កីឡាអន្តរជាតិ
អន្តរជាតិ
Vardy ស៊ុតបំបាក់មុខ Man City ដើម្បីជួយ Leicester ឡើងឈរកំពូលតារាង EPL
28, Sep 2020 , 8:33 am        
រូបភាព
Jamie Vardy បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងជ័យជម្នះ ៥-២ របស់ Leicester City ដែលធ្វើឲ្យ Manchester City ស្គាល់បរាជ័យធ្ងន់ធ្ងរជាលើកដំបូងនៅ Premier League។ នេះក៏ជាការធ្វើបាន hat-trick លើកទី២ របស់ Vardy ផងដែរ ក្នុងចំណោម៣ប្រកួតដំបូងរបស់ខ្លួន។



នាជំនួបក្របខណ្ឌលីគកំពូលសប្តាហ៍ទី៣នៅយប់ថ្ងៃទី២៧ ខែកញ្ញា Riyad Mahrez បានបំប៉ោងសំណាញ់ទីរបស់ក្រុមភ្ញៀវ Leicester តាំងពី៤នាទីដំបូងនៃវគ្គទី១ម្ល៉េះ មុន Vardy រកគ្រាប់តាមស្មើវិញនៅនាទី៣៧ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។
 
ចូលដល់វគ្គទី២ ម្ចាស់ស្បែកជើងមាស (Golden Boots) រដូវកាលមុន បានបន្ថែម១គ្រាប់ទៀតនៅនាទី៥៤ ដើម្បីជួយក្រុមរហស្សនាមកញ្ជ្រោងនាំមុខ ក្រុមមេឃខៀវ ២-១ វិញ។ ៤នាទីបន្ទាប់ទៀត ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានរកគ្រាប់បាល់ hat-trick របស់ខ្លួន ដោយការទាត់បាល់ពិន័យ១១ម៉ែត្រជាលើកទី២ក្នុងជំនួបនេះ។
 
ខ្សែបម្រើ James Maddison ជាអ្នករកគ្រាប់ទី៤ឲ្យក្រុមរបស់លោក Brendan Rodgers ដោយការស៊ុតបាល់យ៉ាងល្អនៅនាទី៧៧ មុនខ្សែការពារ Nathan Ake តែតបញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៨៤។ ខ្វះតែ២នាទី មុនចប់ការប្រកួត Youri Tielemans បន្ថែម១គ្រាប់ទៀតដោយការទាត់បាល់ពីន័យ១១ម៉ែត្រ ដើម្បីជួយ Leicester ឈ្នះ Man City ៥-២។
 
មិនត្រឹមតែជួយ Leicester ទទួលបាន៣ពិន្ទុ ដើម្បីឡើងទៅឈរកំពូលតារាង Premier League បណ្តោះអាសន្ននោះទេ Vardy ថែមទាំងបានបង្កើតប្រវត្តសាស្ត្រថ្មីសម្រាប់ខ្លួន និងអាក្រក់សម្រាប់លោក Pep Guardiola ផងដែរ។ Vardy វ័យ៣៣ឆ្នាំ ជាកីឡាកដំបូងដែលធ្វើបាន hat-trick ទល់នឹងក្រុម Man City ខណៈក្រុមរហស្សនាមមេឃខៀវនេះរបូតដល់ទៅ៥គ្រាប់ក្នុងដីជាលើកដំបូងផងដែរ ក្រោមការដឹកនាំរបស់អ្នកចាត់ការអេស្ប៉ាញនេះ។
 
ឆ្លងកាត់ការប្រកួត៣លើក Leicester មាន៩ពិន្ទុ ឈរកំពូលតារាងលីគកំពូលអង់គ្លេសរដូវកាល ២០២០-២១ បណ្តោះអាសន្ន តាមពីក្រោយដោយ Everton ដែលមាន៩ពិន្ទុស្មើគ្នា ប៉ុន្តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង។
 
លទ្ធផលគូដទៃទៀត Leeds United យកឈ្នះម្ចាស់ផ្ទះ Sheffield United ១-០ តាមរយៈការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Patrick Bamford នៅចុងម៉ោង។ Tottenham Hotspur ស្មើ Newcastle United ១-១ ខណៈគ្រាប់តាមស្មើរបស់សារិកាព្រៃសម្រេចបានដោយការទាត់បាល់ពិន័យប៉េណាល់ទីរបស់ Callum Wilson នៅនាទី៩៧ មុនការនាំមុខរបស់ Spurs ដែលស៊ុតដោយ Lucas Moura តាំងពីនាទី២៥។ West Ham ឈ្នះ Wolves ៤-០៕
 
 

Tag:
 Jamie Vardy
  Leicester City
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com