អន្តរជាតិ
ប្រធានាធិបតីវៀតណាម ប្ដេជ្ញារក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង និងស្នើឲ្យភាគីផ្សេងធ្វើតាមដែរ ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង ថ្លែងក្នុងវីដេអូថតទុក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ UN News
× ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង នៅថ្ងៃទី២៤ ខែកញ្ញា បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន និងបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ គោរពតាមច្បាប់អន្តរជាតិ និងបញ្ឈប់សកម្មភាពឯកតោភាគី ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញនៅក្នុងតំបន់ដែនទឹកជម្លោះផងដែរ។
ជាភាគីមួយនៃជម្លោះសមុទ្រចិនខាងត្បូង វៀតណាមតែងតែលើកឡើងពីភាពតានតឹង និងការទាមទាររបស់ចិនប្រាប់វេទិកាអន្តរជាតិ។ តាមរយៈវីដេអូថតទុក និងបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យCOVID-19 ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង បានលើកឡើងបញ្ហាជាច្រើនរួមមាន COVID-19 បញ្ហាទាក់ទិនអង្គការសហប្រជាជាតិ ជាពិសេសគឺសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា «សមុទ្រខាងកើត»។
វៀតណាម ប្តេជារក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខសមុទ្រ, សុវត្ថិភាព និងសេរីភាពនៃនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង និងគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ប្រមុខរដ្ឋវៀតណាមបានលើកឡើងបែបនេះ ដោយបន្ថែមយ៉ាងដូច្នេះថា៖ « យើងអំពាវនាវឲ្យភាគីជម្លោះទាំងអស់ អនុវត្តដោយប្រុងប្រយ័ត្ន បញ្ចៀសសកម្មភាពជាឯកតោភាគី ដែលអាចបង្កឲ្យមានបញ្ហាស្មុគ្រស្មាញនៅក្នុងតំបន់ជម្លោះ»។
កន្លងមក ចិនបានធ្វើសកម្មភាពអុងអាត់ជាឯកតោភាគី ក្នុងសមុទ្រចិនខាងត្បូង តាមរយៈសមយុទ្ធយោធា និងនាវាយាមល្បាតរបស់ខ្លួន ដែលបង្កឲ្យវៀតណាមដាក់ការតវ៉ាជាញឹកញាប់។ ក្នុងវីដេអូដដែលនេះ លោកប្រមុខរដ្ឋវៀតណាម ក៏បានអំពាវនាវឲ្យភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមរយៈនីតិផ្សេងៗជាច្រើនទៀតដូចជា ការទូត ឬតាមនីតិវិធីច្បាប់ជាដើម។
នាកិច្ចប្រជុំដដែលនេះ ហ្វីលីពីន លើកពីបញ្ហាសមុទ្រចិនខាងត្បូងដែរ។ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលបានលើកឡើងពីសាលក្រមរបស់ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ (PCA) ឆ្នាំ២០១៦ បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ។
សូមបញ្ជាក់ថា តាមរយៈ «បន្ទាត់ក្រហម៩ឆ្នូត» ចិនបានទាមទារស្ទើរតែ៩០ភាគរយនៃដែនទឹកក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកតាមច្បាប់សមុទ្រអន្តរជាតិ និង ហេតុផលប្រវត្តិសាស្ត្ររបស់ខ្លួន។ ការទាមទាររបស់ចិនបែបនេះ បានធ្វើឲ្យជាន់លើដែនទឹក ដែលទាមទារដោយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com