COVID-19
ជាតិ
អ្នកប៉ះពាល់ជាមួយបុរសហុងគ្រីដែលកើតកូវីដ-១៩ ត្រូវបានស្រាវជ្រាវឃើញជាបន្តបន្ទាប់
27, Sep 2020 , 12:16 pm        
រូបភាព
បុរសហុងគ្រី និងភរិយាត្រូវបាន​ដឹកទៅមន្ទីរពេទ្យ​ដើម្បីព្យាបាល និងបន្តចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្តសៀមរាប
បុរសហុងគ្រី និងភរិយាត្រូវបាន​ដឹកទៅមន្ទីរពេទ្យ​ដើម្បីព្យាបាល និងបន្តចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា បុរសជនជាតិហុងគ្រីអាយុ៧០ មានកូវីដ-១៩ ក្រោយបាត់ខ្លួន និងរកឃើញវិញពីកន្លែងធ្វើចត្តាឡីស័ក ។ ក្នុងនោះក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវ និងរកឃើញអ្នកពាក់ព័ន្ធ ដែលបានប៉ះផ្ទាល់ និងប្រយោលចំនួន ៩០នាក់ មកតាមដាន និងធ្វើចត្តាឡីស័ក ។

 
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៧ ខែកញ្ញានេះ  អ្នកពាក់ព័ន្ធចំនួន៩០នាក់នេះ ក្រសួងបានរកឃើញជាបណ្ដើរៗ ដោយបានយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក រួមមាន ភរិយាបុរសជនជាតិហុងគ្រី ជាស្រ្តីជនជាតិខ្មែរ កំពុងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងតាមដានសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប លទ្ធផលតេស្តលើកទី១ គឺអវិជ្ជមាន។ 
 
អ្នកបើកម៉ូតូកង់បី នៅខេត្តសៀមរាប ត្រូវបានរកឃើញនៅថ្ងៃទី២៦ កញ្ញា ហើយបានពិនិត្យតាមដានសុខភាព ព្រមទាំងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមន្ទីរពេទ្យខេត្តសៀមរាប។ លទ្ធផលតេស្តលើកទី១ អវិជ្ជមាន។ រីឯក្រុមគ្រួសារអ្នករត់កង់បី មានប្រពន្ធ និងកូន២នាក់ បានធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅផ្ទះដើម្បីតាមដានសុខភាព។
 
អ្នកបម្រើការនៅគ្រឹះស្ថានអង្គរខេត្តសៀមរាប ដែលអ្នកជំងឺចូលទៅទិញផ្ទាំងគំនូរ មិនមានផលប៉ះពាល់ច្រើនឡើយ ដោយអ្នកជំងឺពាក់ម៉ាស់ និងចូលតែមួយភ្លែត ប៉ុន្តែក្រុមគ្រូពេទ្យបន្តពិនិត្យតាមដានបន្ថែមទៀត។
 
អ្នកបើករថយន្តតាក់ស៊ី នៅភ្នំពេញដែលអ្នកជំងឺបានម៉ៅជិះម្នាក់ឯងនៅថ្ងៃទី១៦ កញ្ញា ត្រូវបានរកឃើញ និងយកសំណាកដើម្បីវិភាគ ហើយបានធ្វើចត្តាឡីស័កនៅផ្ទះ។ ចំណែកឯ អ្នកដំណើរតាមយន្តហោះ ដែលរួមដំណើរជាមួយអ្នកជំងឺ សរុបចំនួន ៨៤នាក់ មន្រ្តីជំនាញ កំពុងទាក់ទង ដើម្បីធ្វើតេស្តពួកគេជាលើកទីពីរជាបណ្ដើរៗ។ 
 
សូមជម្រាបថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧៦នាក់ ក្នុងនោះមាន ២៧៤នាក់ ជាសះស្បើយ និងអ្នកជំងឺ២នាក់ ស្ថិតក្នុងការព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យខេត្តសៀមរាប៕
 

Tag:
 កូវីដ-១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com