COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC៖ ទោះ​គ្មាន​វ៉ាក់សាំង COVID-19 អូឡាំពិក​ឆ្នាំ​២០២០ នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយ
25, Sep 2020 , 6:29 pm        
រូបភាព
លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង COVID-19 ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

 
​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំ​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុន លោក Bach បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ ២០២១ នេះ ដំណើរការ​ទៅមុខ​ដោយ​ជោគជ័យ ទោះ​ជំងឺ​រាតត្បាត​សកល​មិនមាន​ភាពមិនច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ក៏ដោយ​។ 
 
«​យើង​ឃើញថា កីឡា​កំពុង​វិលត្រឡប់​មកវិញ​បន្តិច​ម្តងៗ ប៉ុន្តែ​ច្បាស់​ណាស់ ព្រឹត្តិការណ៍​កីឡា​ធំៗ មួយចំនួន​បានរៀបចំ​ដោយ​ជោគជ័យ​នាពេល​ថ្មីៗ​នេះ រួមទាំង​ការប្រកួត​ក្នុង​លី​គជ​ប៉ុន​គ្រប់​កម្មវិធី​ទៀតផង​។ ចំណែក​កម្មវិធី Tour de France និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ក៏បាន​បង្ហាញ​ដល់​យើង និង​ពិភពលោក​ថា​អាច​រៀបចំ​បាន​ប្រកបដោយ​សុវត្ថិភាព​ផងដែរ ទោះបី​គ្មាន​វ៉ាក់សាំង​ក៏ដោយ​»​។ នេះ​ជាការ​អះអាង​របស់​ប្រធាន IOC ក្នុង​វីដេអូ​ឃ្លី​ប​នា​កិច្ចប្រជុំ​នោះ​។​
 
​ស្រប​នឹង​ការលើកឡើង​នេះ ប្រធាន​គ្រប់គ្រង​អូឡាំពិក​ពិភពលោក​សញ្ជាតិ​អាល្លឺម៉ង់ ក៏បាន​បន្ថែមថា បើ​វ៉ាក់សាំង និង​វឌ្ឍនភាព​ក្នុងការ​សាកល្បង​អាច​កើតឡើង​ទាន់ពេល នោះ​នឹង​ជួយ​សម្រួល​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​អស្ចារ្យ​ថែមទៀត​។​
 
​ព្រឹត្តិការណ៍​កីឡា​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ត្រូវ​បង្ខំ​ឲ្យ​ពន្យារពេល​មួយឆ្នាំ ដោយសារ COVID-19 រាតត្បាត​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​រាប់លាន​នាក់​ពាសពេញ​ពិភពលោក​។ តាម​ការគ្រោង​គ្រោងទុក​អូឡាំពិក​ឆ្នាំ​២០២០ នឹង​ចាប់​ផ្តើ​ដំណើរការ​ពីថ្ងៃ​ទី​២៣ ខែកក្កដា​ឆ្នាំ ២០២១ តទៅ​៕

Tag:
 COVID-19
  IOC
  Thomas Bach
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com