សង្គមអន្តរជាតិ​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ទទូច​ឲ្យ​កូរ៉េខាងជើង ស៊ើបអង្កេត​រួមគ្នា​លើ​ករណី​ស្លាប់​មន្ត្រី​នេសាទ​
28, Sep 2020 , 1:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោកChung Sye-kyun។ រូបភាព៖ Yonhap
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោកChung Sye-kyun។ រូបភាព៖ Yonhap
​ការស៊ើបអង្កេត​រួមគ្នា​រវាង​ប្រទេស​កូរ៉េ​ខាង​ពីរ លើ​ករណី​ស្លាប់​មន្ត្រី​នេសាទ​កូរ៉េខាងត្បូង គួរតែ​ធ្វើ​ឲ្យ​បាន​ឆាប់​បំផុត​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​កូរ៉េខាងជើង បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ផ្អាក​សកម្មភាព​រុករក​សា​ក​សព​មន្ត្រី​នេសាទ​របស់ខ្លួន​នៅ​តំបន់​ព្រំដែន​សមុទ្រ​នៃ​កូរ៉េ​ខាង​ពីរ​។​

 
អត្ថបទទាក់ទង
 
​កូរ៉េខាងត្បូង នៅតែ​មិន​បោះបង់​ការរុករក​សាក​សាព​មន្ត្រី​ស៊ីវិល​របស់ខ្លួន​ដែល​បាត់​ខ្លួន​នៅក្បែរ​ព្រំដែន​សមុទ្រ​ជាមួយ​កូរ៉េខាងជើង ហើយ​ស្នើ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​មានការ​ស៊ើបអង្កេត​រួមគ្នា​លើ​ករណីនេះ​។ 
​នៅ​ថ្ងៃទី​២៨ ខែកញ្ញា នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun បានលើកឡើង​ជាថ្មី​ជុំវិញ​ការស៊ើបអង្កេត​រួមគ្នា​នេះ​។ 
 
«​កូរ៉េ​ខាង​ទាំងពីរ មិនអាច​បង្កើត​សន្តិភាព​បានទេ តាមរយៈ​ការទំនាក់ទំនង​ធម្មតា​។ ដើម្បី​បង្ការ​ឧបទ្ទវហេតុ ដែល​វិ​វត្ត​ទៅជា​ស្ថានភាព​ធ្ងន់ធ្ងរ ការស៊ើបអង្កេត​ស្វែងរក​ការពិត​ត្រូវតែ​ធ្វើឡើង​ឲ្យ​បាន​ឆាប់​បំផុត​»​។ លោក Chung បានលើកឡើង​យ៉ាង​ដូច្នេះ​និយាយ​នៅក្នុង​កិច្ច​សម្ភាស​តាម​វិទ្យុ​មួយ​មួយ​។ ក្នុងន័យនេះ លោកនាយក​រដ្ឋមន្ត្រី ទាមទារ​ឲ្យ​កូរ៉េ​ទាំងពីរ​បើក​ការស៊ើបអង្កេត​រួមគ្នា លើ​ករណី​ស្លាប់​របស់​មន្ត្រី​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ទន្ទឹមគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ភាគី​កូរ៉េ​ទាំងពីរ​គួរតែ​ទទួលយក​លទ្ធផល ដែល​កើត​កើតចេញពី​ការស៊ើបអង្កេត​នេះ ហើយក៏​គ្មាន​ហេតុផល​អ្វី ដែល​មិនអាច​ឲ្យ​កូរ៉េ​ទាំងពីរ​បើក​ការស៊ើបអង្កេត​រួមគ្នា​បានដែរ​។ ក្រៅពីនេះ លោក Chung ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការស្ដារ​ប្រព័ន្ធ​ទំនាក់ទំនង​ពិសេស​រវាង​កូរ៉េ​ខាង​ទាំងពីរ​ផងដែរ ដើម្បី​បង្ការ​ឧប្បទ្ទវហេតុ ជម្លោះ និង​រាយការណ៍​ព័ត៌មាន​ផ្សេងៗ​។ 
 
​ចំណែក​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា បាន​ព្រមាន កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​សកម្មភាព​រុករ​ក​សាកសព​មន្ត្រី​នេសាទ ព្រោះ​សកម្មភាព​នេះ​បាន​បំពាន​ដែនទឹក​របស់​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង បាន​ប្រើប្រាស់​កប៉ាល់​ចំនួន​៣៩​គ្រឿង ដោយ​រួមមាន នាវា​យោធា​១៦​គ្រឿង និង​យន្តហោះ ៦​គ្រឿង​ដើម្បី​ស្វែងរក​សាកសព​មន្ត្រី​រប​ស់​ខ្លួន ក្រោយ​កូរ៉េខាងជើង​អះអាងថា ខ្លួន​មិនបាន​ដុត​សាកសព​ឡើយ​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង និង​អាមេរិក ក៏​នឹងមាន​ការពិភាក្សា​ជាមួយគ្នា​ជុំវិញ​បញ្ហា​បាញ់សម្លាប់​មន្ត្រី​នេសាទ​នេះ និង​លទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង​ឡើងវិញ​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com