ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថ្លែង​ទៅកាន់​អង្គការសហប្រជាជាតិ​ថា «​កម្ពុជា រង​ភាពអយុត្តិធម៌ ពី​ប្រទេស​មួយចំនួន​»
28, Sep 2020 , 8:29 pm        
រូបភាព
រូបបង្ហាញពីការថ្លែងសុន្ទរកថារបស់ម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានចាក់ផ្សាយ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
រូបបង្ហាញពីការថ្លែងសុន្ទរកថារបស់ម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានចាក់ផ្សាយ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
​ដូច​មេដឹកនាំ​តាម​បណ្តា​ប្រទេស​ដទៃទៀត​ដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា ទៅកាន់​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​នៃ​មហា​សន្និ​បាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ តាមរយៈ​ការចាក់ផ្សាយ​វីដេអូ ដែលថតទុកជាមុន​។



​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ទស្សនទាន​៥​ចំណុច ចែករំលែក​ដល់​កិច្ចប្រជុំ​នៃ​ស្ថាប័ន​អង្គការ​អន្តរជាតិ​ដ៏​បំផុត​មួយ​នេះ រួមមាន ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ថ្មីៗ និង​ផលប៉ះពាល់​ចំពោះ​ពិភពលោក​, ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការស្តា​សេដ្ឋកិច្ចសង្គម​ឡើងវិញ​, បញ្ហា និង​ការ​ប្រឈម​ជា​សាកល​, និង ការបដិសេធ​ចំពោះ​ភាពអយុត្តិធម៌ [​មកលើ​កម្ពុជា​]​។ 
 
​ចំពោះ​ចំណុច​ទី​៥ ស្តីពី​ការបដិសេធ​ចំពោះ​ភាពអយុត្តិធម៌ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា ក្នុងនាម​ជា​ប្រទេស​តូច​មួយ ដែល​ស្រឡាញ់​សន្តិភាព​និង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ កម្ពុជា អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន នៅក្នុង​សហគមន៍​អន្តរជាតិ​បាន លុះត្រាតែ​ច្បាប់​នានា ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ ត្រូវបាន​អនុវត្ត​ប្រកបដោយ «​សមភាព​»​។ 
 
​ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី សម្តែង​ការសោកស្តាយ ដែលជា​រឿយៗ ប្រទេស​មួយចំនួន ព្រោះតែ​អាស្រ័យ​លើ​មហិច្ឆតា​នយោបាយ និង​របៀបវារៈ​ឱកាស​លាក់ពុត​របស់ខ្លួន កម្ពុជា ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ពីរ ប្រកប​ដោ​ល្បិចកល និង​ការសម្រេចចិត្ត​លម្អៀង ពោលគឺ «​ភាពអយុត្តិធម៌» [​មកលើ​កម្ពុជា​]​។   
 
​ភាពយុត្តិធម៌​នេះ បានធ្វើ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី នឹកឃើញ​ដល់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​។ សម្តេច រម្លឹកថា ជាង​៤០​ឆ្នាំមុន កម្ពុជា ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មែរក្រហម ដែល​របប​នេះ បានសម្លាប់​ប្រជាជនឯងជាង​ពីរលាន​នាក់ ហើយ​អ្នក​នៅមាន​ជីវិត​ទាំង​បាក់ស្បាត​និង​សល់​តែ​បាត​ដៃទទេ គឺជា​អ្នក​ដែល​ស្តារ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា រៀបរាប់​បន្តថា អ្វីដែល​គួរ​ឲ្យ​ហួសចិត្តទៀតនោះ គឺ​អ្នក​នៅមាន​ជីវិត​ទាំងអស់នោះ បែរជា​ទទួលរង​ទណ្ឌកម្ម​ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ ហើយ​ថែមទាំង​អនុ​ញ្ញា​តឲ្យ​មេដឹកនាំ​ខ្មែរក្រហម កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ​។ 
 
​ប្រមុខ​រដ្ឋាភិបាល​លក​ម្ពុ​ជា បន្ថែមថា រដ្ឋាភិបាល​បរទេស​ទាំង​នោះ ដែល​បាន​ផ្សព្វផ្សាយ​ឥតឈប់ឈរ​ពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស គឺជា​អ្នក​រារាំង​ប្រជាជន​កម្ពុជា ក្នុងការ​ទទួលបាន​ចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និង​ជាពិសេស​សុខសន្តិភាព អស់​រយៈពេល​ជាង​១២​ឆ្នាំ​។​
 
​រម្លឹក​ពី​ភាពជូរចត់​នៃ​ប្រវត្តិសាស្ត្រ​រួចហើយ មេដឹកនាំ​កម្ពុជា ក៏បាន​និយាយ​តិចតួច​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ មេដឹកនាំ​កម្ពុជា ចាត់ទុក ការដក EBA មួយផ្នែក​ឬ​ស្នើ​នឹង​២០​ភាគរយ ដោយ​សហភាព​អឺរ៉ុប ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ថា​ជា «​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​»​។ 
 
​យ៉ាងណា មេដឹកនាំ​កម្ពុជា អះអាងថា កម្ពុជា នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ដូចដែល​ធ្លាប់​បានធ្វើ​៤០​ឆ្នាំ​មកហើយ ក្នុងការ​ការពារ​អធិបតេយ្យភាព​និង​ការថែរក្សា​សន្តិភាព ដែល​កសាងបាន​យ៉ាង​លំបាកលំបិន និង​ទទួល​បានការ​សាទរ​ពី​ប្រជាជន​កម្ពុជា​ទាំងមូល​។ 
 
​មេដឹកនាំ​កម្ពុជា ប្រាប់​ទៅ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​នានា​ថា ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត កំពុង​ងើបឈរ​ឡើងជា​ប្រជាជាតិ​មួយ​ស្មើ​មុខមាត់ ស្មើភាព និង ស្មើ​សិទ្ធិ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​លើ​សាកលលោក​៕
 
 

Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com