អន្តរជាតិ
ស្រីលង្កា បញ្ជូន​កុងតឺន័រ​ផ្ទុក​សំរាម​ពុល​២៦០​តោន​ទៅ​ចក្រភព​អង់គ្លេស​វិញ​
28, Sep 2020 , 9:29 pm        
រូបភាព
កុងតឺន័រដឹកសំរាមពីអង់គ្លេសនៅស្រីលង្កា។ រូបភាព AFP
កុងតឺន័រដឹកសំរាមពីអង់គ្លេសនៅស្រីលង្កា។ រូបភាព AFP
ដោយ៖​កង ម៉េង​ហុង​
​ស្រីលង្កា បាន​បញ្ជូន​កុងតឺន័រ​ជាច្រើន​ទូ​ដែលមាន​ផ្ទុក​សំរាម​ពុល​ត្រឡប់​ទៅ​របស់​ចក្រភព​អង់គ្លេស​។ មន្ត្រី​គយ​ស្រីលង្កា និយាយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ថា កុងតឺន័រ​នេះ ត្រូវបាន​នាំមក​កាន់​ស្រីលង្កា​ដោយ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ​ដែល​គ្រប់គ្រង​លើ​ការដឹកជញ្ជូន​ទំនិញ​មាន​គ្រោះថ្នាក់​។​

 
​មន្ត្រី​គយ​របស់​ប្រទេស​ស្រីលង្កា បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន AEP ថា កុងតឺន័រ​ចំនួន ២១ ដែលមាន​ផ្ទុក​សំរាម​ចំនួន ២៦០ តោន បាន​មកដល់​កំពង់ផែ​គោល​នៃ​រដ្ឋធានី​កូ​ល​ឡុំ​បូ​ចន្លោះ​ពី​ខែកញ្ញា​ឆ្នាំ ២០១៧ និង​ខែ​មិនា ឆ្នាំ ២០១៨ ហើយ​កុងតឺន័រ​ទាំងនោះ ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​។ 
 
​បើតាម​មន្ត្រី​ស្រីលង្កា តាមពិតទៅ ទូ​កុងតឺន័រ​ទាំងនោះ ត្រូវ​ផ្ទុក ពូក ព្រំ និង​កំរាលព្រំ​ដែល​ប្រើ​រួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​បើក​មើល​ហើយ គេ​ឃើញ​ក៏មាន​សំណល់​របស់​មន្ទីរពេទ្យ​នៅក្នុង​កុងតឺន័រ​ផងដែរ​។ 
 
៖ « ចក្រភព​អង់គ្លេស​បាន​យល់ព្រម​នាំយក​កុងតឺន័រ​ទាំង ២១ នោះ​ត្រឡប់​ទៅវិញ​ហើយ​។ ជាមួយគ្នានេះ​ផងដែរ យើង​កំពុងធ្វើការ​ដើម្បី​ទទួលបាន​សំណង​ពី​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការយក​កុងតឺន័រ​ចូលក្នុង​ប្រទេស​»​។ អ្នកនាំពាក្យ​គយ​ស្រីលង្កា​លោក Sunil Jayaratne និយាយ​បែបនេះ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ គយ​ស្រីលង្កា​មិនបាន​បង្ហាញថា កាកសំណល់​ក្នុង​ទូ ជា​ប្រភេទ​នៃ​កាកសំណល់​នៅ​មន្ទីរពេទ្យ​នោះទេ​។ ប៉ុន្តែ​ក្នុងករណី​មុនៗ កុងតឺន័រ​ដែល​បាន​នាំចូល​ដោយ​ខុសច្បាប់​មាន​ទាំង​ក្រណាត់​កន្ទប បង់​រុំ​របួស និង​ផ្នែក​រាងកាយ​របស់​សាកសព​ទៀតផង​។​
 
​ជាមួយគ្នា​នោះ ទូ​កុងតឺន័រ​ចំនួន ២៤២ ទៀត​ដែល​ដឹក​មកពី​ចក្រភព​អង់គ្លេស ហើយ​ដែល​រដ្ឋាភិបាល​ស្រីលង្កា​អះអាងថា ដឹក​សំរាម​ខុសច្បាប់​បំពាន​ច្បាប់​អន្ដរជាតិ​ដែរនោះ កំពុងស្ថិត​នៅឯ​កំពង់​ផែ​មួយ​និង​នៅឯ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយទៀត​នៅក្រៅ​រដ្ឋធានី​កូឡុំបូ​។ កុងតឺន័រ​ទាំងនេះ ត្រូវបាន​នាំចូល​នៅ​ចន្លោះ​ឆ្នាំ​២០១៧ និង​២០១៨ ។ បច្ចុប្បន្ន រដ្ឋាភិបាល​ក្រុង​កូឡុំបូ កំពុង​ធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​អ្នក​ដឹក​កុងតឺន័រ​ទាំងនេះ​ដើម្បី​យកចេញ​ពី​ប្រទេស​។ 
 
​ស្រីលង្កា ជា​គៅ​ល​ដៅ​នៃ​ការ​នាំចូល​សំរាម​គ្រោះថ្នាក់​ដែល​ដឹក​ចេញពី​ប្រទេស​អ្នកមាន​ខ្លះ​។ ប្រទេស​ជាច្រើន​នៅ​អាស៊ី មាន​អារម្មណ៍មិនល្អ​ដោយសារ​ប្រទេស​របស់ខ្លួន​បាន​ក្លាយជា​គំនរ​សំរាម​របស់​ប្រទេស​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​នៅក្នុង​រយៈពេល ២ ឆ្នាំ​កន្លងមកនេះ ហើយ​បានចាប់ផ្ដើម​បញ្ជូន ឬ​បដិសេធ​ទទួលយក​កុងតឺន័រ​ដឹក​កាកសំណល់​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com