អន្តរជាតិ
អតីតយោធាជាន់ខ្ពស់អាមេរិកជាង២០០នាក់ ប្រកាស គាំទ្រ លោក បៃឌិនធ្វើប្រធានាធិបតី ឧត្តមសេនីយ៍ទ័័ពអាកាស Paul Selva ដែលធ្លាប់កាន់តំណែងជានាយរងនៃសេនាធិការចម្រុះក្រោមអាណត្តិលោកត្រាំ មុនពេលចូលនិវត្តន៍ក្នុងខែសីហា ឆ្នាំ២០១៩ ។ រូបភាព CNN
× មន្ត្រីយោធាជាន់ខ្ពស់អាមេរិកដែលបានចូលនិវត្តន៍ជាង២០០នាក់ បានប្រកាសគាំទ្រលោក ចូ បៃឌិន សម្រាប់តំណែងប្រធានាធិបតី ក្នុងលិខិតមួយ ដែលចុះផ្សាយនៅថ្ងៃទី ២៤ ខែកញ្ញា ។ ពួកគេ និយាយថា លោក បៃឌិន មានបុគ្គលក្ខណៈនិងការវិនិច្ឆ័យគ្រប់គ្រាន់ដើម្បីកាន់តួនាទីជាអគ្គមេបញ្ជាការជំនួសប្រធានាធិបតី ដូណាល់ ត្រាំ។
មន្ត្រីយោធាខ្លះ ដែលបានចុះហត្ថលេខាក្នុងលិខិតគាំទ្រ លោក បៃឌិន បេក្ខជនមកពីបក្សប្រជាធិបតេយ្យ បានចូលនិវត្តន៍ត្រឹមក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ។ ឧត្តមសេនីយ៍ទ័ពអាកាស Paul Selva ដែលធ្លាប់កាន់តំណែងជានាយរងនៃសេនាធិការចម្រុះក្រោមអាណត្តិលោក ដូណាល់ ត្រាំ មុនពេលចូលនិវត្តន៍ក្នុងខែសីហា ឆ្នាំ២០១៩ ក៏មានឈ្មោះក្នុងបញ្ជីដែរ។
ក្នុងចំណោមនោះ ក៏មានមន្ត្រីយោធាផ្កាយ៤ដែលចូលនិវត្តន៍២២នាក់ផងដែរ។ ក្រៅពីអតីតមន្ត្រីយោធាគ្រាក់ៗទាំងនេះ ក៏មានអតីតមន្ត្រីការទូតនិងមន្ត្រីសន្តិសុខជាតិជិត៣០០នាក់ផ្សេងទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក NBC លោក William Webster ដែលជាអតីតប្រធានទីភ្នាក់ងារចារកម្មអាមេរិក CIA និង FBI ក៏ស្ថិតក្នុងចំណោមបញ្ជីឈ្មោះអ្នកចុះហត្ថលេខាផងដែរ។
លិខិតនេះសរសេរថា ប្រធានាធិបតីបច្ចុប្បន្ន ដូណាល់ ត្រាំ បានបង្ហាញពីភាពអសមត្ថភាពលោកក្នុងការកាន់តំណែងកំពូលនេះ ហើយលោកមិនទាំងអាចដោះស្រាយបញ្ហាធំឬតូចអ្វីបានផងដែរ។ លិខិតដដែលបន្ត ដោយសារភាពបរាជ័យរបស់លោកត្រាំ សម្ព័ន្ធមិត្តអាមេរិក លែងទុកចិត្ត ឬគោរពអាមេរិកតទៅទៀត ខណៈសត្រូវអាមេរិក ក៏លែងខ្លាចអាមេរិកទៀតដែរ។
យ៉ាងណាមិញ លិខិតនេះ បានសរសេរលើកសរសើរលោក ចូ បៃឌិន ដោយជឿជាក់ថា លោកសាកសមនឹងទទួលតំណែងជាប្រធានាធិបតីក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែវិច្ឆិកា។
សូមបញ្ជាក់ថា កាលពីខែសីហា កន្លងទៅ អតីតមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិជាង៧០នាក់ ក៏បានចេញលិខិតដូចគ្នានេះប្រកាសគាំទ្រពួកគេចំពោះលោក បៃឌិន ផងដែរ ដោយអះអាងថា លោក ត្រាំបានបំផ្លាញតួនាទីរបស់អាមេរិកក្នុងពិភពលោក៕
Tag:
សហរដ្ឋអាមេរិក
ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com