ជាតិ
JICA ផ្តើមអនុវត្តគម្រោង៣នៅខែតុលាដើម្បីចូលរួមជំរុញវិស័យកសិកម្មនៅកម្ពុជា
26, Sep 2020 , 8:59 am        
រូបភាព
លោក វេង សាខុន នាឱកាសជួបអនុប្រធាន JICA នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០
លោក វេង សាខុន នាឱកាសជួបអនុប្រធាន JICA នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០
ដោយ:
អង្គការ JICA នឹងចាប់ផ្តើមគម្រោងចំនួន៣ របស់ខ្លួន នៅក្នុងខែតុលាខាងមុខនេះ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពពូជសុទ្ធ និងរក្សាការពារព្រៃឈើ។ សម្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គម្រោងដែលនឹងអនុវត្តនេះ  នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង និងកែប្រែកម្រិតជីវភាពកសិករឲ្យកាន់តែប្រសើរ។

 
អង្គការ JICA នឹងចាប់ផ្ដើមអនុវត្តគម្រោងចំនួន៣ នៅខែតុលាខាងមុខនេះ ដែលជាគម្រោងពាក់ព័ន្ធនឹងការជំរុញវិស័យកសិកម្មនៅកម្ពុជា។  ការបញ្ជាក់ដូច្នេះ គឺធ្វើឡើងនាជំនួបរវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Miyahara Ai អនុប្រធានអង្គការ JICA ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញានេះ។ 
 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួនថា គម្រោងទាំង៣ នោះ ត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពពូជសុទ្ធ និងរក្សាការពារព្រៃឈើ។ គម្រោងទាំង៣នោះ មានគម្រោង៖ការផលិតពូជស្រូវ ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម។ គម្រោង៖ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត និងគម្រោង និងគម្រោង៖ការការពារ និងអភិរក្សបរិស្ថាន ដែលសហការអនុវត្តជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ 


 លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម នាថ្ងៃទី ២២ កញ្ញា ២០២០
 
សម្រាប់លោករដ្ឋមន្ត្រីគម្រោងទាំង៣នេះ  នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ដែលមានផ្នែកវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវផងដែរ។ 
 
កន្លងមក អង្គការ JICA បានជួយកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម ដូចជាការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយ បច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាព លើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាព មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម៕
 
 

Tag:
 កសិកម្ម
  JICA
 កម្ពុជា
 វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com