អន្តរជាតិ
តៃវ៉ាន់​បាញ់​សាកល្បង​មី​ស៊ី​ល បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ហោះ​ឆ្វែល​ច្រើនដង​
25, Sep 2020 , 5:39 pm        
រូបភាព
តៃវ៉ាន់បាញ់សាកល្បងមីស៊ីល នៅខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ CNA
តៃវ៉ាន់បាញ់សាកល្បងមីស៊ីល នៅខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ CNA
​តៃវ៉ាន់ នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន និង​មួយ​គ្រាប់​ទៀត ត្រូវបាន​រំពឹងថា បាញ់​សាកល្បង​នៅក្បែរ​ឆ្នេរ​ភាគខាងត្បូង​នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា​។ ការបាញ់​សាកល្បង​នេះ ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​នាពេល​កន្លងទៅ​។



 
​ស្ថានការណ៍​យោធា​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ មួយរយៈ​ចុងក្រោយ​នេះ ហាក់ដូចជា​អាប់អួរ​ខ្លាំង ព្រោះ​ចិន​បានធ្វើ​សមយុទ្ធ​យោធា និង​យន្តហោះ​ចម្បាំង​នៅក្បែរ​ច្រក​សមុទ្រ​នេះ​។ យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង និង​មាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង​នោះ បាន​ហោះ​ពីលើ​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​ហាក់ដូចជា​បំណង​របស់​ចិន ដើម្បី​គំរាម​តៃវ៉ាន់ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​អាមេរិក ដែល​បាន​ទស្សនកិច្ច​មក​តៃវ៉ាន់​នាពេល​កន្លងមក​។ 
 
​ប៉ុន្មាន​ថ្ងៃក្រោយ​យន្តហោះ​ចម្បាំង​ចិន​ហោះ​ឆ្វែល​ជាច្រើន តៃវ៉ាន់​បាន​បញ្ចេញ​សាច់ដុំ​វិញ​។ តៃវ៉ាន់ នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់ និង​ត្រូវគេ​រំពឹងថា អាច​បាញ់​មួយ​គ្រាប់​ទៀត​នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា នៅ​មូលដ្ឋាន​យោធា Jiupeng  នៅ​ភាគខាងត្បូង​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ គឺ​ផ្នែក​មួយ​នេះ កម្មវិធី​របស់​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan ដើម្បី​តាមដាន​កម្លាំង​របស់​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នេះ​។ 
 
​តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់ មី​ស៊ី​ល​នេះ ហោះ​បាន​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ និង​ធ្លាក់​នៅក្នុង​សមុទ្រ​បា​ស៊ី​ហ្វិ​ក​។ យ៉ាងណាក៏ដោយ តៃវ៉ាន់ មិនបាន​បញ្ជាក់​ពី​ប្រភេទ​មី​ស៊ី​ល​នេះ​ទេ​។ 
 
​តាម​ការផ្សាយ​របស់​កា​សែត South China Morning Post មន្ត្រី​តៃវ៉ាន់​ម្នាក់ បាន​អះអាងថា មី​ស៊ី​ល ដែល​បាន​បាញ់​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ទំនងជា​ប្រភេទ Tien Kung-3 ដែលជា​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ដើម្បី​បង្អាក់​មី​ស៊ី​លស​ប្រដេញ​។ ចំណែក​សារព័ត៌មាន​ក្នុងស្រុក​តៃវ៉ាន់​វិញ​ផ្សាយ​ថា មី​ស៊ី​ល​នេះ អាចជា​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា Hsiung Feng III ឬ Tien Kung-3 ។​
 
​គួររំឭកថា នៅក្នុង​ខែមិថុនា​កន្លងទៅ តៃវ៉ាន់​ក៏បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដែរ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​មី​ស៊ី​ល​ទេ​។ មី​ស៊ី​ល​នោះ គឺ​បាន​បាញ់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​តៃវ៉ាន់​៕ 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com