អន្តរជាតិ
ពលរដ្ឋ​ស្វ៊ី​ស គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​តម្លៃ​៦,៥​ពាន់​លាន​ដុល្លារ
28, Sep 2020 , 4:37 pm        
រូបភាព
ដោយ:
ពលរដ្ឋ​ស្វ៊ី​ស បាន​បោះឆ្នោត​គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៦,៥​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​។ នេះ​បើ​លទ្ធផល​ផ្លូវការ​នៃ​ការធ្វើប្រជាមតិ​ចេញផ្សាយ​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ។ សម្រាប់​យន្តហោះ​ចម្បាំង​ដែល​គ្រោង​ទិញ​ទាំងនេះ រដ្ឋាភិបាល​កំណត់​ដឹក​មកដល់​ប្រទេស​ស្វ៊ី​ស​ត្រឹម​ឆ្នាំ​២០២៥​។ 

 
​ប្រជាជន​ស្វ៊ី​ស​៥០,២​ភាគរយ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃទី​២៧ ខែកញ្ញា បាន​បោះឆ្នោត​គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​របស់​ប្រទេស​។ តាម​ទូរទស្សន៍​អាមេរិក Bloomberg រដ្ឋមន្ត្រី​ការពារជាតិ​ស្វ៊ី​ស អ្នកស្រី Viola Amherd បាន​និយាយ​អរគុណ​ប្រជាជន​ស្វ៊ី​ស​ដែល​អនុម័ត​គម្រោង​ទិញ​យន្តហោះ​នេះ​។ ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​ប៊ែ​ន អ្នកស្រី Amherd និយាយ​ដូច្នេះ​ថា​៖«​កងទ័ព​ស្វ៊ី​ស នឹងមាន​សមត្ថភាព​បំពេញ​កាតព្វកិច្ច​ពួកគេ​ក្នុង​ថ្ងៃ​អនាគត​»​។ 
 
​ក្រោយ​ទទួលបាន​ភ្លើង​បៃតង​ពី​ការបោះឆ្នោត​ប្រជាមតិ​នេះ រដ្ឋាភិបាល​ស្វ៊ី​ស នឹង​សម្រេច​រើស​ទិញ​យន្តហោះ​ចម្បាំង​ក្នុងចំណោម​យន្តហោះ​ដូចជា Eurofighter ផលិត​ដោយ​ក្រុមហ៊ុន Airbus, Rafale របស់​បារាំង​,  F/A-18 Super Hornet របស់់ Boeing  ឬក៏ F35-A Lightning II របស់ Lockheed Martin ។​
 
​ត្រង់ចំណុច​នេះ អ្នកស្រី​រដ្ឋមន្ត្រី Amherd សង្កត់ធ្ងន់ថា ជម្រើស​ទិញ​យន្តហោះ​ស៊េរី​ណា​នោះ នឹងត្រូវ​ប្រកាស​នា​ពាក់កណ្ដាល់​ឆ្នាំក្រោយ ហើយ​រដ្ឋាភិបាល​នឹង​ចាយ​ច្រើន​បំផុត​ត្រឹម ៦,៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​គម្រោង​ទិញ​នេះ​។ 
 
​យន្តហោះ​ចម្បាំង ដែល​ស្វ៊ី​ស​គ្រោង​ទិញ​នេះ នឹង​ជំនួស​យន្តហោះ​ចាស់ៗ សេ​រ៊ី F/A-18 Hornets ៣០​គ្រឿង ដែល​នឹង​ប្រើ​លែងកើត​នា​ឆ្នាំ​២០៣០​ខាងមុខ​។ យន្តហោះ​ចម្បាំង​ថ្មី​ទាំងនេះ នឹងត្រូវ​ដឹក​ទៅដល់​ទឹកដី​ស្វ៊ី​ស​ត្រឹម​ឆ្នាំ​២០២៥​ខាងមុខ​។ 
 
​សូមបញ្ជាក់ថា គម្រោង​ទិញ ក៏ត្រូវ​បាន​រិះគន់​ផងដែរ នៅមុន​ពេល​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​នេះ​។ អ្នកស្រី Priska Seiler Graf សមាជិកសភា​ស្វ៊ី​ស បាន​ចោទ​សំណួរ​ត្រង់ៗ​ទៅកាន់​រដ្ឋាភិបាល​ស្វ៊ី​ស​ថា​៖« «​តើន​រណា​ជាស​ត្រូវ​របស់​យើង​។ តើន​រណា​កំពុង​វាយប្រហារ​ប្រទេស​តូច និង​អព្យាក្រឹត​មួយ​នេះ ដែល​ហ៊ុម​ព័ន្ធ​ដោយ​សមាជិក​នៃ​អង្គការ​ណា​តូ​?»​។ 
 
​ប្រជាជន​ស្វ៊ី​ស កាលពី​៦​ឆ្នាំមុន បាន​បោះឆ្នោះ​បដិសេធ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​សេ​រ៊ី Gripen ពី​ស៊ុយអែត  ហើយ​ក្នុង​ឆ្នាំ​១៩៨៩ សេចក្តីស្នើ​មួយ​ដែល​លុបបំបាត់​ទាហាន​ស្វ៊ី​ស​ទាំងស្រុង ទទួល​ការគាំទ្រ​ពី​ប្រជាជន ប្រមាណ ៣៥​ភាគរយ​៕

Tag:
 ស្វ៊ី​ស​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com