ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រជាសហគមន៍កាំពី ចាប់ផ្ដើមរើបចំណូលវិញ ក្រោយបាត់ភ្ញៀវច្រើនខែ ព្រោះកូវីដ-១៩
28, Sep 2020 , 9:59 am        
រូបភាព
 ទិដ្ឋភាព​មាត់​កំពង់នៅ​​សហគមន៍អន្លង់​ផ្សោត​កាំពី ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០
ទិដ្ឋភាព​មាត់​កំពង់នៅ​​សហគមន៍អន្លង់​ផ្សោត​កាំពី ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០
ក្រចេះ៖ មួយរយៈកាលចុងក្រោយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ប្រជាសហគមន៍នៅតំបន់ទេសចរណ៍ព្រែកកាំពី ឬតំបន់ទេសចរណ៍អន្លង់ផ្សោតកាំពី អាចរកចំណូលបានខ្លះៗវិញ ក្រោយពីបាត់ភ្ញៀវជាច្រើនខែមកនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបើកទូកទេសចរណ៍ អ្នកលក់សំបុត្រទូក និងអ្នកលក់នំចំណីបន្តិចបន្តួច អាចរកចំណូលបានតែនៅថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ។



ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ អន្លង់ផ្សោតកាំពី គឺជាតំបន់ទេសចរណ៍ធម្មជាតិ នៅតាមដងទន្លេមេគង្គ ដែលមានផ្សោតទឹកសាបរស់នៅ។ ទីដែលសត្វផ្សោត ចរាចរណ៍មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ នៅរដូវវស្សាមានទឹកល្ហល្ហាច។ ប៉ុន្តែនៅរដូវប្រាំង ផ្សោតធ្វើចរាចរណ៍ក្នុងរង្វង់តែប្រមាណ៧គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយវាចូលចិត្តទៅរស់នៅក្នុងតំបន់ណាដែលមានទឹកជ្រៅ។
 
បន្ថែមលើសម្រស់ធម្មជាតិតាមដងទន្លេមេគង្គភាគខាងលើ ផ្សោតគឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងខេត្តក្រចេះ ជាពិសេសនៅអន្លង់ផ្សោតកាំពី។ កាលពីមិនទាន់មានជំងឺកូវីដ១៩ ប្រជាសហគមន៍នៅអន្លង់ផ្សោតកាំពី អាចរកចំណូលបានសមល្មមជារៀងរាល់ថ្ងៃ គ្រាន់ផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែចាប់តាំងពីមានជំងឺរាតត្បាតស្ទើរពេញសកលលោកនេះ ពួកគាត់ស្ទើរតែរកប្រាក់មិនបានទាល់តែសោះ ពីវិស័យទេសចរនៅទីនេះ។

 អ្នក​បើក​ទូក​ទេសចរណ៍ចង្អុលប្រាប់​ពីរយៈ​ចម្ងាយដែល​សត្វ​ផ្សោត​ធ្វើចរាចរណ៍ នៅ​តាម​ដង​ទន្លេមេគង្គ

លោក សម្បត្តិ ជាឈ្មោះដែលត្រូវបានដាក់ឱ្យបុរសវ័យ៥០ឆ្នាំម្នាក់។ លោក បានចាប់មុខរបរបើកទូកទេសចរណ៍នាំភ្ញៀវទៅទស្សនាសត្វផ្សោត តាំងពីជាង១០ឆ្នាំមុន។ ឈរលើឈូកនៅកណ្ដាលទន្លេមេគង្គ ហើយដៃទាំងពីកាន់ចែវ ចូកគាស់ទឹកឱ្យទូកទៅមុខបញ្ច្រាសនឹងខ្សែទឹកហូរ លោក សម្បត្តិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កាលពីមិនទាន់មានកូវីដ១៩ ក្នុងមួយថ្ងៃលោកអាចរកចំណូលបានក្នុងរង្វង់៤ម៉ឺនរៀល និងអាចជូនភ្ញៀវបានពេញមួយសប្ដាហ៍។ ប៉ុន្តែក្រោយផ្ទុះកូវីដ១៩ បុរសសម្បុរស្រអែមវ័យប្រមាណជា៥០ឆ្នាំរូបនេះ ស្ទើរតែមិនអាចរកប្រាក់ចំណូលបានទាល់តែសោះក្នុងមួយថ្ងៃ។
 
ទោះជាយ៉ាងណា នៅមួយរយៈពេលចុងក្រោយ គឺនៅក្នុងខែសីហានិងខែកញ្ញាឆ្នាំ២០២០នេះ លោក សម្បត្តិ អាចរកចំណូលបានខ្លះវិញ ដោយក្នុងមួយសប្ដាហ៍លោកអាចរកប្រាក់បាន ក្នុងចន្លោះ៣ទៅ៤ម៉ឺនរៀល។ បុរសដែលនៅតែរក្សាមុខរបរធ្វើស្រែចម្ការ និងធ្វើវត្ថុអនុស្សាវរីយផ្សេងៗសម្រាប់លក់រូបនេះ បានបន្ថែមថា បើទោះបីជាមិនសូវមានភ្ញៀវ ក៏លោកត្រូវតែមកអង្គុយចាំនៅមាត់កំពង់ទឹកដែរ។ 

 អ្នក​បើកទូក​ទេសចរណ៍នៅ​អន្លង់ផ្សោតកាំពី ក្នុងខេត្ត​ក្រចេះ

លោក សម្បត្តិ បញ្ជាក់បន្ថែម៖«ពេលមិនទាន់មានកូវីដ១៩ ភ្ញៀវមកមើលផ្សោតចូលរយនាក់ក្នុងមួយថ្ងៃ។ បើភ្ញៀវខ្មែរច្រើនតែមកនៅថ្ងៃដែលមានបុណ្យ។ កាលកូវីដកំពុងផ្ទុះខ្លាំង ក្នុងមួយអាទិត្យពេញ អត់មានភ្ញៀវសោះក៏មានដែរ។ ជួនមួយថ្ងៃ ខ្ញុំរកបានតែ២ម៉ឺនរៀលប៉ុណ្ណោះ ហើយត្រូវចាក់សាំងខ្លួនឯងទៀត។ ពេលដឹកភ្ញៀវយើងត្រូវធ្វើយ៉ាងណា ឱ្យភ្ញៀវពេញចិត្ត ដូចជាការបើកទូកទៅកន្លែងដែលគាត់ចង់ទៅ និងការប្រើភាសាពីរោះទៅរកភ្ញៀវ។ បើភ្ញៀវឱ្យបើកទូកទៅឆ្ងាយពេក យើងចរចាជាមួយភ្ញៀវសុំឱ្យគាត់ផ្ដល់ប្រាក់ឱ្យយើងបន្ថែមខ្លះ ព្រោះទៅឆ្ងាយអស់សាំងច្រើន ហើយបើភ្ញៀវគាត់ព្រមខ្ញុំក៏ជូនគាត់ទៅ។ ប្រពន្ធរបស់ខ្ញុំគាត់លក់វត្ថុអនុស្សាវរីយដែរ»។
 
ងាកចេញពីអ្នកបើកទូកទេសចរណ៍ យើងមកចាប់អារម្មណ៍អ្នកលក់សំបុត្រទូកវិញម្ដង។ កញ្ញា ឈូក ម៉ារី ដែលឈរនៅខាងមុខបញ្ជរលក់សំបុត្រទូក បានលើកឡើងមិនខុសពីអ្នកបើកទូកខាងលើឡើយ គឺភ្ញៀវចាប់ផ្ដើមស្ងាត់អស់ជាច្រើនខែជាប់គ្នា ចាប់តាំងពីមានករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ មានទឹកមុខញញឹមញញែមមករកក្រុមអ្នកសារព័ត៌មាន ដែលមានគ្នាប្រមាណ៥នាក់ មារី បន្ថែមថា តំបន់ទេសចរណ៍អន្លង់ផ្ដោតកាំពី ទទួលបានភ្ញៀវទេសចរណ៍ខ្លះៗវិញ នៅពេលដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាក ជំនួសឱ្យថ្ងៃចូលឆ្នាំថ្មី កាលពីខែសីហា។ 

 កញ្ញា ឈូក ម៉ារី  ដែល​ជា​អ្នក​លក់​សំបុត្រទូក នៅសហគមន៍​កាំពី

ភ្នែកមើលត្រង់ទៅមុខ សំដៅក្រុមមនុស្សដែលកំពុងឈរអានរឿងនិទាន អំពីដើមកំណើតសត្វផ្សោតលើផ្ទាំងផ្សព្វផ្សាយ នៅមិនឆ្ងាយប៉ុន្មាន នារីវ័យប្រមាណ២០ឆ្នាំរូបនេះ ថាតម្លៃសំបុត្រទូកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិខុសគ្នា ហើយចំណុះទូកក៏ខុសគ្នាដែរ។
 
ម៉ារី បញ្ជាក់បន្ថែម៖«ស្ងាត់ភ្ញៀវណាស់បង ទើបតែថ្ងៃនេះទេ បានក្រុមរបស់បងមក លក់បាន៣១សំបុត្រដែរ កុំអីអត់មានភ្ញៀវហើយ។ បរទេសតម្លៃចាប់ពី៧ទៅ៩ដុល្លារ ហើយយើងឱ្យគាត់ជិះតែ៣នាក់ទេ ព្រោះមាឌរបស់គាត់ធំ។ បើខ្មែរ យើងឱ្យគាត់ជិះ៦នាក់ ព្រោះមាឌរបស់គាត់តូចៗ ហើយតម្លៃក្នុងម្នាក់៧ពាន់រៀល។ បើមានភ្ញៀវមកច្រើន ក៏អាចជួយជីវភាពរបស់ពួកខ្ញុំបានច្រើនដែរ។ ភ្ញៀវដែលមកទីនេះ គាត់គ្រប់គ្រងសំរាមរបស់គាត់បានល្អ ដោយដាក់ក្នុងធុងបានត្រឹមត្រូវ ហើយគាត់បាញ់អាល់កុលគ្រប់ពេល»។
 
ចំណែកឯអ្នកស្រី រ័ត្ន ណាង អាយុ៤០ឆ្នាំ ជាអ្នកលក់ណែម និងក្រឡាន នៅអន្លង់ផ្សោតកាំពីនេះដែរ។ អាចលក់ទំនិញរបស់ខ្លួនដាច់ច្រើននៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ហើយនឹងថ្ងៃបុណ្យទាននានា អ្នកស្រី ណាង រកចំណូលបានប្រមាណជា១លានរៀលក្នុងមួយថ្ងៃ។ ឈរនៅជិតបញ្ជរលក់សំបុត្រទូក ក្បែរផ្លូវចុះទៅមាត់កំពង់ ស្ត្រីដែលមានសម្បុរស្រអែមមាឌធាត់រូបនេះ ធ្វើណែមដោយខ្លួនឯង ហើយដឹកពីផ្ទះក្នុងភូមិថ្មីក្រែ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រ មកលក់នៅអន្លង់ផ្ដោតកាំពី។


 
 អ្នកស្រី រ័ត្នណាង ពន្យល់បន្ថែមដូច្នេះ៖«និយាយរួមទៅបើមានភ្ញៀវច្រើន ក្នុងមួយថ្ងៃខ្ញុំអាចលក់បានប្រាក់១លានរៀលដែរ តែកាត់ថ្លៃដើមអស់ពាក់កណ្ដាល។ របរនេះជួយជីវភាពខ្ញុំបានច្រើន។ ខ្ញុំសប្បាយចិត្តណាស់ ដែលនៅទីនេះមានតំបន់ទេសចរណ៍។ ខ្ញុំមិនចង់ឱ្យមានការនេសាទត្រីទេ ព្រោះដើម្បីឱ្យផ្សោតមានចំណី ហើយខ្ញុំក៏សង្ឃឹមថាគេនឹងថែរក្សាការពារផ្ដោតបានល្អ ដើម្បីឱ្យភ្ញៀវមកមើលកាន់តែច្រើន»។
 
បើតាមលោក សម្បត្តិ ដែលជាអ្នកបើកទូកទេសចរណ៍ ខែដែលខ្សត់ភ្ញៀវខ្លាំង គឺចាប់ពីខែឧសភា រហូតដល់ខែកក្កដា។ ចំណែកឯខែដែលមានភ្ញៀវច្រើន គឺចាប់ពីខែតុលារហូតដល់ខែមេសា ដោយគេអាចចេញទូកបានពេញមួយសប្ដាហ៍។ រីឯតម្លៃដឹកភ្ញៀវនៅរដូវប្រាំង ក្នុងមួយជើងអ្នកបើកទូកទទួលបានប្រាក់១៥ពាន់រៀលពីសហគមន៍កាំពី ហើយទទួលបាន២០ពាន់រៀលនៅក្នុងរដូវវស្សា។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន គ្រោងស្នើទៅអង្គការយូណេស្កូ(UNESCO) ដើម្បីដាក់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី ដែលមានផ្សោតទឹកសាប ជាសត្វកម្រនៅលើពិភពលោក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការងារនេះបានដំណើរការស្រាវជ្រាវ និងចងក្រងឯកសារបានមួយចំនួនហើយ។ បន្ថែមពីនោះ កម្ពុជាក៏បានត្រៀមតំបន់ចំនួន៣ភូមិសាស្ត្រទៀត រួមមាន ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងតំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ នៅខេត្តព្រះវិហារ ស្នើទៅអង្គការយូណេស្កូ(UNESCO)ដែរ៕
 

Tag:
 ក្រចេះ
  កូវីដ១៩
 សហគមន៍
  ចំណូល
  ផ្សោត
 កាំពី
 តំបន់ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com