COVID-19
ជាតិ
រដ្ឋាភិបាល សម្រេចផ្អាកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ពិធីបុណ្យសមុទ្រ នៅខេត្តកំពត កាលពីឆ្នាំ២០១៩
× ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធពិធីបុណ្យសមុទ្រ ដែលគ្រោងនឹងរៀបចំនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ នាខែធ្នូខាងមុខនេះ ដើម្បីបង្ការការរាតត្បាតជំងឺកូវីដ-១៩ និងធានាដល់សុវត្ថិភាពពលរដ្ឋ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ការសម្រេចផ្អាកពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ គឺយល់ឃើញថាជំងឺកូវីដ-១៩ នៅតាមប្រទេសមួយចំនួន មិនទាន់មានការធូរស្រាលជំងឺកូវីដ-១៩នៅឡើយ។
ទិដ្ឋភាពពលរដ្ឋនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំ២០១៩
លោក តុប សុភ័ក បានរៀបរាប់ដូច្នេះថា៖«បញ្ហាកូវីដ-១៩គឺមិនចង់ឲ្យមានការប្រមូលផ្តុំគ្នាច្រើន ដូចនឹងការផ្អាកពិធីបុណ្យអុំទូកដែរ។ ទោះបីប្រទេសយើងមិនទាន់មានការរាតត្បាតឆ្លងក្នុងសហគមន៍ក្តី។ ប៉ុន្តែរាជរដ្ឋាភិបាលមានការប្រុងប្រយ័ត្ន និងគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ»។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងលើកទៅឆ្នាំក្រោយ ដោយនឹងប្រារព្ធនៅខេត្តព្រះសីហនុដដែល។ លោកបានរៀបរាប់ដូច្នេះថា៖«បុណ្យសមុទ្រគឺយើងធ្វើវិលជុំ៤ខេត្ត ដោយឆ្នាំហ្នឹងគឺត្រូវដល់វេនខេត្តព្រះសីហនុ។ ប៉ុន្តែដោយសារវាត្រូវនឹងបញ្ហាកូវីដ-១៩។ អ៊ីចឹងអាចនឹងឆ្នាំក្រោយគឺយើងនឹងធ្វើនៅខេត្តព្រះសីហនុដដែល»។
ចំណែកពិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ក៏ត្រូវលើកទៅឆ្នាំក្រោយផងដែរ។
សូមរម្លឹកថា ពិធីបុណ្យសមុទ្រឆ្នាំ២០១៩ នៅខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបប្រមាណ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ពាន់នាក់៕
Tag:
ទេសចរណ៍
ជំងឺកូវីដ-១៩
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com