COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក គីម សុំទោស​លោក មូ​ន ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​
25, Sep 2020 , 4:30 pm        
រូបភាព
លោក គីម ជុងអ៊ុនក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខាងត្បូង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុនក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខាងត្បូង។ រូបភាព៖ KCNA
ដោយ:
​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ បា​នស​សេរ​លិខិត​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដោយបាន​សុំទោស​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ លោក គីម អះអាងថា រឿងនេះ​មិនគួរ​កើតឡើង​ឡើយ​។

 
​ក្នុង​លិខិត​ផ្ញើ​ដោយ​រណសិរ្ស​រួបរួម​កូរ៉េខាងជើង​ដែល​ស្ថាប័ន​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ទៅកាន់​ប្រធានាធិបតី​លោក មូ​ន ចេ​អ៊ី​ន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​កើតឡើង ដែល​ធ្វើ​ឲ្យ​សាធារណៈជន​កូរ៉េខាងត្បូង​អន់ចិត្ត ហើយ​ដែលជា​រឿង​ដែល​មិនគួរ​ឲ្យ​កើតឡើង​។​
 
«​ខ្ញុំ សុំទោស​ចំពោះ​រឿង​ដែល​មិន​រំពឹងទុក និង​គួរ​ឲ្យ​សោកស្តាយ​ដែល​កើតឡើង​ក្នុង​ដែនទឹក​របស់​យើង ដែល​នាំ​ឲ្យ​មានការ​ខកចិត្ត​ពី​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ប្រជាជន​កូរ៉េខាងត្បូង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គីម ជុង​អ៊ុន​ក្នុង​លិខិត​ដដែល​។​
 
​យោងតាម​យោធា​កូរ៉េខាងត្បូង មន្ត្រី​កូរ៉េខាងត្បូង​ដែល​ធ្វើការ​នៅ​ក្រសួង​សមុទ្រ និង​នេសាទ បាន​បាត់​ខ្លួន​ពី​ទូក​ល្បាត​មួយ​នៅក្បែរ​កោះ Yeonpyeong នៅក្បែរ​ព្រំដែន​ទឹក​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ នៅមុន​រសៀល​ថ្ងៃទី​២១ ខែកញ្ញា​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap​។​
 
​ក្នុង​លិខិត​របស់ខ្លួន កូរ៉េខាងជើង បាន​អះអាងថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មួយរូប បាន​ឆ្លង​ចូល​ព្រំ​ដែនទឹក​កូរ៉េខាងជើង​ដោយ​គ្មាន​ការអនុញ្ញាត និង​មិនបាន​ឆ្លើយតប​ត្រឹមត្រូវ​នៅពេល​សួរ​ដោយ​ទាហាន​កូរ៉េខាងជើង​។ ក្រោយពេល​បុរស​នោះ​មិន​បង្ហាញ​អត្តសញ្ញាណ ទាហាន​កូរ៉េខាងជើង​បាញ់​បុរស​នោះ​ចំនួន​១០​គ្រាប់​។ 
 
​ទោះជា​យ៉ាងណាក្តី កូរ៉េខាងជើង​បានបញ្ជាក់​ថា ខ្លួន​មិនបាន​ដុត​សាកសព​មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ​ឡើយ ហើយ​ទាហាន​កូរ៉េខាងជើង​គ្រាន់តែ​ចាក់​សាំង​ដុត​សម្ភារ​ដែល​មន្ត្រី​រូបនេះ​យកមក​តាម​ខ្លួន​ប៉ុណ្ណោះ ដើម្បី​បង្ការ​ជំងឺ COVID-19​។ ចំណែក​ទាហាន​កូរ៉េខាងត្បូង​វិញ អះអាងថា ខ្លួន​មិនទាន់​រកឃើញ​សាកសព​របស់​មន្ត្រី​រូបនេះ​ឡើយ​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​កូរ៉េខាងត្បូង​លើកឡើងថា បុរស​រូបនោះ​ទំនងជា​ព្យាយាម​ភៀសខ្លួន​ទៅ​កូរ៉េខាងជើង ដោយ​ពាក់អាវ​ពោង​ទៅជា​មួយ​។ កូរ៉េខាងជើង​បញ្ជាក់ថា ខ្លួន​នៅ​បន្ត​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ភៀសខ្លួន​នេះ​។​
 
​កាលពី​ខែកក្កដា​កន្លងទៅ មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើង បានចេញ​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​បាញ់សម្លាប់​អ្នកណា​ដែល​ឆ្លងដែន សំដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ កូរ៉េខាងជើង​ថែមទាំង​បាន​បិទ​ព្រំដែន​ជាមួយ​ចិន​តាំងតែ​ពី​ខែមករា ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​។ ក្នុង​ខែកក្កដា​ដដែល កូរ៉េខាងជើង​បានដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​កម្រិត​ខ្ពស់បំផុត​៕
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com