កីឡាជាតិ
ជាតិ
១០ក្រុមប្រជែងគ្នាដណ្តើមជើងឯកលីគលំដាប់ទីពីរ និងកៅអីឡើងទៅលេងលីគកំពូល
× ក្រុមបាល់ទាត់ពាក់កណ្តាលអាជីពចំនួន១០ ត្រូវប្រជែងគ្នាដើម្បីដណ្តើមជើងឯកក្នុងពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ឆ្នាំ២០២០(Cambodian League 2) និងកៅអីឡើងទៅលេងនៅលីគកំពូល នារដូវកាលក្រោយ។ មានតែក្រុមជើងឯក ឬក្រុមលេខ២ប៉ុណ្ណោះ ដែលមានសិទ្ធិឡើងទៅលេងលីគកំពូល។
ក្រោយផ្អាកអស់រយៈពេលពីរឆ្នាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទីពីរឡើងវិញនៅឆ្នាំនេះ។ បើតាមរបាយការណ៍របស់ FFC រដូវកាលនេះមានក្រុមចូលរួមចំនួន១០ រួមមាន កោះកុងអែហ្វស៊ី, អាយអេសអាយ ដង្កោសែនជ័យ, ខេត្តព្រៃវែង, សៀមរាបអែហ្វស៊ី, ឬទ្ធីសែន, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, យុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោន និងយុវជនកងយោធពលខេមរភូមិន្ទអាយុក្រោម២១ឆ្នាំ។
ក្រៅពីប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគលំដាប់ទី២ ក្រុមទាំងនេះ ត្រូវប្រជែងគ្នា ដើម្បីដណ្តើមកៅអីឡើងទៅលេងលីគកំពូលនៅរដូវកាលក្រោយ ខណៈ FFC ផ្តល់កៅអីឲ្យតែមួយប៉ុណ្ណោះ។ បើតាមលោក ឡាយ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមដែលមានសិទ្ធិឡើងទៅលេងលីគកំពូល មានតែក្រុមជើងឯក ឬជើងឯករងតែប៉ុណ្ណោះ។
លោក ឡាយ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC
អគ្គលេខាធិការរងរូបនេះបានពន្យល់ថា មានតែក្រុមជើងឯកតែប៉ុណ្ណោះ ដែលទទួលបានកៅអីឡើងទៅលេងលីគកំពូល។ ប៉ុន្តែក្នុងករណីក្រុមជើងឯកជាក្រុមបុត្រសម្ព័ន្ធរបស់ក្រុមលេងនៅលីគកំពូលស្រាប់ កៅអីនោះបានទៅលើក្រុមជើងឯករង។ ហើយបើសិនក្រុមជើងឯករងជាបុត្រសម្ព័ន្ធរបស់ក្រុមលេងនៅលីគកំពូល ឬពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់សហព័ន្ធ កៅអីនោះមិនត្រូវបានប្រគល់ជូនលេខ៣នោះទេ ដោយផ្តល់ឲ្យក្រុមដែលត្រូវកាត់ចេញពីលីគកំពូលនៅរដូវកាលនេះ។
ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ គ្រោងធ្វើឡើងចន្លោះពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែអាចមានការប្រែប្រួល។ លីគលំដាប់ទី២បានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយនៅរដូវកាលដំបូងនោះក្រុមគីរីវង់សុខសែនជ័យទទួលបានជើងឯកក្នុងចំណោម១០ក្រុមចូលរួម។ នៅឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន៧ ដោយវិសាខាទទួលបានជើងឯក។ ប៉ុន្តែត្រូវបានខកខានរៀបចំនៅឆ្នាំ២០១៨ និង ២០១៩៕
Tag:
Cambodian League 2
ឡាយ សុធា
© រក្សាសិទ្ធិដោយ thmeythmey.com