COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក ស៊ូហ្កា ប្តេជ្ញារៀបចំអូឡាំពិកឆ្នាំ២០២០ឲ្យបាន ទោះ COVID-19 នៅតែរាតត្បាត
26, Sep 2020 , 9:12 am        
រូបភាព
 ជប៉ុន បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកដែលត្រូវពន្យារទៅឆ្នាំ ២០២១ ឲ្យខាងតែបាន ទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក្តី។ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តា​ម​រ​យៈ​វី​ដេ​អូ​ដូច្នេះ នៅថ្ងៃទី២៥ កញ្ញា។

 នៅក្នុងសុន្ទរកថាជាអន្តរជាតិដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងថ្មីកាលពីសប្តាហ៍មុនលោក ស៊ូហ្កា បាននិយាយថា៖ «នៅរដូវក្តៅឆ្នាំក្រោយ ជប៉ុនបនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកដើម្បីជាភស្តុតាងដែលបង្ហាញថាមនុស្សជាតិបានយកឈ្នះលើជំងឺ COVID-29»។
 
នាយករដ្ឋមន្រ្តីជប៉ុនថ្មីរូបនេះ បន្ថែមនៅក្នុងសារវីដេអូនោះថា លោកនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វាគមន៍អ្នកចូលរួមក្នុងការប្រកួតកីឡាលំដាប់ពិភពលោកនេះ ដោយសុវត្ថិភាព និងកក់ក្តៅ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបង្ខំពន្យារពេលមួយឆ្នាំ ចំពេល COVID-19 រាតត្បាតខ្លាំង រហូតបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ពាសពេញពិភពលោក។ តាមការគ្រោងគ្រោងទុក ជប៉ុននឹងចាប់ផ្តើដំណើរការកីឡានេះពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ តទៅ។
 
ស្របពេលការលើកឡើងរបស់លោកស៊ូហ្កាបែបនេះ អ្នករៀបចំ និងមន្រ្តីអូឡាំពិកក៏បានទទូចឲ្យព្រឹត្តិការណ៍កីឡានេះប្រព្រឹត្តទៅតាមពេលកំណត់ផងដែរ។ លោក John Coates អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថាកីឡានេះត្រូវតែកើតឡើង ហើយលោកបានស្រង់មតិពីអត្តពលិកភាគច្រើនគឺសុទ្ធតែយល់ព្រម។
 
ដោយឡែក លោក Thomas Bach ប្រធាន IOC ឯណោះវិញ នៅថ្ងៃទី២៤ ខែកញ្ញា ពោលគឺនៅមុនការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីមួយថ្ងៃ ក៏បានប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការអនុញ្ញាតឲ្យកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅឲ្យបាននៅឆ្នាំក្រោយផងដែរ បើទោះវ៉ាក់សាំងការពារជំងឺឆ្លង COVID-19 មិនទាន់រកឃើញក៏ដោយ៕
 

Tag:
 COVID-19
  IOC
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com