អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកត្រាំ ទាត់ចោលការផ្សាយរបស់កាសែត New York Times ដែលថា លោកអត់បង់ពន្ធ១០ឆ្នាំ
28, Sep 2020 , 1:10 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព ៖AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព ៖AFP
ដោយ:
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អត់បានបង់ពន្ធចំណូល១០ឆ្នាំ ក្នុងពេល១៥ឆ្នាំចុងក្រោយ ព្រោះ រកស៊ីខាត។ កាសែតអាមេរិក New York Times បានចុះផ្សាយបែបនេះនៅថ្ងៃទី២៧ ខែសីហា ដែលបន្តថា ក្នុងឆ្នាំ២០១៦ ដែលលោកឈ្នះឆ្នោត លោកបង់ពន្ធតែ៧៥០ដុល្លារប៉ុណ្ណោះ។ លោក ត្រាំ ច្រានចោលរបាយការណ៍នេះ ដោយចាត់ទុកជា «ព័ត៌មានក្លែងបន្លំ»។



នៅសន្និសីទព័ត៌មាននាសេតវិមានអាមេរិក នៅថ្ងៃទី ២៧ ខែកញ្ញា លោក ដូណាល់ ត្រាំ បានប្រតិកម្មនឹងរបាយការណ៍ដែលចុះផ្សាយដោយកាសែតល្បីឈ្មោះNew York Times ដែលថា លោកអត់បង់ពន្ធ១០ឆ្នាំ។  លោក ត្រាំ បានចាត់ទុករបាយការណ៍នេះថា«ព័ត៌មានក្លែងបន្លំទាំងស្រុង»។ ត្រង់នេះ លោក ត្រាំ បកស្រាយថា លោកក៏បានបង់ពន្ធចំណូលឲ្យរដ្ឋច្រើនដែរ ហើយរបាយការណ៍ប្រកាសពន្ធទាំងអស់នឹងត្រូវលាតត្រដាង។

កាសែត New York Times បានចុះផ្សាយថា លោក ត្រាំ អាចមានលទ្ធភាពក្នុងការបន្ទាបការបង់ពន្ធចំណូលដោយរាយការណ៍ថា រកស៊ីខាតច្រើន។ តួយ៉ាង ក្នុងឆ្នាំ២០១៨ លោក ត្រាំ បានអះអាងថាលោកខាតអស់៤៧,៤លានដុល្លារ។ កាសែតនេះអះអាងថា ខ្លួនទទួលបានទិន្នន័យរបាយការណ៍ប្រកាសពន្ធគ្របដណ្ដប់ជាង២០ឆ្នាំរបស់លោក ត្រាំ និងក្រុមហ៊ុនលោក។ ក៏ប៉ុន្តែពួកគេគ្មានព័ត៌មានពីរបាយការណ៍ប្រកាសពន្ធលោកត្រាំពីឆ្នាំ២០១៨ ឬឆ្នាំ២០១៩ឡើយ ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Alan Garten មេធាវីសម្រាប់ក្រុមហ៊ុន Trump Organization បានឆ្លើយតបនឹងរបាយការណ៍នេះថា ក្នុងពេល១០ឆ្នាំចុងក្រោយ ប្រធានាធិបតី ត្រាំ បានបង់ពន្ធចំណូលផ្ទាល់ខ្លួនរាប់រយលានដុល្លារទៅរដ្ឋាភិបាលសហព័ន្ធ ហើយលោកបានបង់ពន្ធចំណូលរាប់លានដុល្លារ ចាប់តាំងពីប្រកាសជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០១៥មកផងដែរ។ ការបញ្ចេញរបាយការណ៍លម្អិតពាក់ព័ន្ធព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន មិនមែនជាកាត្វកិច្ចរបស់ប្រធានាធិបតីអាមេរិកឡើយ។ តែប្រធានាធិបតីទាំងអស់ចាប់តាំងពីលោក រីឆាត និកសុន (Richard Nixon) មក បានបន្តធ្វើបែបនេះ ហើយក្លាយជាប្រពៃណីមួយសម្រាប់មេដឹកនាំកំពូលអាមេរិកទៅហើយ។ ប៉ុន្តែលោក ត្រាំ បានបំផ្លាញប្រពៃណីប្រធានាធិបតីអាមេរិកនេះ ដោយបដិសេធបញ្ចេញរបាយការណ៍ប្រកាសពន្ធរបស់លោក៕

Tag:
 អាមេរិក
  ដូណាល់ ត្រាំ
  New York Times
© រក្សាសិទ្ធិដោយ thmeythmey.com