សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរ​វៀតណាម ចាប់បាន​នាយករង​សាលា និង​គ្រូ លួច​ប្រើ​គ្រឿងញៀន​នៅ​ការិយាល័យ​ធ្វើការ​
25, Sep 2020 , 9:59 pm        
រូបភាព
Duong Xuan Kiem នាយករងសាលា ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនពីបទប្រើ​ប្រាស់គ្រឿងញៀននៅការិយាល័យ​ធ្វើការ
Duong Xuan Kiem នាយករងសាលា ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនពីបទប្រើ​ប្រាស់គ្រឿងញៀននៅការិយាល័យ​ធ្វើការ
ដោយ: ធីតា
​នាយករង​សាលារៀន​ម្នាក់​នៅ​ខេត្ត Bac Kan ភាគ​ខាងជើង​ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​មនុស្ស​៣​នាក់​ផ្សេងទៀត​នៅ​ការិយាល័យ​ធ្វើការ​របស់ខ្លួន ក្នុងនោះ​មាន​គ្រូបង្រៀន​ម្នាក់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Tuoi Tre News​។​

 
Duong Xuan Kiem អាយុ​៥២​ឆ្នាំ មាន​តួនាទី​ជា​នាយករង​សាលា​បឋម និង​មធ្យមសិក្សា An Thang ក្នុងស្រុក Pac Nam ខេត្ត Bac Kan ស្ថិតនៅក្នុង​ការិយាល័យ​របស់ខ្លួន​ជាមួយ​បុរស​បីនាក់​ទៀត ក្នុងនោះ​មានឈ្មោះ Ly Nguyen Bao អាយុ​៤៧​ឆ្នាំ ដែលជា​គ្រូបង្រៀន ឈ្មោះ Mong Van Duy និង Ma Van Dan​។​
 
​អ្នក​ទាំង​បួន ត្រូវបាន​ប៉ូលិស​ខេត្ត Bac Kan ចាប់បាន​កាលពី​កណ្តាល​សប្តាហ៍​កន្លងមក ខណៈ​ពួកគេ​កំពុង​សេព​គ្រឿងញៀន​ណា​កូ​ទិច នា​អំឡុង​ម៉ោង​ប្រមាណ​១០​យប់​។ លទ្ធផល​តេស្ត​បាន​បង្ហាញថា អ្នក​ទាំងនោះ សុទ្ធ​តែមាន​លទ្ធផល​វិជ្ជមាន​លើ​សារធាតុ​ញៀន​។​
 
​នា​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​រកឃើញ​អាភៀន​៧​គ្រាប់ ដប​ដាក់​អាភៀន​ពីរ ដំបង​អគ្គិសនី ទូរ​សព្ទ​ដៃ និង​វត្ថុតាង​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​។​
 
​តាមច្បាប់​វៀតណាម អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រឈម​ការពិន័យ​ចន្លោះ​ពី​៥០​ម៉ឺន ទៅ​១​លាន​ដុង (​ពី​ជាង​២០​ដុល្លារ ទៅ​ជាង​៤០​ដុល្លារ​អាមេរិក​) ខណៈ​ការជួញដូរ​វិញ មាន​រហូតដល់​ទោស​ប្រហារជីវិត​ទៅតាម​ទំហំ​នៃ​ការជួញដូរ​។​
 
​កាលពី​ឆ្នាំ​២០១៩ វៀតណាម មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ថ្មី​រហូតដល់​ទៅ​ជាង​១​ម៉ឺន​នាក់​។ យោងតាម VN Express ភាគច្រើន​ជា​យុវជន​ចន្លោះ​ពី​១២ ទៅ​១៨​ឆ្នាំ ជាពិសេស​នៅ​បណ្តា​ខេត្ត​ភាគខាងត្បូង​៕
 

Tag:
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com