ជាតិ
ក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សារព័ត៌មាន​ចុះបញ្ជី​ពាណិជ្ជកម្ម​
28, Sep 2020 , 12:02 pm        
រូបភាព
​វិច្ឆិកា​៖ ​ក្រសួង​ព័ត៌មាន​មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​អំពាវនាវ​ដល់​ក្រុមហ៊ុន​សារព័ត៌មាន​ទាំងអស់ ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​។ កិច្ចប្រជុំ​គឺជា​ការងារ​បន្ត​មួយ បន្ទាប់ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន និង​ក្រសួងពាណិជ្ជកម្ម​បាន​ចុះហត្ថលេខា​អនុម័ត​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​។​

 
«​ខ្ញុំ​អាច​និយាយបានថា អង្គភាព​សារព័ត៌មាន​ស្ទើរតែ​៨០​ភាគរយ មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ឡើយ​។ ពួកគេ​យល់ច្រឡំ​ថា ពួកគេ​បានទទួល​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត៌មាន​ហើយ គឺ​ពួកគេ​អាច​ប្រកប​អាជីវ​កម្មបាន​។ តាមពិត ពួកគេ​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ទៀត​។​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផុស សុវណ្ណ ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​។​
 
​នា​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០២០​នេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដែលមាន​១៤​ប្រការ​។ ប្រការ​១២​នៃ​ប្រកាស​នេះ​បាន​ចែងថា «​រាល់​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​បានធ្វើ​អាជីវកម្ម ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ត្រូវ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​អាច​ស្នើសុំ​ចុះបញ្ជី​ម៉ាក ពាណិជ្ជ​នាម នៅ​ក្រសួងពាណិជ្ជកម្ម​ក្នុង​រយៈពេល​៦​ខែ ដោយ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។ […]»​។​
 
​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា វិសាលភាព​នៃ​សេចក្តីប្រកាស​អន្តរក្រសួង​នេះ នឹងត្រូវ​គ្រប់​ដណ្តប់​ដល់​គ្រប់​អង្គភាព​សារព័ត៌មាន​គ្រប់​ប្រភេទ​ដោយ​រួមទាំង សារព័ត៌មាន​បោះពុម្ព អន​ឡាញ វិទ្យុ និង ទូរទស្សន៍​។​
 
​រហូតដល់​ពេលនេះ មាន​ក្រុមហ៊ុន​សារព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម បន្ថែម​ពីលើ​អាជ្ញា​បណ្ណ​នៃ​ក្រសួង​ព័ត៌មាន​។​
 
​ទាក់ទង​នឹង​កា​ត្វ​កិច្ច​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម លោក ផុស សុវណ្ណ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ការចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​សារព័ត៌មាន​ក្លាយជា​អង្គភាព​ស្របច្បាប់​ពេញលេញ​។ ការចុះបញ្ជី​ពាណិជ្ជកម្ម​នឹង​ការពារ​រាល់​ឈ្មោះ​អង្គភាព ម៉ាក ពាណិជ្ជ​នាម​របស់​ក្រុមហ៊ុន​សារព័ត៌មាន​នោះ​។ ខ្ញុំ​អំពាវនាវ​ដល់​ក្រុមហ៊ុន​សារព័ត៌មាន​ទាំងអស់​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​។​»​។​
 
​យោងតាម​ប្រកាស​អន្តរក្រសួង​នេះ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​ក្រសួង​ព័ត៌មាន​សម្រាប់​ការប្រកប​អាជីវកម្ម ឬ​សេវាកម្ម​ក្នុង​វិស័យ​សារព័ត៌មាន​ហើយ​នោះ រូបវន្តបុគ្គល ឬ​នីតិបុគ្គល​មាន​រយៈពេល​២​សប្តាហ៍ ដើម្បី​ចុះឈ្មោះ​អង្គភាព​របស់​ពួកគេ​ក្នុង​បញ្ជីពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​។ ប្រកាស​ដដែល​ក៏បាន​បញ្ជាក់​ផងដែរ​ថា ថ្លៃ​សេវា​ចុះបញ្ជី​ក្រុមហ៊ុន​សារព័ត៌មាន​នេះ នឹងត្រូវ​កំណត់​ដាច់ដោយឡែក​នៅក្នុង​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម​។​
 
​អង្គភាព​ផ្សាយ​ព័ត៌មាន​កាន់តែ​ច្រើនឡើង​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​។ អ្នក​ដែល​ទើប​ប្រឡូក​ចូលក្នុង​ទីផ្សារ​សារព័ត៌មាន​កម្ពុ​ជាមួយ​ចំនួន​បាន​បង្កើត​ឈ្មោះ និង​ម៉ាក​សញ្ញា​ស្រដៀង ឬ​ប្រហាក់ប្រហែល​នឹង​សារព័ត៌មាន​ដែលមាន​ឈ្មោះ និង​មានការ​ទទួលស្គាល់​ពីសា​ធារ​ណ​ជន​រួចហើយ​។ ពួកគេ​ធ្វើជា​ពុំ​ដឹងថា ការសម្រេចចិត្ត​បែបនេះ នឹងធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ពាក្យបណ្តឹង​។ អ្នក​ទើបតែ​បង្កើត​អង្គភាព​សារព័ត៌មាន​ថ្មីថ្មោង​មួយចំនួន បាន​ចុះឈ្មោះ​សុំ​អាជ្ញា​បណ្ណ​តែត្រឹម​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ​។ ពួកគេ​ទាំងនេះ​មិន​ហ៊ាន​ចុះឈ្មោះ​ស្ថាប័ន​របស់​ពួកគេ​ក្នុង​បញ្ជីពាណិជ្ជកម្ម ដោយសារតែ​ខ្លាច​កាតព្វកិច្ច​ពន្ធ​៕
 


 
 

Tag:
 ព័ត៌មាន​
  បញ្ជីពាណិជ្ជកម្ម​
  ផុស សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com