ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ខ្ពស់​ពេក​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
28, Sep 2020 , 8:59 pm        
រូបភាព
​មូលហេតុ​ដែល​ឈាម​របស់​អ្នកមាន​ពណ៌​ក្រហម​នោះ គឺ​ដោយសារ​វត្តមាន​នៃ​អេ​ម៉ូក​ក្លូ​ប៊ី​ន​ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ក្នុង​កោសិកា​គ្រាប់​ឈាមក្រហម​ជួយ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​។ កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​អាច​បង្កបញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម​! ដូច្នេះ​អ្នក​ចាំបាច់​គួរ​រក្សា​ឱ្យបាន​នូវ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ត្រឹមត្រូវ​មិន​ទាប ឬ​ខ្ពស់​ពេក​។ ប៉ុន្តែ​ត្រូវធ្វើ​បែបណា​នៅពេល​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ឡើង​ខ្ពស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ធ្វើ​ពេល​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ឡើង​ខ្ពស់ ៖

 
១. ឈប់​ជក់បារី​
 
​ការជក់បារី​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព ហើយ​អ្នក​ចាំបាច់​ត្រូវ​បញ្ឈប់​ទម្លាប់​ជក់បារី​ឱ្យបាន​ឆាប់​បំផុត​នៅពេល​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ឡើង​ខ្ពស់​។ រាងកាយ​នឹង​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​កាន់តែច្រើន​ដោយសារ​កង្វះ​អុកស៊ីសែន​ព្រោះ​ការជក់បារី​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​ឈាម​ប្រែជា​ខាប់ ហើយ​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក៏​កើនឡើង​តាម​នោះ​។ ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ហើយ​ទៅធ្វើ​តេស្ត​ឈាម​នោះ​លទ្ធផល​នៃ​បរិមាណ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ប្រាកដជា​ទទួលរង​ឥទ្ធិពល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​។​
 
៣. កាត់បន្ថយ​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ដែក​
 
​នេះ​ក៏​ព្រោះតែ​ជាតិ​ដែក​បង្កើន​ការផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​។ ដូច្នេះ​នៅពេល​មាន​បញ្ហា​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម​ឡើង​ខ្ពស់ ចូរ​ព្យាយាម​កម្រិត ឬ​បន្ថយ​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ដែក​វិញ​។ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ថា​តើ​អ្នក​គួរ​បញ្ឈប់​ការទទួល​ទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក ឬ​វីតាមីន​ចម្រុះ​ដែលមាន​ផ្ទុក​ជាតិ​ដែក​ដែរ​ឬ​យ៉ាងណា​?
 
៤. កាត់បន្ថយ​ការទទួល​ទាន​វីតាមីន C
 
​ទោះបីជា​វីតាមីន C គ្មាន​ឥទ្ធិពល​អ្វី​ធ្វើឱ្យ​រាងកាយ​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ប៉ុន្តែ​សារធាតុចិញ្ចឹម​នេះ​ជួយ​បង្កើន​ការ​ស្រូបយក​ជាតិ​ដែក​។ ហើយ​ដូចដែល​បានលើកឡើង​ក្នុង​ចំនុច​ខាងលើ ជាតិ​ដែក​បង្កើន​ការផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com