កីឡាអន្តរជាតិ
អន្តរជាតិ
Federer ក្លាយជាអត្តពលិករកចំណូលលើសគេ តាមពីក្រោយដោយ Ronaldo, Messi…
26, Sep 2020 , 9:29 am        
រូបភាព
Roger Federer កីឡាករវាយកូនបាល់ ឡើងទៅឈរលើគេក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិកដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតលើលោក ១០៦,៣ លានដុល្លារអាមេរិក (មុនបង់ពន្ធ)  នៅឆ្នាំ២០២០។ Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយទទួលចំណូល ១០៥លានដុល្លារ តាមពីក្រោយដោយ Lionel Messi ១០៤លានដុល្លារ និង Neymar ៩៥,៥លានដុល្លារ។


 
កីឡាករសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះ បានក្លាយជាអ្នកវាយកូនបាល់ដំបូងគេបំផុតដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេលើលោក ចាប់តាំងពីទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បង្ហាញបញ្ជីឈ្មោះក្នុងឆ្នាំ ១៩៩០ មក។
 
ប្រាក់ដែល Federer អ្នកវាយកូនបាល់លំដាប់ថ្នាក់ទី៥ពិភពលោកទទួលបាន រួមមានប្រាក់រង្វាន់ចំនួន ៦,៣ លានដុល្លារ និង ១០០ លានដុល្លារពីការបង្ហាញខ្លួនក្នុងការប្រកួត រួមទាំងថ្លៃឈ្នួលផ្សព្វផ្សាយផ្សេងៗ។ ចំណូលទាំងនេះ បាននាំរូបគេឡើងពីចំណាត់ថ្នាក់លេខ ៥ កាលឆ្នាំ ២០១៩ ទៅលេខ១នៅឆ្នាំនេះ។
 
យ៉ាងណាក៏ដោយ ប្រាក់ចំណូលអត្តពលិកដែលទទួលបានច្រើនជាងគេលើពិភពលោកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។ នេះបើយោងតាមការចាត់ថ្នាក់របស់ Forbes ឆ្នាំ ២០២០ អំឡុងពេលជំងឺរាតត្បាត COVID-19 ចូលមកបំផ្លាញគ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់។
 
ដោយឡែកសម្រាប់កីឡាករបាល់ទាត់វិញ បើទោះជួបវិបត្តិ COVID-19 ក្តី ប៉ុន្តែតម្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករបាល់ទាត់កម្រិតខ្ពស់គឺមិនមានអ្វីប៉ះពាលនោះទេ។ សរុបទៅកីឡាករដែលរកបានចំណូលច្រើនជាងគេពីបាល់ទាត់បញ្ចូលគ្នាមានទំហំទឹកប្រាក់សរុបជិត ៥០០ លានផោន (៦៣៤លានដុល្លារ) គិតត្រឹមឆ្នាំ២០២០នេះ។
 
Cristiano Ronaldo កំពូលតារាឆ្នើមក្រុម Juventus បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ជាមួយចំណូល ១០៥លានដុល្លារ តាមពីក្រោយដោយគូប្រជែង Lionel Messi ខ្សែប្រយុទ្ធ Barcelona (១០៤លានដុល្លារ) ខណៈ Neymar របស់ PSG នៅចំណាត់ថ្នាក់ទី៤ពិភពលោកក្នុងចំណូល ៩៥,៥លានដុល្លារ។ 
 
ចំណាត់ថ្នាក់ទី៥ ៦ និង៧ បានទៅកីឡាករបាល់បោះ LeBron James (៨៨,២លានដុល្លារ), Stephen Curry (៧៤,៤លានដុល្លារ) និង Kevin Durant (៦៣,៩លានដុល្លារ)។ ចំណាត់ថ្នាក់ទី៨កីឡាករវាយកូនគោល Tiger Woods (៦២,៣លានដុល្លារ) ឯ ទី៩ និង១០ កីឡាករបាល់អោបអាមេរិក Kirk Cousins (៦០,៥លានដុល្លារ) និង Carson Wentz (៥៩,១លានដុល្លារ)៕
 
 

Tag:
 Roger Federer
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com