ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡេង កុកអាន៖«សាស្រ្តាស្លឹករឹត ទុកបានជាង១ពាន់ឆ្នាំ ប្រសិនបើថែរក្សាបានល្អ»
27, Sep 2020 , 6:59 pm        
រូបភាព
 លោក ឡេង កុក អាន អ្នក​សិក្សាស្រាវ​ជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹក​រឹតខ្មែរ វាន និង​ក្រាំង
លោក ឡេង កុក អាន អ្នក​សិក្សាស្រាវ​ជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹក​រឹតខ្មែរ វាន និង​ក្រាំង
ភ្នំពេញ៖ លោក ឡេង កុក អាន ដែលជាអ្នកសិក្សាស្រាវជ្រាវ គម្ពីរសាស្ត្រាស្លឹករឹត វាន និងក្រាំង បានបញ្ជាក់ថា សាស្ត្រាស្លឹករឹត មានអាយុរហូតដល់ជាង១ពាន់ឆ្នាំ បើគេថែរក្សាបានល្អ។ អរិយធម៌ខ្មែរគ្រប់សព្វបែបយ៉ាង ត្រូវបានកត់ត្រាក្នុងគម្ពីរសាស្ត្រាស្លឹករឹត ដូចជារាជពង្សាវតារ ក្បួនធ្វើសឹកសង្គ្រាម ក្បួនសង់ផ្ទះ ក្បួនផ្សំថ្នាំបុរាណ គម្ពីរដីកា និងក្បួនបុរាណជាច្រើនទៀត។ បុព្វបុរសខ្មែរកាលជំនាន់មុន ទីពឹងគម្ពីរបុរាណនេះ ដើម្បីក្រេបយកចំណេះដឹង។ បើតាមលោក ឡេង កុក អាន មុនរបបប៉ុលពត អត្ថបទមួយចំនួនក្នុងគម្ពីរសាស្ត្រាស្លឹករឹត  ត្រូវបានស្រង់យកទៅបោះពុម្ពជាសៀវភៅ ដើម្បីដាក់ក្នុងកម្មវិធីសិក្សារបស់រដ្ឋ។

ដើម្បីស្វែងយល់បន្ថែម អំពីគម្ពីរសាស្ត្រាស្លឹករឹត តទៅនេះសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
 


 
អង្គុយក្នុងបន្ទប់ការិយាល័យរបស់ខ្លួន ក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ លោក ឡេងកុក អាន អះអាងថា សាស្ត្រាស្លឹករឹត អាចមានអាយុរហូតដល់ជាង១ពាន់ឆ្នាំ ប្រសិនបើគេទុកដាក់ក្នុងទូ និងថែរក្សាបានត្រឹមត្រូវ។ លោកបញ្ជាក់ពីធាតុផ្សំ ដែលនាំឱ្យសាស្ត្រាស្លឹករឹតមានអាយុវែងដូច្នេះ៖«សាស្ត្រាស្លឹករឹត បើយើងអភិរក្សថែរក្សាបានល្អ យើងទុក១ពាន់ឆ្នាំ ក៏មិនទៅណាដែរ ពីព្រោះខ្ញុំមើលលក្ខណៈនៃការធ្វើរបស់ចាស់បុរាណ គេធ្វើច្បាស់លាស់ល្អណាស់ គេយកទៅដុត យកទៅអាំង យកទៅស្ងោរជាដើម។ រាល់អត្ថបទដែលគេសរសេរក៏អ៊ីចឹងដែរ មិនអាចរលុបបាន យកទៅត្រាំទឹកក៏មិនរលុបដែរ។ លើកលែងតែយើងយកទៅទុកចោល ត្រូវទឹកភ្លៀងហើយមិនបានជូតសម្អាត នោះវាពុកផុយ។ ប៉ុន្តែបើយើងទុកនៅក្នុងធម្មជាតិ ក្នុងបរិយាកាសធម្មតា ទុករាប់រយឆ្នាំ ក៏មិនទៅណាដែរ»។  

 គម្ពីរ​សាស្ត្រាស្លឹករឹតទំហំទទឹង​​ប្រហែល​៣​ធ្នាក់ បណ្ដោយ​ប្រហែល​មួយ​ហត្ថ និង​ក្រាំង​ទំហំទទឹង​ប្រហែលមួយ​ចំអាម បណ្ដោយ​ប្រហែលមួយ​ហត្ថ​

ស្រាក់ម្រាមដៃទាំងសងចូលគ្នា ហើយផ្អែកខ្លួនលើកៅអីពណ៌ខ្មៅមានធ្នាក់ដៃ អ្នកសិក្សាស្រាវជ្រាវគម្ពីរបុរាណ រយៈពេលជិត៣ទសវត្សរ៍រូបនេះ មិនអាចដឹងច្បាស់លាស់ ថាការចារសាស្ត្រាស្លឹករឹត កើតមានក្នុងសម័យណា ឬឆ្នាំណាឡើយ ប៉ុន្តែតាមរយៈការសិក្សាស្រាវជ្រាវ លោក កុក អាន អាចសន្និដ្ឋានបានដូច្នេះ៖«ខ្ញុំបានជជែក និងបានស្រាវជ្រាវយូរមកហើយថា ប្រទេសខ្មែរយើង ចាប់ផ្ដើមមានប្រទេសមក អរិយធម៌ឆ្លងពីឥណ្ឌាមក ប៉ុន្តែខ្មែរចេះធ្វើសាស្ត្រាស្លឹករឹតរួចទៅហើយ។ យើងមើលកំណត់ហេតុរបស់លោក ជីវតាក្វាន់ លោកមកស្រុកខ្មែរ គឺយើងឃើញមានព្រះសង្ឃ ចារសាស្រ្តាស្លឹករឹត និងមានអ្វីទាំងអស់ហើយ»។ 
 
ការសិក្សាស្រាវជ្រាវប្រមាណជា៣០ឆ្នាំ លោក ឡេង កុក អាន មិនអាចរកឃើញគម្ពីរបុរាណសំណៅដើម កាលពីសម័យបុរាណយូរលង់នោះបានឡើយ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវរូបនេះអះអាងថា សំណៅដើម ក្នុងសម័យឧដុង្គនៅមានសេសសល់ខ្លះដែរ។ «យើងរកកំណត់ហេតុនៃឯកសារទាំងអស់ហ្នឹង (ឯកសារសម័យបុរាណ) បន្យល់ទុកដល់សព្វថ្ងៃ គឺមិនមាន ព្រោះប្រទេសរបស់យើង មានសង្គ្រាមអ្នកជិតខាងផង ម៉្យាង អាចនឹងបាត់បង់ដោយសារធម្មជាតិខ្លះផងយ៉ាងណាៗ។ ក៏ប៉ុន្តែ មានកំណត់ហេតុខ្លះ យើងរកឃើញ នៅសម័យក្រោយលង្វែក គឺនៅសម័យឧដុង្គខ្លះ គេរកឃើញ គឺស្លាកស្នាមអត្ថបទ។ ភាគច្រើន គឺខ្មែរយើងសរសេរឡើងវិញទាំងអស់។ អ្នកប្រាជ្ញសម័យនោះ សរសេរឡើងវិញ ភាគច្រើននៅសម័យឧដុង្គ។ ប៉ុន្តែគេរកសំណៅដើមនៅសម័យលង្វែកឃើញតិចបំផុត ហើយភាគច្រើនជាភាសាបាលី ជាច្បាប់អាណាចក្រ»។
 
ដៃលើកយកឯកសារជាក្រដាសទំហំ A4 មកមើល បុរសមានដើមកំណើត នៅរាជធានីភ្នំពេញរូបនេះ ប្រាប់ពីការបែងចែកអត្ថបទ ដែលបានកត់ត្រា ក្នុងគម្ពីរសាស្ត្រាស្លឹករឹត៖«គម្ពីរសាស្ត្រាស្លឹករឹត បើបែងចែកទៅ វាមាន២៤ចំណុច មាន៨ជំពូក។ ឧទាហរណ៍ថាមួយផ្នែកនៃសាស្ត្រាឧបទេស គេបែងចែកជា៣ មានច្បាប់ទូន្មាន មានច្បាប់សុភាសិត និងមានល្បើកព្រះធម៌ ហើយអត្ថបទណាខ្លះជាច្បាប់ទូន្មាន អត្ថបទណាខ្លះជាច្បាប់សុភាសិត អត្ថបទណាខ្លះជាល្បើកព្រះធម៌»។
 
លោកពន្យល់បន្ថែម៖«ហើយបែងចែកទៀត ជាសាស្រ្តាល្បែង។ ក្នុងសាស្ត្រាល្បែងវាមាន២ទៀត គឺប្រលោមលោកបុរាណ១ ល្បើកអប់រំមួយ។ ហើយអត្ថបទណាខ្លះជាប្រលោមលោកបុរាណ និងអត្ថបទណាខ្លះជាល្បើកអប់រំ។ ហើយបែងចែកទៀត គឺអត្ថបទដែលទាក់ទងនឹងសាស្រ្តាទេស។ សាស្រ្តាទេស នៅក្នុងព្រះសទ្ធម្ម ហើយព្រះសទ្ធម្មហ្នឹង បានន័យថាអត្ថបទណាដែលក្ដោបនៅក្នុងព្រះវិន័យ នៅក្នុងព្រះសូត្រ នៅក្នុងអភិធម្ម។ មានអត្ថបទខ្លះជាព្រះវិន័យសុទ្ធ អត្ថបទខ្លះជាព្រះសូត្រសុទ្ធ អត្ថបទខ្លះជាជាតក អត្ថបទខ្លះជាអានិសង្ស ដូច្នេះយើងបែងចែកទាំងអស់ហ្នឹងសម្រាប់សាស្ត្រាទេស»។
 
និយាយដោយមិនមានទាក់រអាក់រអួល អ្នកគាប់ចិត្តនឹងគម្ពីរបុរាណរូបនេះ រៀបរាប់ថារាជពង្សាវតារ និងប្រវត្តរូបបុគ្គលគួរគោរពកាលពីជំនាន់មុន បានកត់ត្រាក្នុងគម្ពីរសាស្ត្រាស្លឹករឹត៖«អត្ថបទមួយទៀត សរសេរពីរាជពង្សាវតារ និងប្រវត្តិរូបផ្សេងៗ។ ខ្ញុំរកឃើញប្រវត្តិរូបតែមួយទេ គឺជីវប្រវត្តិរបស់សម្ដេចមហាសង្ឃរាជ និល ទៀង ក៏សរសេរក្នុងសាស្ត្រាស្លឹករឹត។ រាជពង្សាវតារនគរខ្មែរកម្ពុជាធិបតីរបស់យើង ក៏ចារលើសាស្ត្រាស្លឹករឹត។ ៥ជំពូកទៀតបែងចែកជាក្បួនបុរាណ បានន័យថារាល់អត្ថបទទាំងឡាយណា មិនទាក់ទងនិងព្រះត្រៃបិដក ដូចជាមូលព្រះធម្មត្រៃ ពុទ្ធគុណបន្លែ ធម្មវិងស៊ុង អត្ថបទនេះគឺជាអត្ថបទរបស់ខ្មែរផ្សេងពីក្នុងព្រះត្រៃបិដក»។ 
 
ភ្នែកសម្លឹកមើលមុខរបស់ខ្ញុំ លោក ឡេង កុក អាន ថាបើគេចង់ដឹងពីក្បួននីមួយៗឱ្យលម្អិត នោះគេត្រូវការពេលអានច្រើនម៉ោង។ លោកបញ្ជាក់ដូច្នេះ៖«ដូចជាក្បួនសង់ផ្ទះ និងសង់អ្វីទាំងអស់ហ្នឹង វានៅក្នុងក្បួនបុរាណទាំងអស់។ បើសិនជាយើងចង់ដឹងថាអត្ថបទណាខ្លះ នៅក្នុងអ្វី ដល់តែយើងនិយាយប្រហែលជា២ម៉ោង ឱ្យតែសួរចំចំណុចណា»។
 
ឯកសារបុរាណ ដែលអ្នកស្រាវជ្រាវរូបនេះ យល់ថាមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិ និងនៅតែមានប្រយោជន៍សម្រាប់ប្រជាជនខ្មែរនោះ កាលពីសម័យមុនសង្គ្រាមខ្មែរក្រហម ត្រូវបានស្រង់យកទៅបោះពុម្ពជាសៀវភៅ ដើម្បីដាក់ក្នុងកម្មវិធីសិក្សារបស់រដ្ឋ៖«ខ្ញុំចាប់ផ្ដើមធ្វើការនេះមកជិត៣០ឆ្នាំមកហើយ ខ្ញុំនិយាយដដែលៗពីរឿងកូនខ្មែរ។ ខ្ញុំបានឃើញតិចបំផុត កូនខ្មែរដែលទៅសិក្សាស្រាវជ្រាវពីគម្ពីរនេះ ហើយអ្នកទាំងនោះច្រើនតែជាអ្នកសរសេរសារណា ដល់ពេលចប់ហើយក៏គេលែងទៅស្រាវជ្រាវទៀតដែរ។ គេមិនដែលគិតថាត្រូវថែរក្សា ឬធ្វើយ៉ាងម៉េចទេ។ ពីដើមគេបានសរសេរនៅក្នុងហ្នឹងហើយ គេបានបោះពុម្ពជាសៀវភៅ សម្រាប់កម្មវិធីសិក្សាក្មេងរៀន ហើយមិនមែនតែក្មេងទេ ពីដើមថ្នាក់ទី៤ទំនើបគេរៀនទាំងអស់»។
 
ជារឿងដែលធ្វើឱ្យបុរសសម្បុរស្រអែម មុខមាំ សក់ស្កូវល្បាយអាចន៍ខ្លា កុក អាន ខកចិត្ត នោះគឺគម្ពីរសាស្ត្រាស្លឹករឹតនៅពេលបច្ចុប្បន្ន មិនមានការបំផុសឱ្យឃើញពីសារសំខាន់ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានដឹង។ លោកសង្កត់ធ្ងន់ដូច្នេះ៖«ដូចជាច្បាប់កូនចៅល្បើក នេះសម្រាប់ថ្នាក់ទី៥ទំនើប នៃវិទ្យាល័យនិងអនុវិទ្យាល័យ ហើយឯកសារទាំងនោះចម្លងចេញពីក្នុងសាស្ត្រាស្លឹករឹតដោយមិនកែប្រែ។ អ៊ីចឹងរដ្ឋពីដើមរាល់អត្ថបទទាំងឡាយនៅក្នុងសាស្ត្រាស្លឹករឹតគេដាក់នៅក្នុងកម្មវិធីសិក្សា។ ក៏ប៉ុន្តែខ្មែរយើងសព្វថ្ងៃ បោះបង់ចោល បានន័យថាយើងមិនបានបំផុស នៅតាមសាលារៀន។ ពីដើមសាស្ត្រាស្លឹករឹតមាននៅក្នុងវត្តអារាមទាំងអស់ ព្រោះសាលារៀននៅក្នុងវត្ត អត់មានមហាវិទ្យាល័យ ឬសាលាណាបង្រៀនទេ អ៊ីចឹងខ្មែរយើងពីដើមគឺរៀនពីសាស្រ្តាស្លឹករឹតទាំងអស់»។
 
បុរសវ័យ៥៥ឆ្នាំរូបនេះ បន្ថែមថាគម្ពីរសាស្ត្រាស្លឹករឹតគឺជាគ្រូដើមរបស់អ្នកប្រាជ្ញខ្មែរជំនាន់មុន៖««សាស្ត្រាស្លឹករឹតគឺជាគ្រូដើម សូម្បីតែព្រះសង្ឃដែលរៀននៅក្នុងសាលាបាលីសព្វថ្ងៃក៏អ៊ីចឹងដែរ។ កាលពីឆ្នាំ១៩១២ និង១៩១៤ ដែលបង្កើតសាលាបាលីបានរៀនហើយ ក៏ប៉ុន្តែគេរៀនជាសាស្ត្រាស្លឹករឹត គេមិនមានសៀវភៅរៀនទេ រហូតដល់ឆ្នាំ១៩២០ជាងហើយ ក៏នៅតែរៀនសាស្ត្រាស្លឹករឹតដែរ។ ដល់មកក្រោយទៀត នៅឆ្នាំ១៩៦០ជាងហើយ ទើបយើងចាប់ផ្ដើមមានសៀវភៅរៀនខ្លះ ដែលចម្លងចេញពីសាស្ត្រាយកមកបោះពុម្ព។ ប៉ុន្តែសេចក្ដីប្រែហ្នឹងវាបានតិចតួចបំផុត ដូច្នេះវាកប់នៅក្នុងសាស្ត្រាស្លឹករឹតហ្នឹង វាច្រើនជាអនេកកប្បការ ដែលយើងមិនបានដកស្រង់ចេញមកសរសេរ ដើម្បីឱ្យកូនខ្មែរបានរៀន»។
 
បានសង្កេតខ្លះៗពីចរន្តនៃការគិតរបស់យុវជនបច្ចុប្បន្ន លោក ឡេង កុក អាន ថាបើទោះបីជាសម័យនេះមានសាលាថ្នាក់ខ្ពស់ៗច្រើនក៏ពិតមែន ហើយគេអាចទៅស្វែងរកវិជ្ជាបន្ថែមនៅក្រៅប្រទេសក៏ដោយ ក៏កូនខ្មែរពុំគួរចោលគម្ពីរបុរាណដែរ៖«កូនខ្មែរសព្វថ្ងៃយល់ថាសាស្ត្រាស្លឹករឹតនេះសម្រាប់តែព្រះសង្ឃ មិនមែនសម្រាប់ពួកគេទេ ព្រោះគេមានសាលារៀន មានអនុវិទ្យាល័យ មានមហាវិទ្យាល័យ មានសាលាធំៗរៀននៅបរទេស តើទៅរៀនសាស្ត្រាស្លឹករឹតមានប្រយោជអ្វី? ក៏ប៉ុន្តែវាជាគ្រឹះនៃអរិយធម៌របស់ខ្មែរ ដែលចាក់ឫសរាប់រយឆ្នាំរាប់ពាន់ឆ្នាំមកហើយ។ ដូចជាវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត អ៊ីចឹង លោកប្រៀបបានជាផ្លូវលំ ដែលមិនទាន់ចាក់កៅស៊ូ។ ដូច្នេះមានពាក្យពេចន៍ខ្លះដែលមាននៅក្នុងសាស្ត្រាស្លឹករឹត ដែលយើងមិនបានដកយកមកបញ្ចូលក្នុងអក្សរសាស្ត្ររបស់យើង អ៊ីចឹងយើងខ្វះពាក្យ»។
 
ធ្វើការក្នុងកិច្ចការងារស្រាវជ្រាវគម្ពីរសាស្ត្រាស្លឹករឹតជិត៣ទសវត្សរ៍ទៅហើយ លោក ឡេង កុក អាន ថារហូតមកដល់ពេលបច្ចុប្បន្ន មិនមានជនណាម្នាក់បានស្រាវជ្រាវអត្ថបទល្អៗក្នុងសាស្ត្រាស្លឹករឹត យកទៅបោះពុម្ពជាសៀវភៅឱ្យក្មេងជំនាន់ក្រោយបានរៀនឡើយ៖«រាល់អត្ថបទទាំងឡាយដែលបោះពុម្ពមុនឆ្នាំ១៩៧៥ គឺបោះបានតែ១ផ្នែកតូចទេ។ រហូតដល់សព្វថ្ងៃតើមានអ្នកណាម្នាក់ មានអង្គណាមួយអង្គ ដែលបានធ្វើការលើការស្រាវជ្រាវសាស្ត្រាស្លឹករឹត យកមកបោះពុម្ពជាសៀវភៅ គឺគ្មាន គ្មានទាល់តែសោះ។ អ៊ីចឹងរាល់ការកប់នៅក្នុងសាស្ត្រាស្លឹករឹត វាកប់ជ្រៅជាអនេក ដោយសារយើងមិនបានស្រាវជ្រាវយកមកបោះពុម្ព ដើម្បីឱ្យកូនខ្មែរដឹងថាអត្ថបទដែលមាននៅក្នុងសាស្ត្រាស្លឹករឹតមានសារសំខាន់។ ពេលនេះដឹងតែខ្ញុំ ដឹងតែបងភាពដែលគាត់ស្លាប់ទៅហើយហ្នឹង ដឹងតែលោក អូលីយែ ប្រធានរបស់ខ្ញុំ គឺដឹងតែគ្នាឯងប៉ុន្មាននាក់ហ្នឹង រាល់អ្នកដទៃទៀតគ្មានអ្នកណាដឹង»៕ 
 

Tag:
 សាស្ត្រា
  ស្លឹករឹត
  គម្ពីរ
  ឡេង កុក អាន
© រក្សាសិទ្ធិដោយ thmeythmey.com