ជាតិ
សម្តេច ហ៊ុន សែន៖ ប្រទេសមិនច្រើនទេដែលធ្វើតាមការប្តេជ្ញារបស់ខ្លួនលើបញ្ហាអាកាសធាតុដូចកម្ពុជា
27, Sep 2020 , 4:19 pm        
រូបភាព
ភ្នំពេញ៖ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាចម្បងដែលបណ្ដាប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងបារម្ភ និងត្រូវយកចិត្តទុកដាក់។ សម្ដេច ហ៊ុន សែន បានលើកឡើងពីការបំពេញកាតព្វកិច្ចរបស់កម្ពុជាយ៉ាងដូច្នេះថា៖«យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឲ្យបានមុនពេលសម័យប្រជុំ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគ្លាសហ្គោ (Glasgow)។

 
ក្នុងកិច្ចប្រជុំនៃបណ្ដាប្រទេសភាគីលើកទី២១ (COP21) អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ កាលពីឆ្នាំ២០១៥កន្លងទៅ បណ្ដាលប្រទេសនានាជាសមាជិក រួមទាំងកម្ពុជា បានប្ដេជ្ញាចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដែលជាក្ដីបារម្ភរបស់ពិភពលោក។
 
មានប្រទេសមិនច្រើននោះទេ ដែលបានបំពេញការប្ដេជ្ញាចិត្តស្របតាម កិច្ចព្រមព្រៀង COP21។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ សម្ដេចលើកឡើងទៀតថា រយៈពេល១០ចុងក្រោយនេះ ការបំភាយឧស្ម័នកាបូនិច បានកើនឡើង១,៥ភាគរយ ហើយបរិស្ថានប្រមាណ៧៥ភាគរយ ក៏ទទួលរងការរេចរិលដោយកាកសំណល់ផ្សេងៗដូចជា ប្លាស្ទិក ថ្នាំសម្លាប់សត្វល្អិត សារធាតុនីត្រាត និងលោកហៈធាតុធ្ងន់ៗផ្សេងទៀត។
 
ដោយឡែកសម្រាប់កម្ពុជា បានដោះស្រាយបញ្ហាជាច្រើនស្របតាមការប្ដេជ្ញាចិត្ត ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ហើយចំណាត់ការនេះជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍថ្នាក់ជាតិ។ សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះ ដោយបន្ថែមទៀតថា កម្ពុជា នឹងធ្វើបច្ចុប្បន្នភាពពីការចូលរួមអនុវត្តអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឲ្យបានមុនពេលប្រជុំ COP26 ដែលប្រព្រឹត្តទៅក្នុងពេលខាងមុខ នៅទីក្រុងគ្លាសហ្គោ (Glasgow)។
 
ក្រៅពីនោះ សម្ដេច ក៏បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ យ៉ាងដូច្នេះថា៖«កម្ពុជា បានបង្ហាញពីកាយវិការមនុស្សធម៌នៅដើមឆ្នាំនេះ ដោយបានអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ដែលអណ្ដែតតែលតោលនៅលើផ្ទៃសមុទ្រ គ្មានប្រទេសណាមួយទទួល ចូលសំចតនៅកំពង់ផែរបស់យើង»។
 
សម្ដេច ចង់បង្ហាញពីភាពសាមគ្គី ក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ-១៩ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់ផងដែរ។ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញ ទំនាក់ទំនងជិតស្និទ្ធ និងរួមគ្នាដោះស្រាយបញ្ហា ដោយតម្លាភាពជារឿងសំខាន់ និងមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com