ជាតិ
លោក ហ៊ុន ម៉ា​នី ស្ញប់ស្ញែង​ការ​ខំប្រឹង និង​លះបង់​របស់​គ្រូបង្រៀន ក្នុងដំណាក់កាល COVID-19
28, Sep 2020 , 11:58 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​ចុះ​បេសកកម្ម​របស់​គណៈកម្មកា​រ​ទី​៧ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន លោក ហ៊ុន ម៉ា​នី បានបង្ហាញ​ការចាប់អារម្មណ៍ និង​ស្ញប់ស្ញែង​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​របស់​គ្រូបង្រៀន ដែល​បាន​ចំណាយ​ពេលវេលា ថវិកា និង​កម្លាំងកាយ​ចិត្ត ដើម្បី​បង្រៀន​សិស្សានុសិស្ស ក្នុងដំណាក់កាល កូ​វីដ​១៩​។ បើតាម​លោក ហ៊ុន ម៉ា​នី ក្នុង​បរិបទ​កូ​វីដ​១៩ វិស័យ​អប់រំ​បាន​រង​ការប៉ះពាល់ ដែល​ទាមទារ​ឱ្យ​លោកគ្រូ អ្នកគ្រូ បង្កើត​វិធីសាស្ត្រ​បង្រៀន​បែប​ថ្មី ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​បន្តបន្ទាប់ បន្ថែម​ពីអ្វី​ដែល​ធ្លាប់​អនុវត្ត​កន្លងមក​។​



​កាលពី​ថ្ងៃទី ២២-២៥ កញ្ញា លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​ចុះ​បេសកកម្ម​ទៅកាន់​ខេត្ត​ចំនួន​២ រួមមាន ខេត្ត​ប៉ៃលិន និង​បាត់ដំបង ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផល​លំបាក​បង្កដោយ​កូ​វីដ​១៩ លើ​គ្រឹះស្ថានសិក្សា​នៅតាម​មូលដ្ឋាន​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​អប់រំ ក្នុងការ​អនុវត្ត​ដំណើរ​ការបើក​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ និង​ស្តាប់​នូវ​បញ្ហា​ប្រឈម រួមទាំង​សំណូមពរ របស់​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ​។​


 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន ម៉ា​នី លើកឡើងថា​៖ «​ដើម្បី​ធានាថា​សិស្សានុសិស្ស​អាច​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ លោកគ្រូ អ្នកគ្រូ​ខ្លះ​បានធ្វើ​ដំណើរ​ចុះ​ផ្ទាល់​ទៅកាន់​សហគមន៍ ទោះ​ជួប​ការលំបាក​ដូចជា​ស្ថានភាព​ផ្លូវ​រអិល​ពេល​ភ្លៀង និង​ផ្ទះ​ដែលមាន​ឆ្កែ​កាច ដើម្បី​យក​ក្រដាស​មេរៀន កិច្ចការ​លំ​ហាត់ ចែក​ដល់​សិស្សានុសិស្ស ហើយ​ខ្លះទៀត​បាន​ចុះទៅ​ផ្ទះ​របស់​សិស្ស​ផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​ណែនាំ​ពី​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្នើសុំ​ការសហការ​ពី​អាណាព្យាបាល​ក្នុងការ​ជំរុញ​កូនៗ​ឱ្យខិត​ខំរៀន​សូត្រ​ពី​ចម្ងាយ​។ ទឹកចិត្ត និង​កាយវិការ​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពីស​មាណចិត្ត និង​មនសិការ​បស់​គ្រូបង្រៀន បើទោះបីជា​ស្ថានភាព​ណាក៏ដោយ ក៏​ពួកគាត់​មិន​បោះបង់​សិស្សានុសិស្ស​ឡើយ​»​។ 

 
​តាមរយៈ​ការ​ខំប្រឹងប្រែង និង​ការលះបង់​របស់លោក​គ្រូ អ្នកគ្រូ ប្រធាន​គណៈកម្មការ​ទី​៧ រូបនេះ បាន​អរគុណ​ដល់​គ្រូបង្រៀន​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ផ្ទាល់ សូម​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក ហើយ​ខ្ញុំ​សង្ឃឹមថា​លោកគ្រូ និង​អ្នកគ្រូ និង​បន្ត​អនុវត្ត​ស្របតាម​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​និរន្ត​ភាព​នៃ​ការអប់រំ ដែល​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ជា​កម្លាំង​បន្តវេន​នៅ​ថ្ងៃ​អនាគត​»៕
 

Tag:
 អប់រំ​
  ហ៊ុន ម៉ា​នី​
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com