ជាតិ
សង្គមជាតិ
«​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​ជា​ប្រធានបទ​ទិវា​គ្រូបង្រៀន នៅ​ឆ្នាំនេះ​
29, Sep 2020 , 8:59 am        
រូបភាព
ទិដ្ឋភាពគ្រូកំពុងបង្រៀនសិស្សថ្នាក់ទី១២នៅវិទ្យាល័យបាក់ឌុប នៅថ្ងៃ​បើក​សាលារៀនវិញ ក្រោយពីផ្អាកការសិក្សា អស់រយៈពេល៦ខែ​ដោយសារការរាតត្បាតជំងឺកូវីដ-១៩
ទិដ្ឋភាពគ្រូកំពុងបង្រៀនសិស្សថ្នាក់ទី១២នៅវិទ្យាល័យបាក់ឌុប នៅថ្ងៃ​បើក​សាលារៀនវិញ ក្រោយពីផ្អាកការសិក្សា អស់រយៈពេល៦ខែ​ដោយសារការរាតត្បាតជំងឺកូវីដ-១៩
ដោយ:
​ភ្នំពេញ​៖ ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា​ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ស្តីពី​«​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​» នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ កម្ម​វី​ធី​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ គ្រូ និង​សាស្ត្រាចារ្យ ដោយ​គោរព​ទៅតាម​វិធាន​ការធានា​សុវត្ថិភាព​។

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា ហើយ​មិនមាន​ការចូលរួម​ច្រើន​ពី​សំណាក់​គ្រូបង្រៀន ដូចនឹង​ឆ្នាំមុនៗ​ឡើយ​។ បើតាម​លោក រស់ សុ​វាចា កម្មវិធី​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​ជូន​សាធារណជន តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​ផងដែរ​។ 
 
​លោក រស់ សុ​វាចា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សមាសភាព​ចូលរួម​ផ្ទាល់​មាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រធាន​អង្គភាព​ថ្នាក់កណ្តាល តំណាង​សមាគម​បុគ្គលិក សិក្សា ខ្មែរ តំណាង​ដៃគូ​អភិវឌ្ឍន៍ តំណាង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​-​ឯកជន លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ​»​។​
 
​តាមរយៈ​កម្មវិធី​នេះ​សិស្សានុសិស្ស និង​និស្សិត​អាច​និពន្ធ​អត្ថបទ​ចម្រៀង​កំណាព្យ ឬ​រឿងនិទាន ឬ​សរសេរ​សារ​ជូនពរ សម្រាប់​រលឹកគុណ​ដល់​គ្រូបង្រៀន​ដែល​បាន​បង្រៀន ដោយ​បង្ហោះ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ រួច​ផ្ញើមក​ក្រសួង​ដោយ​បញ្ជាក់​ឈ្មោះ​គ្រឹះស្ថានសិក្សា​របស់ខ្លួន​ដែល​ធ្លា​ប់រៀន ឬ​កំពុង​រៀន និង​កំពុង​បម្រើ​ការងារ​ជាដើម​។ ក្រុមការងារ​ក្រសួង នឹង​ពិនិត្យ​ជ្រើសរើស ចែករំលែក បន្ត​លើ​ទំព័រ​ផ្លូវការ​របស់​ក្រសួង​។ 
 
​នាឱកាស​ទិវា​គ្រូបង្រៀន​ខាងមុខនេះ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចងក្រង និង​បោះពុម្ព​សៀវភៅ​កំណាព្យ​«​អារ្យធម៌​ខ្មែរ​» សម្រាប់​ចែកជូន​ដល់​គ្រូបង្រៀន​មួយចំនួន ដើម្បី​អបអរ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា​ផងដែរ​។​
 
​សៀវភៅ​កំណាព្យ​«​អារ្យធម៌​ខ្មែរ​»​សម្រាប់​អបអរ​ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ​ជា​ស្នាដៃ​និពន្ធ​លើក​ទី​២​របស់លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ។ ឆ្នាំមុន លោក​បាន​តែង​និពន្ធ​សៀវភៅ​កំណាព្យ​ដែលមាន​ចំណងជើង​ថា​«​កំណាព្យ​អប់រំ​» សម្រាប់​ទិវា​គ្រូបង្រៀន ៥ តុលា ២០១៩​។​
 
​បើតាម​ក្រសួង​អប់រំ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ ក្នុង​គោលបំណង​ឲ្យ​សិស្ស និង​និស្សិត​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន ដែល​ធ្លាប់បាន​បង្រៀន និង​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ការពារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ​។ 
 
​សូម​រំលឹកថា ទិវា​គ្រូបង្រៀន​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​១៩៩៧ ដោយ​ឆ្នាំនេះ​ជា​ខួប​លើក​ទី​២៣​ឆ្នាំ​ហើយ​៕
 
 

Tag:
 អប់រំ​
 ​កំណាព្យ​
 ​អារ្យធម៌​ខ្មែរ​
 ​សៀវភៅ​
 ​គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com