ជាតិ
លោក ប៊ុត គឹម​ឆាយ ពង្រីក​ការដាំ​ដូងក្រអូប​បន្ត​ពី​គ្រួសារ​
29, Sep 2020 , 7:59 am        
រូបភាព
ដោយ:
​លោក ប៊ុត គឹម​ឆាយ ជា​ម្ចាស់​ចម្ការ​ដូងក្រអូប​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៤០​ហិកតា ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក ប៊ុត គឹម​ឆាយ ប្រាប់​សារព័ត៌មាន​ThmeyThmey25​ថា លោក បានចាប់ផ្តើម​ពង្រីក​ការដាំ​ដូងក្រអូប​បន្ត​ពី​គ្រួសារ​នៅក្នុង​ឆ្នាំ​២០០២ ពី​១០​ហិកតា រហូតដល់​៤០​ហិកតា នៅពេល​បច្ចុប្បន្ន ដោយសារតែ​លោក​មើលឃើញថា​ដំណាំ​នេះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។ ក្រអូប​ប្រមាណ​៤០​ហិកតា​នេះ អាច​ឲ្យ​ម្ចាស់​ចម្ការ​វ័យ​២៨​ឆ្នាំ​រូបនេះ ចំណេញ​ប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។

 
​លោក ប៊ុត គឹម​ឆាយ ជា​កសិករ​វ័យក្មេង និង​ជោគជ័យ​មួយរូប​។ លោក គឺជា​ម្ចាស់​ចម្ការ ចម្ការ​ដូងក្រអូប ប្រមាណ​៤០​ហិត​កតា នៅក្នុង​វ័យ​ត្រឹមតែ​២៨​ឆ្នាំ​។ គឺជា​ចម្ការ​ដូងក្រអូប ដែល​លោក គឹម​ឆាយ បាន​ពង្រីក​បន្ត​ពី​គ្រួសារ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០០២​នៅលើ​ផ្ទៃដី​ដាំ​ដុះ​ដែលមាន​ស្រាប់​១០​ហិកតា ពង្រីក​ដល់​៤០​ហិកតា ក្នុងពេល​បច្ចុប្បន្ន​។ 


លោក ប៊ុត គឹមឆាយ (រូបភាពផ្ដល់ដោយលោក ប៊ុត គឹមឆាយ) 

​កសិករ​វ័យ​២៨​ឆ្នាំ​រូបនេះ ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​លោក​សម្រេចចិត្ត បន្ត​របរ​កសិកម្ម​បន្ត​ពី​គ្រួសារ ទាំង​ដែល​មិនបាន​សិក្សា​ជំនាញ​កសិកម្ម កាលពី​ជិត​២០​ឆ្នាំមុន​នោះ ព្រោះតែ​កាលណោះ ដូងក្រអូប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ខណៈដែល​ពេលនោះ​អ្នក​ដាំ​ដុះ​នៅមាន​តិច​នៅឡើយ​។ ម្យ៉ាង​តំបន់​ដែល​យុវជន​រូបនេះ​រស់នៅ ក៏​ស្រប​នឹង​ដំណាំ​ដូងក្រអូប​នេះដែរ​។ លោក​ប៊ុត គឹម​ឆាយ បញ្ជាក់ប្រាប់ Thmeythmey25 ដូច្នេះ​៖«​ខ្ញុំ​ចាប់ផ្ដើម​ដាំដូង​ក្រអូប តាំងពី​ឆ្នាំ​២០០២ បន្ត​ពី​គ្រួសារ​របស់ខ្ញុំ លើ​ផ្ទៃដី ១០​ហិកតា​។ ហើយ​រហូត​បច្ចុប្បន្ន​បាន​ពង្រីក​ផ្ទៃដី ៤០​ហិកតា និង​កំពុង​សិក្សា​ទីផ្សារ គ្រោង​ពង្រីក​ផ្ទៃដី​ពី ៧​ទៅ ៨​ហិកតា​បន្ថែម​»​។ 
 
​គម្រោង​ពង្រីក​ការដាំដុះ​បន្លែ​ម ព្រោះ​ម្ចាស់​ចម្ការ​រូបនេះ មើលឃើញថា​ដូងក្រអូប រឹត​តែមាន​តម្រូវការ​ខ្ពស់​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ទោះបី​គ្មាន​ជំនាញ​កសិកម្ម តែ​បទពិសោធន៍​ដាំ​ដុះ​ដូងក្រអូប ពី​គ្រួសារ ធ្វើ​ឲ្យ​លោក​អាច​ពង្រីក​ការដាំដុះ​បន្ថែម​បាន​យ៉ាង​ងាយ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ដែក​បច្ចុប្បន្ន លោក គឹម​ឆាយ បានប្រែក្លាយ​ការដាំដុះ​ដូងក្រអូប​ជា​លក្ខណៈ​គ្រួសារ ទៅជា​អាជីវកម្ម​ទៅហើយ​។​


 
​លោក​បាន​បន្តថា ដូងក្រអូប​ងាយ​ដាំ មិនសូវ​រើស​ប្រភេទ​ដី​នោះទេ គឺអាច​ដាំ​បាន​ទាំង​ប្រភេទ​ដី​ដែលមាន​ល្បាយខ្សាច់ ដី​តំបន់ភ្នំ និង​តំបន់​ជាប់មាត់​សមុទ្រ​។ ដូងក្រអូប នឹង​អាច​ផ្ដល់​ផល​ក្នុង​រយៈពេល ២-៣​ឆ្នាំ​បន្ទាប់ពី​ដាំ​ដុះ​។ នេះ​បើតាម​លោក ប៊ុត គឹម​ឆាយ ដែល​បាន​បន្តថា ដី​ដែលមាន​ជាតិ​ប្រៃ នឹងធ្វើ​ឲ្យ​ដូង​មាន​រសជាតិ​កាន់តែ​ផ្អែម និង​ក្រអូប​។ ទោះជា​យ៉ាងនេះ​ក្តី កសិករ​គឹម​ឆាយ ក៏​ណែនាំ​ឲ្យ​កសិករ​ដែលមាន​បំណង​ដាំដូង​ក្រអូប ត្រូវ​គិតគូរ​ពី​កន្លែង​ដាំ​ដុះ​ដែលមាន​ប្រភពទឹក​គ្រប់គ្រាន់​ដែរ ព្រោះ​ដំណាំ​នេះ ត្រូវការ​ទឹកជា​ប្រចាំ​។ ម្យ៉ាងវិញទៀត កសិករ​ក៏​គួរ​ប្រុងប្រយ័ត្ន លើ​សត្វ​ចង្រៃ​ដូចជា សត្វ​កណ្ដូប ឌួង និង​សត្វ​ក្រា​ជាដើម ដែល​តែង​យាយី​ដល់​ដំណាំ​មួយ​ប្រភេទ​នេះ​ផងដែរ​។ នេះ​បើតាម​ម្ចាស់​ចម្ការ​ដូងក្រអូប​វ័យក្មេង​រូបនេះ​។ 


ដូងក្រអូបក្នុងចំការលោក គឹមឆាយ 

​បច្ចុប្បន្ន ដូងក្រអូប​របស់លោក អាច​ផ្គត់ផ្គង់​តែ​លើ​ទីផ្សារ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ខណៈ​តម្រូវការ​មាន​ច្រើន​លើសលប់​។ តាម​លោក គឹម​ឆាយ  ផ្ទៃដី​៤០​ហិកតា​នេះ លោក​បាន​ដាំដូង​ក្រអូប​ចំនួន ១៦ ០០០​ដើម ដោយ​បច្ចុប្បន្ន ទើបតែ​មាន​ដូង ប្រមាណ ៩ ០០០​ដើម​ប៉ុណ្ណោះ កំពុង​ហុច​ផល​។ ជា​រៀងរាល់ខែ កសិករ​វ័យក្មេង​រូបនេះ អាច​ប្រមូល​ផល​ប្រមាណ​៣​ម៉ឺន​ផ្លែ ដែល ១​ផ្លែៗ​អាច​លក់បាន​ពី ២ ៤០០- ៣ ៥០០​រៀល​។ ជា​មធ្យម ក្នុង​មួយឆ្នាំ លោក​អាច​ទទួលបាន​ចំណូល​ពី​ការលក់​ដូងក្រអូប​ទាំង​ដូងខ្ចី ដូងទុំ និង​ពូជ​ដូង បាន​ប្រមាណ ១៨​ម៉ឺន​ដុល្លារ​។ ក្រោយ​ទូទាត់​ចំណាយ លោក​អាច​នៅសល់​ប្រាក់ចំណេញ ប្រមាណ​១០​ម៉ឺន ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​លោក ប៊ុត គឹម​ឆាយ​៕
 




កូនពូជដូងក្រអូប 
 

Tag:
 ប៊ុត គឹម​ឆាយ​
 ​កសិករ​
 ​ដូងក្រអូប
© រក្សាសិទ្ធិដោយ thmeythmey.com