គ្រាប់​បាល់​ស៊ីសង​គ្នា​នៅ​ចុង​ម៉ោង​នាំ​ឲ្យ​បឹងកេត បន្ត​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ព្រះខ័ន​រាជ​ស្វាយរៀង​
កីឡាជាតិ
ជាតិ
គ្រាប់​បាល់​ស៊ីសង​គ្នា​នៅ​ចុង​ម៉ោង​នាំ​ឲ្យ​បឹងកេត បន្ត​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ព្រះខ័ន​រាជ​ស្វាយរៀង​
28, Sep 2020 , 2:51 pm        
រូបភាព
​បឹងកេត​បន្ត​ឈរ​កំពូល​តារាង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដោយ​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រោយ​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ជំនួប​សប្តាហ៍​ទី​១៦​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។ សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​វិសាខា​រក្សា​លទ្ធផល​ស្មើ ២-២ ជាមួយ​ណាហ្គា​វើ​ល រីឯ​គីរីវង់​សុខ​សែន​ជ័យ​ស៊ី​សូល​ទី​ឡូ​អង្គរ ៣-១​។

 
 
​នា​ជំនួប​ដ៏​តានតឹង​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ រវាង​ក្រុម​បឹងកេត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ពុំមាន​គ្រាប់​បាល់​កើតឡើង​ឡើយ​ក្នុង​រយៈពេល​៩០​នាទី ទោះបី​ក្រុម​ទាំងពីរ​បានដាក់​សម្ពាធ​និង​បង្កើត​ឱកាស​ទៅវិញទៅមក​ជាច្រើនលើក​ក៏ដោយ​។ ឈានដល់​នាទី​បន្ថែម​មុន​បញ្ចប់​តង់​ទី​ពីរ គ្រាប់​បាល់​ពីរ​គ្រាប់​ត្រូវបាន​ក្រុម​ទាំងពីរ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ 


 
​ក្នុងនោះ​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Kenta Yamazaki បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​បឹងកេត​នៅ​នាទី​៩០+១ តាមរយៈ​ការ​ប៉ែង​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្រោយ​ការលើក​របស់​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ​។ មួយ​គ្រាប់​នៅ​នាទី​បន្ថែម​របស់ Kenta បានផ្តល់​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​អ្នកគាំទ្រ​ក្លិប​បឹងកេត តែ​វា​បានផ្តល់​ភាពឈឺចាប់ និង​សោកស្តាយ​សម្រាប់​អ្នកគាំទ្រ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី កីឡាករ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ពុំបាន​បាក់​ទឹកចិត្ត ឬ​បាត់បង់​ការខិតខំ​ប្រឹង​ប្រែង​របស់ខ្លួន​នោះទេ ដោយ​ពួកគេ​មានឱកាស​ស៊ុត​បញ្ចូល​ទី​បឹងកេត​រហូត​ពីរដង​ក្នុង​រយៈពេល​១​នាទី​តែ​ធ្វើ​មិនបាន​សម្រេច​។ ឈានដល់​នាទី​ទី​៩០+៦ ខ្សែបម្រើ​ជនជាតិ​ប្រេ​ស៊ី​ល Thiago Santos បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ក្រោយ​ការលើក​បាល់​ចេញពី​ជ្រុង​របស់​កីឡាករ នេន សុធា​រ័ត្ន​។ ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 


 
​គ្រាប់​បាល់​ស៊ីសង​គ្នា​នៅ​ចុង​ម៉ោង​នៃ​តង់​ទី​ពីរ​នេះ នាំ​ឲ្យ​បឹងកេត បន្ត​ឈរ​កំពូល​តារាង​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​សប្តាហ៍​ទី​១៦ ដោយ​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ក្រុម​មិនទាន់​ស្គាល់​ចាញ់​បឹងកេត​មាន​៣៨​ពិន្ទុ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់​មាន​៣៦​ពិន្ទុ​។ នៅសល់តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ លី​គ​កំពូល​កម្ពុជា​នឹងត្រូវ​បិទ​បញ្ចប់​។ សម្រាប់​ជំនួប​សប្តាហ៍​ទី​១៧ បឹងកេត​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​កងយោធពល​ខេមរភូមិន្ទ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​វិសាខា​។ 
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នោះដែរ ក្រុម​ម្ចាស់ផ្ទះ​វិសាខា​បាន​វាយបក​តាម​ស្មើ ២-២ ជាមួយ​ណាហ្គា​វើ​ល​។ កីឡាករ រ៉ឹង ប៊ុន​ហៀ​ង និង កែវ សុខ​ផេង ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ ខណៈ​ខ្សែប្រយុទ្ធ Marques Marcio និង​កីឡាករ គួច ដា​នី ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​ភ្ញៀវ​។ 
 
​ចំណែក​ការប្រកួត​នៅ​ទឹកដី​ខេត្តតាកែវ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-១៕ 
 
 

Tag:
 បឹងកេត​
  Cambodian League 2020
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com