កីឡាអន្តរជាតិ
អន្តរជាតិ
Man City គ្រោង​ចំណាយ​៨៣​លាន​ដុល្លារ ដើម្បី​ទិញ​ខ្សែការពារ Dias ពី Benfica
28, Sep 2020 , 7:29 pm        
រូបភាព
​ក្លិប Manchester City បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ Ruben Dias ពី Benfica ក្នុងតម្លៃ ៦៥ លាន​ផោន (៨៣​លាន​ដុល្លារ​អាមេរិក​)​។ ខ្សែការពារ​ព័រទុយហ្កាល់​រូបនេះ នឹងត្រូវ​ជំនួស​កន្លែង Nicolas Otamendi ខណៈ​ក្រុម​លោក Pep Guardiola កំពុងមាន​វិបត្តិ​នៅ​តំបន់​ការពារ​។


​បើតាម​ការចុះផ្សាយ​រប​ស់ BBC ខ្សែការពារ​កណ្តាល Nicolas Otamendi នឹង​ចាក​ចេញពី​ទឹកដី Etihad រដូវ​កាល​នេះ​។ ដូច្នេះ អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola ចង់បាន​ខ្សែការពារ​ដើម្បី​ដ៏​រឹង​មាណ​ទៅ​បំពេញ​ចន្លោះ​ឲ្យ​ដូច​កាល​អតីត Vincent Kompany នៅ​រួម​ក្រុម​។​
 
​ក្រុម​រហស្សនាម​មេឃ​ខៀវ​បាន​ជួយ​បញ្ហា​នៅ​តំបន់​ការពារ ស្របពេល​ពួកគេ​បរាជ័យ​យ៉ាង​អាម៉ាស​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ក្នុងផ្ទះ​ខ្លួនឯង​ដល់​ទៅ ៥-២ នា​ការប្រកួត Premier League យប់​មិច​នេះ​។​
 
​ដោយឡែក នៅ​យប់​ថ្ងៃទី​២៧​នេះដែរ ក្លិប Benfica បានចេញ​សេចក្តីប្រកាស​បញ្ជាក់​ពី​ការផ្ទេរ Dias នេះដែរ នៅឡើយ​តែ​កិច្ចព្រមព្រៀង​រវាង​ក្លិប និង​កីឡាករ​ប៉ុណ្ណោះ​។ Dias វ័យ ២៣ ឆ្នាំ ដែលជា​ប្រធាន​ក្រុម Benfica បាន​ដឹកនាំ​ក្រុម​យកឈ្នះ Moreirense ២-០ ក្នុងជំនួប​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ជួយ​ក្រុម​លោក Rui Costa ទទួលបាន​៣​ពិន្ទុ​។​
 
​បន្ទាប់ពី​ការប្រកួត​នេះ Dias ដែល​បាន​រក​គ្រាប់​បញ្ចូល​ទី​១២​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១៣៣ លើក នោះបាន​ប្រាប់​ទូរទស្សន៍ Benfica ថា​៖ «​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​ប្រាកដជា​ដឹង​ហើយ​ថា​ហេតុអ្វី​បានជា​ខ្ញុំ​អោប​អ្នកចាត់ការ​លោក Rui Costa »​។ ការលើកឡើង​បែបនេះ ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​ចង់បង្ហាញ​ពី​ការប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម មុន​ចាក​ចេញទៅ​អង់គ្លេស​។​
 
​ដំបូង​ឡើយ លោក Guardiola បានដាក់​គោលដៅ​ចង់បាន Kalidou Koulibaly ពី Napoli ប៉ុន្តែ​ក្លិប​នៅ​អ៊ីតាលី​មួយ​នេះ​ចង់បាន​ថ្លៃ​ផ្ទេ​ដល់​ទៅ ៨០ លាន​ផោន (១០២​លាន​ដុល្លារ​) ទើប Man City ប្តូរ​ទិសដៅ​វិញ​។​
 
Man City កំពុង​ពង្រឹង​តំបន់​ការពារ​ឡើងវិញ​ដើម្បី​ប្រជែង​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០២០-២១ នេះ ជាមួយ​ម្ចាស់​ការពារ​ជើងឯក Liverpool ខណៈ​ពួកគេ​ទើប​ទិញ​ចូល​ខ្សែការពារ Nathan Ake ពី Bournemouth ក្នុងតម្លៃ​៥១​លាន​ដុល្លារ​រួចហើយ​នៅ​ដើមរដូវ​កាល​៕
 
 

Tag:
 Manchester City
  Ruben Dias
© រក្សាសិទ្ធិដោយ thmeythmey.com