COVID-19
ជាតិ
ក្រសួងសុខាភិបាល៖ លទ្ធផលបង្ហាញថា បុរសហុងគ្រីមានកូវីដ-១៩
× ក្រសួងសុខាភិបាលនារសៀលថ្ងៃសៅរ៍ នេះ បានអះអាងថា បុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំ មានកូវីដ-១៩។ នេះបើយោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ។ បុរសនោះមានអាសយដ្ឋាននៅភូមិក្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នាព្រឹកថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីបាត់ខ្លួនបុរសហុងគ្រី រូបនេះ ពីកន្លែងចត្តាឡីស័ក ប៉ុន្តែត្រូវរកឃើញវិញ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ហើយក្រុមគ្រូពេទ្យ បានដឹកគាត់ និងភរិយា យកទៅមន្ទីរពេទ្យខេត្ត និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់។
តាមព័ត៌មានដែលក្រសួងទទួលបាន បុរសហុងគ្រីរូបនេះ បានចាកចេញពីភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្ពោះទៅសៀមរាប ដោយបានម៉ៅតាក់ស៊ីជិះមួយតែម្នាក់ឯង និងឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ។
ពេលទៅដល់សៀមរាប គាត់សម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានតែមួយថ្ងៃគត់ គឺថ្ងៃទី១៧ ខែកញ្ញា គាត់បានចេញទៅទិញផ្ទាំងគំនួរដោយជិះកង់បី នៅគ្រឹះស្ថានក្រុងអង្គរ រួចត្រឡប់ទៅផ្ទះវិញ។
រីឯភរិយារបស់គាត់ដោយសារមានម្ហូបអាហារជាច្រើននៅក្នុងផ្ទះ ក៏មិនបានចេញទៅណានោះដែរ តែបានចេញទៅផ្សារម្តងគត់ ហើយបានអះអាងថា មិនបានប៉ះពាល់អ្នកផ្សេងឡើយ។
ស្ថាប័នជំនាញកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលប៉ះផ្ទាល់ និងប្រយោលជាមួយបុរសហុងគ្រីរូបនោះ។
មកពេលនេះ កម្ពុជាមានអ្នកឆ្លង២៧៦នាក់ ក្នុងនោះ ២នាក់ស្ថិតក្នុងការព្យាបាល ដោយក្រៅពីបុរសហុងគ្រី នៅមានបុរសអង់គ្លេសតាំងពីថ្ងៃទី១៣ ខែកញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com