាបានខ្ចីបុលរាប់ពាន់លានដុល្លារពីចិនផ្គត់ផ្គង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន កំពង់ផែ ផ្លូវល្បឿនលឿន និងផ្លូវដែក ជាដើម។ 
 
ក៏ប៉ុន្តែ គម្រោងមួយចំនួនដែលពុំសូវផ្ដល់ផលចំណេញច្រើន បានធ្វើឲ្យប្រទេសមួយនេះប្រឈមការផុងខ្លួនក្នុងអន្ទាក់បំណុល ជាពិសេស ជាមួយចិន ។ ជាក់ស្តែង ដោយសារគ្មានលទ្ធភាពសងបំណុល រដ្ឋាភិបាលស្រីលង្កា បានជួលកំពង់ផែនៅក្រុង Hambantota ទៅឲ្យក្រុមហ៊ុនចិនកាន់កាប់ក្នុងតម្លៃ១,១២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧៕ 
 
 

Tag:
 ស្រីលង្កា
  ជប៉ុន
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com