ជាតិ
នៅស្រុកបន្ទាយស្រី អ្នកចោលសំរាម និងដុតសំរាមដែលប៉ះពាល់ដល់បរិស្ថានអាចត្រូវពិន័យ
26, Sep 2020 , 10:59 pm        
រូបភាព
ដោយ:
រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅទីសាធារណៈ និងហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព ក៏ដូចជាគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។

 
ក្រោយរៀបចំអស់រយៈពេលជាច្រើនខែ ទីបំផុតរដ្ឋបាលស្រុកបន្ទាយស្រីបានដាក់ដំណើរការឡដុតសំរាមរួមមួយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ភូមិក្នុងស្រុកបន្ទាយស្រី អាចយកសម្រាមមកដុតដោយឥតគិតថ្លៃ។ គោលដៅធំក្នុងការរៀបចំឱ្យមានឡដុតសំរាមនេះឡើង គឺដើម្បីកាត់បន្ថយការចោលសម្រាមយ៉ាងអនាធិបតេយ្យនៅតាមភូមិស្រុក។ 


 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បាននិយាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ក្រោយពេលដែលយន្តការថ្មីនេះដំណើរទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យ ចំពោះជនណា ដែលបន្តចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ និងហាមឃាត់មិនឱ្យមានការដុតសម្រាមនៅតាមផ្ទះរៀងៗខ្លួន ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន»។
 
លោកអភិបាលស្រុករូបនេះ បានបន្តទៀតថា ចំពោះគម្រោងដែលបានបង្កើតឡើងនេះ ប្រជាពលរដ្ឋមិនចាំបាត់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ឬដឹកយកទៅចាក់ចោលតាមដីទំនេរពាសវាលពាសកាលទៀតនោះទេ។ ពោល ប្រជាពលរដ្ឋគ្រាន់តែរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នោះក្រុមការងារឃុំ និងស្រុកនឹងប្រមូលយកទៅដុតនៅឡរួមនេះជាប្រចាំ។ 
 
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅ រដ្ឋបាលស្រុកបន្ទាយស្រី ក៏ធ្លាប់បង្កើតឱ្យមានចលនាភូមិស្អាតម្ដងរួចមកហើយ  ដោយតម្រូវឱ្យគ្រប់ភូមិនៃស្រុកបន្ទាយស្រី សម្អាតនិងប្រមូលសំរាមនៅក្នុងភូមិរបស់ខ្លួនរៀងរាល់មួយខែម្ដង។ ការធ្វើបែបនេះ ជាផ្នែកមួយនៃការលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តកាន់តែច្រើន៕
 

Tag:
 សំរាម
  បន្ទាយស្រី
  ឃឹម ហ្វីណង់
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com