ជាតិ
លោក ញ៉ឹក សុខហេង ធ្វើឧបករណ៍រនាត ដើម្បីជួយតន្ត្រីករដែលខ្វះលទ្ធភាព និងឧទ្ទិសដល់ព្រលឹងជាតិ
27, Sep 2020 , 9:29 am        
រូបភាព
ភ្នំពេញ៖ មានមុខរបរគោលជាអាចារ្យពេលា ឬហៅម្យ៉ាងទៀតថាជាអាចារ្យមង្គល លោក ញ៉ឹក សុខហេង ឆ្លៀតពេលទំនេររបស់ខ្លួន ធ្វើឧបករណ៍ភ្លេងរនាត ដើម្បីជួយដល់តន្ត្រីករភ្លេងបុរាណខ្មែរ ដែលមិនសូវមានលទ្ធភាព។ យកប្រាក់ត្រឹមតែថ្លៃវត្ថុធាតុដើម និងថ្លៃទឹកភ្លើង ដែលចំណាយលើការធ្វើឧបករណ៍ភ្លេងនេះ លោក សុខហេង ថាអ្វីដែលលោកធ្វើ គឺក្នុងបំណងផ្សព្វផ្សាយពីមរតកវប្បធម៌ជាតិ។



តទៅនេះសូមអញ្ជើញអស់លោក លោកស្រី ស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖



 
អង្គុយក្នុងរោងជាងប្រក់ស័ង្កសី ដែលនៅខាងក្រោយផ្ទះរបស់ខ្លួន លោក ញ៉ឹក សុខហេង កំពុងតែដាប់ពុម្ពក្បាច់ពីសន្លឹកប្លាស្ទឹក ដែលមានកម្រាស់ពណ៌ក្រហម ដើម្បីយកទៅបិទលើឆ្អឹងសត្វគោ សម្រាប់បញ្ចុះលើឧបករណ៍រនាត នៅក្រោមពន្លឺភ្លើងអគ្គិសនីពណ៌ស ដាក់នៅចំពោះមុខផង និងព្យួរជាប់ធ្នឹមរោងជាងផង នាម៉ោងជិត៧យប់។
 
ស្ថិតក្នុងភូមិកំណើត នាភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ញ៉ឹក សុខហេង ដែលពាក់អាវយឺតកបត់ដៃខ្លីពណ៌ផ្ទៃមេឃ អះអាងថា ការធ្វើឧបករណ៍ភ្លេងបុរាណនេះ លោកមិនធ្វើដើម្បីលក់ឡើយ។ អង្គុយលើកៅអីឈើនៅក្នុងរោងជាង ដែលមានសម្ភារធ្វើឧបករណ៍ភ្លេងបុរាណដូចជាពន្លាកច្រើនប្រភេទ ម៉ាស៊ីនម៉ូទ័រជាដើម នៅពាសពេញរោង បុរសអាយុ៣៧ឆ្នាំរូបនេះបញ្ជាក់បន្ថែម៖«មិនមែនធ្វើសម្រាប់លក់ជាអាជីពអ្វីទេ ខ្ញុំធ្វើនេះគឺធ្វើដើម្បីតម្កល់ទុកសម្រាប់ជាស្នាដៃអនុស្សាវរីយ៍ ដែលខ្ញុំបានចូលទៅក្នុងវិស័យហ្នឹង ខ្ញុំនៅកៀកនឹងវប្បធម៌ហ្នឹងហើយ ដល់អ៊ីចឹងខ្ញុំមានអារម្មណ៍ថាចង់ធ្វើអ្វីមួយ ដើម្បីបន្សល់ទុក»។ 

  លោក ញ៉ឹក សុខហេង កំពុង​អង្គុយដាប់​ពុម្ព ពីសន្លឹក​ប្លាស្ទឹក

ដៃឆ្វេងគងពីលើដៃស្ដាំដែលកាន់ទូរសព្ទ បុរសសម្បុរស្រអែមរាងស្គមរូបនេះ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវ ឯកសារពាក់ព័ន្ធមួយចំនួន រួមទាំងមើលគំរូឧបករណ៍ចាស់ៗ និងបានសួរយោបល់ពីគ្រូមួយចំនួនផងពីរបៀបធ្វើ តាំងពីឆ្នាំ២០១១មកម៉្លេះ។ រហូតមកដល់ឆ្នាំ២០១៨ ទើបលោកអាចធ្វើឧបករណ៍រនាត បានលទ្ធផលល្អ ហើយតាំងពីពេលនោះមក លោកពុំបានលក់ឧបករណ៍នេះពេញថ្លៃឡើយ។ លោក សុខហេង ពន្យល់ដូច្នេះ៖«ខ្ញុំមិនទាន់បានលក់ទេ នេះនិយាយអំពីមនោសញ្ចេតនាក្នុងសង្គមសិល្បៈណា។ ពេលដែលខ្ញុំធ្វើបាន ហើយតើគាត់មានលទ្ធភាពប៉ុន្មាន?ឧទាហរណ៍ថាបើតម្លៃទីផ្សារ ក្នុងរនាត១គេលក់២០០ទៅ៣០០ដុល្លារ ក៏ប៉ុន្តែចំណែកខ្ញុំដែលធ្វើរាល់ថ្ងៃនេះ បើគាត់មានលទ្ធភាព គឺឱ្យគាត់គិតគូរតែពីរឿងទឹកភ្លើង ហើយនឹងតម្លៃឈើ និងសម្ភារដែលយើងត្រូវប្រើហ្នឹង ហើយគាត់ក៏យកទៅប្រើទៅ»។
 
បុរសកូន៤នាក់រូបនេះ បញ្ជាក់ពីចំនួនទឹកប្រាក់ដែលតន្ត្រីករ អាចនឹងផ្ដល់ដល់លោកសម្រាប់ទូទាត់លើថ្លៃវត្ថុធាតុដើមថា។ លោក សុខហេង បាននិយាយដូច្នេះថា៖«បើបូករួមផ្សំទាំងអស់ប្រហែលជា១០០ដុល្លារជាងអីហ្នឹង។ ព្រោះឈើឥឡូវថ្លៃ បើគាត់ចង់បានឈើធ្នង់វាថ្លៃបន្តិចទៅ ហើយបើឈើគ្រញូងយើងរកលែងបានហើយ»។
 
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតន្ត្រីករណាដែលខ្វះលទ្ធភាព ឬក៏ទាល់ក្រខ្លាំង លោកក៏សម្រួលបន្ថែមទៀតដែរ។«បើសិនជាគាត់មិនមានលទ្ធភាពសោះតែម្ដង ខ្ញុំក៏ធ្លាប់ឱ្យគាត់ដែរ ព្រោះថាយើងនៅក្នុងសង្គមហ្នឹងហើយ យើងមិនចង់ឃើញអ្នកមានអ្នកក្រអ្វីទេ។ បើថាគាត់ស្រឡាញ់ស្មោះស្ម័គ្រនឹងវិស័យហ្នឹងហើយ ឱ្យគាត់មានលទ្ធភាពដូចយើងអ៊ីចឹងដែរទៅ។ ប៉ុន្តែវានៅមានលទ្ធភាពដែរ តែមិនអាចស្មើគ្នាទេ វាអាចមានតម្លៃណាមួយដែលអាចសមស្របនឹងតម្រូវការរបស់គាត់»។នេះជាការបញ្ជាក់របស់បុរសវ័យ៣៧ឆ្នាំ។

 ភ្ញៀវ​ដែល​ទៅ​លេង​ផ្ទះ​របស់​លោក​ ញ៉ឹក សុខហេង កំពុង​អង្គុយដាប់​ពុម្ព

ភ្នែកមើលទៅភ្ញៀវដែលកំពុងអង្គុយដាប់សន្លឹកពុម្ពដែលព្រីនជាប្លាស្ទិក នៅចំពោះមុខ លោក សុខហេង បានសង្កត់ធ្ងន់ថា ការធ្វើឧបករណ៍ភ្លេងបុរាណនេះ គឺដើម្បីឧទ្ទិសដល់ព្រលឹងជាតិ ឱ្យនៅគង់វង្សយូរអង្វែង។បុរសសម្បុរស្រអែមរូបនេះ បាននិយាយដូច្នេះ៖«ខុសពីមុន គឺខ្ញុំធ្វើទុកដើម្បីបម្រើដល់វិស័យវប្បធម៌របស់យើងតែម្ដង ផ្នែកខាងតូរ្យតន្ត្រីហ្នឹងណា ទុកតម្កល់ឱ្យមានប្រយោជន៍ដល់ព្រលឹងជាតិយើង។ អារម្មណ៍របស់ខ្ញុំមុននឹងឈានមកក្នុងវិស័យនេះ ខ្ញុំបានគិតគូរពីព្រលឹងជាតិយើង ព្រោះវប្បធម៌គឺជាព្រលឹងជាតិ»។ 
 
ធ្វើរនាត២ប្រភេទ គឺរនាតលាត និងរនាតបញ្ចុះក្បាច់ដែលធ្វើពីឆ្អឹង បុរសដែលមានកូនស្រី២និងប្រុស២នាក់រូបនេះ ដំបូងឡើយបានចូលរៀនឧបករណ៍ភ្លេងនៅវត្តវាលស្បូវ ដោយចាប់យកឧបករណ៍គងធំ ហើយបន្ទាប់មកក៏បានចូលរៀននៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយចាប់យកឧបករណ៍ទ្រសោ។ 
 
ឆ្លៀតពេលទំនេរពីមុខរបរគោលដែលជាអាចារ្យពេលា លោក សុខហេង បានចាប់យកការធ្វើឧបករណ៍រនាតដើម្បីច្នៃពេលវេលាដែលនៅសល់ឱ្យមានប្រយោជន៍សម្រាប់សង្គម។«មានពេលទំនេរសមស្របណាមួយគឺខ្ញុំធ្វើ។ ខ្ញុំមិនចូលចិត្តថា ទុកពេលវេលាឱ្យដើរចោលជីវិតរបស់ខ្ញុំទេ ខ្ញុំចេះតែច្នៃដើម្បីឱ្យមានប្រយោជន៍សម្រាប់សង្គមជាតិ។ ឱ្យតែទាក់ទងទៅនឹងព្រលឹងជាតិ ខ្ញុំតែងតែស្រឡាញ់ ហើយការស្រឡាញ់ ទាល់តែមានការលះបង់។ ស្រឡាញ់អ្វីក៏ដោយ គឺមានការលះបង់ជានិច្ច អ៊ីចឹងបានជាជំរុញឱ្យខ្ញុំ ធ្វើអ្វីនៅក្នុងវិស័យហ្នឹង ខ្ញុំមិនដែលទាមទារនូវសំណងណាមួយតបស្នងមកវិញ»។ នេះបើតាមបុរសរាងស្គម ដែលមានបំណងថែរក្សាមរតកដូនតា។

 ឆ្អឹងសត្វ​គោ​ត្រូវ​យក​ទៅ​ច្នៃជា​ក្បាច់ចញ្ចុះ​លើតួរនាត ដែល​សំដិល​ទុក​ក្នុង​រោង​ជាង​ឱ្យ​អស់​ក្លិន 

ចេះលេងឧបករណ៍ ទ្រសោ គងធំ រនាតធុង គងតូច និងស្គរសម្ភោរផង តន្ត្រីកររូបនេះ អះអាងថាទាំងបច្ចុប្បន្ន និងទៅអនាគត លោកមិនមានបំណងយកជំនាញធ្វើរនាតទៅធ្វើជំនួញឡើយ ដោយលោកនៅតែរក្សាបំណងជួយលើកស្ទួយព្រលឹងជាតិ។ លោក សុខហេង បានបន្ថែមដូច្នេះ៖«បើនិយាយឱ្យចំទៅខ្ញុំមិនដែលនឹកឃើញពីរឿងជំនួញទេ ទោះបីជាខ្ញុំទើបតែចាប់ផ្ដើម ឬក៏ជាចក្ខុវិស័យដែលខ្ញុំបានព្យាយាមស្រាវជ្រាវ។ ហើយទោះបីមានលទ្ធផលមកដល់បច្ចុប្បន្នដែលនៅមានកម្រិតនៅឡើយនេះ តែតទៅខាងមុខក៏ខ្ញុំមិនមានអារម្មណ៍ណាមួយពីរឿងមុខជំនួញដែរ។ គឺខ្ញុំគិតតែរឿងព្រលឹងជាតិរបស់ខ្ញុំ ដែលមិនអាចកាត់ថ្លៃបាន»។
 
បន្លឺសំឡេងស្របពេលសំឡេងដាប់សន្លឹកពុម្ពលាន់ឮឡើង អាចារ្យមង្គលរូបនេះ ចង់ឱ្យក្មេងជំនាន់ក្រោយ សិក្សាពីវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិខ្មែរឱ្យបានច្បាស់។ បុរសមានកូន៤នាក់ ក្នុងបន្ទុករូបនេះ បានបញ្ជាក់ថា៖«បើគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំចង់ឱ្យកូនខ្មែរសិក្សាឱ្យបានច្បាស់លាស់ អំពីអ្វីទៅដែលជាព្រលឹងរបស់ខ្មែរយើង អ្វីទៅដែលជាមរតកវប្បធម៌ជាតិរបស់ខ្មែរយើងសុទ្ធសាធ? នោះទើបថ្ងៃក្រោយទៅ យើងដឹងខ្លួនយើងហើយ ថាតើយើងគួរតែចាប់យកវិធីណាមួយ ដើម្បីជួយដល់ជាតិរបស់យើងបាន? ថ្នាក់ដឹកនាំផ្នែកវប្បធម៌និងសាសនា គាត់ឱ្យទស្សនៈមួយថា បុរាណមិនយឺត សម័យមិនបរទេស មានអត្ថន័យជ្រាលជ្រៅណាស់»។ 

  សម្ភារសម្រាប់​ធ្វើ​ឧបករណ៍​រនាត ដែល​មាន​ពន្លាក​ជា​ដើម​
លោក ញ៉ឹក សុខហេង បញ្ជាក់បន្ថែមពីគុណប្រយោជន៍របស់វប្បធម៌ជាតិ ទៅតាមការយល់ឃើញរបស់ខ្លួនដូច្នេះ។«ជាតិសាសន៍ដទៃគេស្គាល់ជាតិសាសន៍ឯណានីមួយៗនោះ អាស្រ័យទៅលើវប្បធម៌ អ៊ីចឹងបើកាលណាវប្បធម៌របស់យើងបានរុងរឿងហើយ ជាតិសាសន៍របស់យើងក៏ថ្កុំថ្កើងទៅតាមហ្នឹងដែរ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្មេងៗជំនាន់ក្រោយ កុំឱ្យគាត់បោះបង់ចោលដោយងាយៗពេក ចំពោះព្រលឹងជាតិរបស់យើង ព្រោះដូនតាខ្មែរយើង គាត់មានផ្នត់គំនិតជ្រៅ ហើយនឹងមានទស្សនៈខ្ពស់ណាស់ ទើបគាត់បង្កើតនូវរបត់នៃវប្បធម៌ហ្នឹងទូលំទូលាយ»។ នេះបើតាមបុរសវ័យជិត៤០ឆ្នាំ៕
 
 

Tag:
 ភ្លេង
 តន្ត្រី
 ឧបករណ៍
 រនាត
 សិល្បៈ
 វប្បធម៌
 មរតក
 តន្ត្រីករ
© រក្សាសិទ្ធិដោយ thmeythmey.com