កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao យល់ព្រមតទល់ McGregor ឆ្នាំក្រោយដើម្បីយកលុយជួយដល់ជនរងគ្រោះ COVID-19
27, Sep 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
ជើងឯកប្រដាល់ Manny Pacquiao នឹងត្រូវឡើងសង្វៀនតទល់ជាមួយ Conor McGregor អតីតម្ចាស់ខ្សែក្រវាត់ UFC  នៅឆ្នាំក្រោយ។ បើតាមមន្ត្រីការិយាល័យរបស់ Pacquiao កំពូលអ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ នឹងយកថវិកាពីព្រឹត្តិការណ៍ជួយដល់ជនរងគ្រោះដោយសារ COVID-19 នៅហ្វីលីពីន។

 
The Guardian បានដកស្រង់សំដីរបស់លោក Jayke Joson ជំនួយការពិសេសរបស់ Pacquiao ដែលបានអះអាងថា ទាំង Pacquiao ទាំង McGregor សុទ្ធតែត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ជំនួបតទល់នៅឆ្នាំក្រោយ។
 
ការលើកឡើងរបស់លោក Joson ធ្វើឡើងបន្ទាប់ពីកីឡាករអៀរឡង់ McGregor សរសេរក្នុង Twitter របស់ខ្លួនពីបំណងឡើងសង្វៀនជាមួយ Pacquiao នៅមជ្ឈឹមបូពារ។ «យើងមិនបដិសេធនោះឡើយ»។ នេះជាការអះអាងរបស់លោក Joson។
 
McGregor ដែលជាកីឡាករវាយក្នុងទ្រុង UFC ក៏ដូចជា Pacquiao តែងតែប្រកាសពីការចូលនិវត្តន៍ពីអាជីព ប៉ុន្តែនៅតែមិនដាច់អាល័យដូចគ្នា។ McGregor ធ្លាប់មានប្រវត្តិជួបជាមួយ Floyd Mayweather ក្នុងជំនួប superfight នៅ Las Vegas កាលពីឆ្នាំ២០១៧ ដោយចាញ់នៅទឹកទី១០។
 
Paquiao អាយុ៤១ឆ្នាំ ជាកីឡាករប្រដាល់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះខ្សែក្រវាត់ពិភពលោកចំនួន៨ផ្សេងៗគ្នា។ 
 
ដោយមិនបានបញ្ជាក់ពីទីតាំង និងពេលវេលាច្បាស់លាស់ លោក Joson បានអះអាងថា តំណាងរបស់គូប្រជែងទាំងពីរចាប់ផ្តើមពិភាក្សាគ្នាហើយ ដោយចំណូលដែល Pacquiao ទទួលបាននឹងយកទៅបរិច្ចាគដល់ជនរងគ្រោះ COVID-19 នៅហ្វីលីពីន។
 
គិតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែកញ្ញានេះ ហ្វីលីពីនស្ថិតនៅចំណាត់ថ្នាក់ទី២១ក្នុងចំណោមប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេ ដែលមានដល់ជាង៣០ម៉ឺននាក់ក្នុងនោះ ស្លាប់ជាង៥០០០នាក់ និងសះស្បើយជាង២៥ម៉ឺននាក់៕
 

Tag:
 Paquiao
  McGregor
© រក្សាសិទ្ធិដោយ thmeythmey.com