COVID-19
ជាតិ
ក្រសួងសុខាភិបាល និងអាជ្ញាធរសៀមរាប​ តាមរកបុរសចំណាស់ហុងគ្រីម្នាក់ដែលសង្ស័យមាន COVID-19
26, Sep 2020 , 7:38 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃទី២៦ ខែកញ្ញា នេះ បាន​ប្រកាសពីករណី​បុរសហុងគ្រីវ័យ​៧០​ឆ្នាំម្នាក់ ដែលបាន​លួចរត់ចេញពីកន្លែងចត្តាឡីស័កនៅខេត្តសៀមរាប។​​ បុរសនោះ មានអាសយដ្ឋាននៅភូមិក្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរពីបារាំង បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា។



លទ្ធតេស្តបឋមគឺអវិជ្ជមាន COVID-19 ប៉ុន្តែឈានដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក ពោលគឺថ្ងៃទី២៥ ខែកញ្ញា ការធ្វើតេស្តឡើងវិញបង្ហាញថា សង្ស័យមានកូវីដ-១៩។ ខណៈរង់ចាំលទ្ធផលវត្ថុសំណាកពី​វិទ្យស្ថាន​ប៉ាស្ទ័ររាជធានីភ្នំពេញ បុរសហុងគ្រីរូបនោះ បាន​រត់គេចខ្លួន។

ក្រសួងសុខាភិបាល និង​អាជ្ញាធរខេត្តសៀមរាប កំពុងតាម​ស្រាវជ្រាវរកបុរសនោះ ហើយ​ប្រសិន​បើលទ្ធផល​នា​ល្ងាច​ថ្ងៃទី២៦ ខែកញ្ញា នេះ បង្ហាញថា វិជ្ជមាន កម្ពុជាប្រឈមហានីភ័យខ្ពស់លើការឆ្លងសហគមន៍។

គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជានៅតែមានអ្នកកើតកូវីដ-១៩ ចំនួន​២៧៥ករណី ក្នុងនោះស្រី ៥៤នាក់ និង​បុរស​២២១នាក់។ នៅសល់តែ១ករណីប៉ុណ្ណោះដែលស្ថិតក្រោម​ការព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ 



© រក្សាសិទ្ធិដោយ thmeythmey.com