អន្តរជាតិ
ជប៉ុន និងឥណ្ឌា ឯកភាពបង្កើនភាពជាដៃគូសកល និងយុទ្ធសាស្រ្តពិសេសទៅកម្រិតថ្មី
26, Sep 2020 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្កា (ខាងឆ្វេង) និងសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ Kyodo News
នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្កា (ខាងឆ្វេង) និងសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ Kyodo News
នាយករដ្ឋមន្រ្តីជប៉ុន បានសម្រេចបង្កើនដៃគូសកល និងយុទ្ធសាស្រ្តពិសេសជាមួយឥណ្ឌាទៅកម្រិតថ្មីមួយទៀត ស្របពេលចិន កំពុងគំរាមកំហែងនៅក្នុងតំបន់។



បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី លោក យូស៊ីហ៊ីដេ ស៊ូហ្កា ត្រូវណែនាំខ្លួនដល់មេដឹកនាំក្បែរខាងរបស់ខ្លួន។ កន្លងមកប្រមុខដឹកនាំជប៉ុនរូបនេះ បានជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស កូរ៉េខាងត្បូង និងមេដឹកនាំប្រទេសផ្សេងទៀត។ បន្ថែមពីនេះ នៅថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្រ្តីរូបនេះ បានជជែកជាមួយមេដឹកនាំឥណ្ឌា និងចិន ជុំវិញបញ្ហាក្នុងតំបន់ និងការបង្កើនទំនាក់ទំនងទ្វេភាគី។ 
 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា និងសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានឯកភាពគ្នា «ដំឡើងភាពជាដៃគូសកល និងយុទ្ធសាស្រ្តពិសេសទៅកម្រិតថ្មីមួយទៀត»។ ក្រសួងការបរទេសជប៉ុន បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ភាគីទាំងពីរក៏សង្សឹមថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច និងចូលរួមបន្ថែមទៀត ក្នុងយុទ្ធសាស្រ្ត «សេរី និងបើកចំហឥណ្ឌូ-បាស៊ីហ្វិក»។
 
កន្លងទៅ ជប៉ុន បានខិតទៅជិតឥណ្ឌាខ្លាំង ស្របពេលចិនបានធ្វើសកម្មភាពយ៉ាងអុងអាត់នៅក្នុងតំបន់ ជាពិសេសសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ  ជប៉ុន និងឥណ្ឌា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាដឹកជញ្ជូន និងលទ្ធកម្ម។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យយោធាជប៉ុន និងយោធាឥណ្ឌា មានកាតព្វកិច្ចដឹកជញ្ជូន និងចែករំលែកសម្ភារផ្គត់ផ្គង់មួយចំនួនដូចជាអាហារ ប្រេង ឲ្យគ្នាទៅវិញទៅមក។ 
 
ក្នុងថ្ងៃដដែល លោកស៊ូហ្កា ក៏មានកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីងផងដែរ។ បើតាមលោកស៊ូហ្កា ចិន និងជប៉ុន បានឯកភាពធ្វើការយ៉ាងជិតស្និត នៅក្នុងកម្រិតដ៏ខ្ពស់មួយ។ ជាមួយគ្នាដែរ ក្នុងកិច្ចសន្ទនារយៈពេល ៣០នាទីនេះ ប្រមុខរដ្ឋាភិបាលជប៉ុន បានលើកឡើងពីបញ្ហាបារម្ភមួយចំនួន ប្រាប់លោកស៊ីផងដែរ ដូចជាបញ្ហាសមុទ្រចិនខាងកើត ហុងកុង និងបញ្ហាផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់លោក ស៊ូហ្កា ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទ។ 
 
បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលជប៉ុន និងប្រមុខរដ្ឋចិន ក៏បានឯកភាពលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយCOVID-19 ការបើកជើងហោះហើរឡើងវិញ និងការគាំទ្រជប៉ុនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិកជាដើម។ 
 
សូមបញ្ជាក់ថា ប្រធានាធិបតី ស៊ី ជិនភីង គ្រោងធ្វើទស្សនកិច្ចទៅជប៉ុននៅក្នុងឆ្នាំ២០២០ នេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ប៉ុន្តែដោយសារការរាតត្បិតនៃCOVID-19 ទស្សនកិច្ចនេះត្រូវលើកពេលវិញ។ យ៉ាងណាក៏ដោយ ក្នុងកិច្ចសន្ទនាជាមួយលោកស៊ី និងលោកស៊ូហ្កា ភាគីទាំងពីរ មិនបានលើកឡើងពីគម្រោងទស្សនកិច្ចរបស់ប្រមុខរដ្ឋចិន ទៅជប៉ុនឡើយ៕ 
 

Tag:
 ជប៉ុន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com