Gonzalo Higuain ខកឱកាសរកគ្រាប់បាល់ ក្រោយទាត់បាល់ប៉េណាល់ទីមិនបានសម្រេចក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Inter Miami ខណៈដែលក្រុមដែលមានលោក David Beckham ជាម្ចាស់នេះ បានចាញ់ក្រុម Philadelphia Union ក្នុងលទ្ធផល ៣-០។ ទាត់បាល់ពិន័យមិនចូលហើយត្រូវកីឡាករក្រុមគូប្រជែងចំអកទៀត ធ្វើឲ្យ Higuain ក្តៅស្លឹកត្រចៀករហូតបង្កជាជម្លោះ។
Higuain វ័យ៣២ឆ្នាំ ទើបផ្លាស់ពី Juventus ក្រោយបញ្ចប់កិច្ចសន្យា ដើម្បីទៅចូលរួមជាមួយក្រុម Miami ក្នុងក្របខណ្ឌលីគកំពូលអាមេរិក MLS កាលពីដើមខែនេះ។ ខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិអាហ្សង់ទីនរូបនេះទទួលបានបាល់ស៊ុតពិន័យប៉េណាល់ទីនៅនាទី៧៧ ក្រោយការនាំមុខរបស់ Philadelphia ២-០។ យ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធ Real Madrid, Napoli និង Chelsea ធ្វើមិនបានសម្រេចទេ ហើយថែមទាំងទទួលការចំអកពីសមាជិកកីឡាករក្រុមគូប្រជែងទៀតផង។
Higuain ដែលមិនអាចរកគ្រាប់បាល់ដំបូងរបស់ខ្លួន ប្រតិកម្មយ៉ាងខ្លាំងនៅពេលដែលខ្សែការពារ Jakob Glesnes របស់ Philadelphia អបអរឌឺដងនៅមុខខ្លួនរហូតបង្កទៅជាជម្លោះលើទីលាន។ ក្រោយអន្តរាគមន៍ពីអាជ្ញាកណ្តាល ការប្រកួតអាចបន្តទៀត ខណៈ Philadelphia បន្ថែមគ្រាប់បាល់នាំមុខមួយគ្រាប់ទៀត ដោយចប់ការប្រកួត Miami ចាញ់ ៣-០។
យ៉ាងណាក៏ដោយ លោក Diego Alonso គ្រូបង្គោលក្រុម Miami នៅតែនិយាយលើកទឹកចិត្ត Higuain ដដែលបើទោះរូបគេធ្វើមិនបានល្អនៅប្រកួតដំបូងនេះ។ លោកថា៖ «ក្លិបរីករាយនឹងការលេងរបស់គាត់ [Higuain]។ ខ្ញុំគិតថាគាត់បានបង្ហាញខ្លួនល្អហើយ។ គាត់ត្រូវការការប្រកួតបន្ថែមទៀត ហើយគាត់នឹងរឹតតែវិវត្តន៍ខ្លួនកាន់តែល្អបន្ថែមទៀត ព្រោះគាត់ពិតជាចង់លេងណាស់»។
Inter Miami ដែលមានវិរបុរសជម្រើសជាតិអង់គ្លេស និង Manchester United លោក David Beckham ជាម្ចាស់ ស្ថិតនៅចំណាត់ថ្នាក់ទី១៣ ក្នុងតារាង MLS ក្រោយរកបាន១៩ពិន្ទុ ពីការប្រកួត១៤លើក។ Philadelphia ឈរនៅលេខ ២ មាន២៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Columbus Crew ចំនួន២ពិន្ទុ៕