COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
កន្លែង​កម្សាន្ត​មួយ​នៅ​ថៃ ប្តឹង​បុរស​អាមេរិក​ដែល​សរសេរ​វាយតម្លៃ​អវិជ្ជមាន​លើ TripAdvisor
29, Sep 2020 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវបាន​ប្តឹង​ដោយ​កន្លែង​លំហែកាយ​ថៃ​មួយកន្លែង​ពី​ការវាយតម្លៃ​អវិជ្ជមាន​លើ​វេ​ប​សាយ Tripadvisor​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ថៃ នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។ ក្នុង​ច្បាប់​របស់​ថៃ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​គឺអាច​ជាប់ពន្ធនាគា​រហូត​ដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៦៣០០​ដុល្លារ​។


​ថៃ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​ចាប់តាំងពី​ខែមិថុនា​មក​ម្លេះ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​រងគ្រោះ​ដោយសារ​COVID-19​។ ទេសចរណ៍​ក្នុងស្រុក ក៏ត្រូវ​បានអនុញ្ញាត​ដែរ​។ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កោះ​Koh Chang លោក​Wesley Barnes ដែលជា​ជនជាតិ​អាមេរិក​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​វាយតម្លៃ​ពាក្យពេចន៍​មិនល្អ​ជាច្រើន​លើ​កន្លែង​លំហែកាយ​The Sea View នៅ​វេ​ប​សាយ​ដំណើរ​កំសាន្ត TripAdvisor ក្នុងនោះ​រួមទាំង​ការមិន​ទទួលភ្ញៀវ​ឲ្យ​បាន​រាក់ទាក់​ផងដែរ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ កន្លែង​កម្សាន្ត​The Sea View បានសម្រេច​ប្តឹង​លោក​Wesley Barnes ពី​ការវាយតម្លៃ​កន្លែង​របស់ខ្លួន​អវិជ្ជមាន​នៅក្នុង​វេ​ប​សាយ TripAdvisor​។ លោក Thanapon Taemsara វរៈសេនីយ៍ឯក និង​ជា​ប៉ូលិស​ប្រចាំ​កោះ Koh Chang បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា លោក​Wesley ត្រូវបាន​ចោទ​ពី​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ The Sea View និង​ការ​ប្រកែក​គ្នា​ជាមួយ​បុគ្គលិក ជុំវិញ​ការមិន​ឲ្យ​ប្រាក់កម្រៃ​ពេល​បុគ្គលិក​យក​ភេសជ្ជៈ​ដោយ​បន្ទប់​សណ្ឋាគារ​។ 
 
​នៅក្នុង​ខែកក្កដា​កន្លងទៅ ជនជាតិ​អាមេរិក​រូបនេះ បាន​វាយតម្លៃ​លើ​វេ​ប​សាយ​TripAdvisor ថា លោក បាន​ឈ្លោះប្រកែក​ជាមួយ​បុគ្គលិក​សណ្ឋាគារ ដែល​ធ្វើ​ដូចជា​មិន​ចង់​ទទួលភ្ញៀវ​។ ចំណែក កន្លែង​លំហែកាយ​The Sea View វិញ​អះអាងថា ការសម្រេច​ដាក់ពាក្យ​ប្តឹង​នេះ គឺធ្វើឡើង​ដោយសារ លោក Barnes បាន​វាយតម្លៃ​ជាច្រើនលើក​លើ​វេ​ប​សាយ TripAdvisor​។ 
 
​តាមច្បាប់​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ថៃ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ អាច​នឹង​ជាប់ពន្ធនាគា​រហូតដល់​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៦៣០០​ដុល្លារ​។ សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង លោក​Barnes ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ថៃ និង​បញ្ជូនមក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅលើ​កោះ​Koh Chang ប៉ុន្តែ​ក្រោយមក លោក​ត្រូវបាន​គេ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​៕ 

Tag:
 ថៃ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com