ជាតិ
វី ឌីណែត ក្លាយជាម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី២
26, Sep 2020 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
កញ្ញា វី ឌីណែត ដែលមានលោក ភួង សុភារ៉ា ជាគ្រូភ្លេង បាន​ក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស ជាមួយទឹកប្រាក់៤០លានរៀល។ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមជាអធិបតីក្នុងកម្មវិធីនេះ។ នេះជាការព្យាយាមលើកទីពីរ​របស់ វី ឌីណែត កូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួ ឡាវី ក្នុងកម្មវិធី I Am A Singer Cambodia។



នៅវគ្គទី១ បេក្ខជនត្រូវបានតម្រូវឲ្យច្រៀងបទមនោសញ្ចេតនាកម្សត់ ហើយឈានដល់វគ្គទី២ ពួកគេត្រូវចាប់ដៃគូច្រៀងជាមួយតារាចម្រៀងអាជីពផ្សេងទៀត។

ដំបូងគេ ឈីន រតនៈ ច្រៀងជាមួយតារាចម្រៀងជើងចាស់ ឆន សុវណ្ណារាជ ដោយបកស្រាយបទ «នឹក A ស្រឡាញ់ B»។ វី ឌីណែត ចាប់ដៃគូជាមួយលោក នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទីមួយ ក្រោមបទ «មហាឈឺ»។

សំ សុវណ្ណារ៉ាក់ ច្រៀងជាមួយ ដួង វីរៈសិទ្ធ ម្ចាស់បទ «ចិញ្ចៀនផ្កាស្មៅ» ដែលជាម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី១។ ប៉ាច គីមមួយ មានលោក ណុប បាយ៉ារិទ្ធ តារាចម្រៀងជើងចាស់ជាដៃគូ ជាមួយនឹងបទ «ត្រូវការកម្លាំងចិត្ត»។

គង់ ចំរើន ច្រៀងបទ «បើខ្ញុំយំតើអ្នកណាជូតទឹកភ្នែក» ជាមួយកញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទីពីរ។ ឃុន វត្ថា ច្រៀងជាមួយ តារាចម្រៀង ខាន់ ជេមស៍ ក្រោមបទ «បើមិនស្រឡាញ់ អាណិតធ្វើអ្វី?»។ តាក់ម៉ា ច្រៀងជាមួយតារាចម្រៀង សុគន្ធ នីសា នូវបទ «ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក?»។

សូមបញ្ជាក់ថា ឈីន រតនៈ, វី ឌីណែត, តាក់ម៉ា និងប៉ាច គីមមួយ ចូលវគ្គផ្តាច់ព្រ័ត្រក្រោយជាប់វគ្គជម្រុះជាបន្តបន្ទាប់ ខណៈ ឃុន វត្ថា, សំ សុវណ្ណារ៉ាក់ និងគង់ ចំរើន ចូលវគ្គផ្តាច់ព្រ័ត្រក្រោយវគ្គជម្រុះពិសេសក្នុងចំណោមអ្នកដែលបានធ្លាក់ក្នុងសប្តាហ៍នីមួយៗ។

តារាចម្រៀងដែលមិនបានចូលដល់វគ្គផ្តាច់ព្រ័ត្រ រួមមាន វង្ស តារារតនា, BMO, ចាន់ កូម៉ែន និងកែវ ចាន់ ដាលីន។

កាលពីរដូវកាលទី១ នាឆ្នាំ២០១៦ តារាចម្រៀង ដួង វីរៈសិទ្ធ បានក្លាយជាម្ចាស់ពាន ក្រោយច្រៀងបទ «សកវាទិ៍» និង «ស្នេហ៍ស្រីង៉ក់ងរ»។ វី ឌីណែត ក៏ស្ថិតក្នុងចំណោមបេក្ខជន៧នាក់ចុងក្រោយនាពេលនោះដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com