អន្តរជាតិ
រដ្ឋាភិបាល​ជប៉ុន ប្រាប់​ប្រជាជន​ឲ្យ​រក​ការប្រឹក្សា​ពេល​មាន​បញ្ហា ក្រោយ​មាន​ករណី​អត្តឃាត​បន្តបន្ទាប់
29, Sep 2020 , 9:59 am        
រូបភាព
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ។ រូបភាព AFP
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ។ រូបភាព AFP
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បាន​ទទូច​ឲ្យ​ពលរដ្ឋ​ស្វះ​ស្វែងរក​ជំនួយ ប្រសិនបើ​ពួកគេ​ពិបាក​ដោះស្រាយ​បញ្ហា​ដែល​ជួបប្រទះ​ក្នុង​ជីវិត​។ ការអំពាវនាវ​នេះ ធ្វើ​ឡើ​ត​ក្រោយ​ការស្លាប់​របស់​តារាភាពយន្ត​
 
 
​ដោយ​ពុំបាន​និយាយ​ចំៗ​ដល់​ករណី​ណាមួយ​ឡើយ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato នៅ​ថ្ងៃទី​២៨ ខែកញ្ញា បាន​កត់សម្គាល់ថា ពលរដ្ឋ​ខ្លះ​កំពុង​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​ពួកគេ​អំឡុង​វិបត្តិ COVID-19 ។ ត្រង់នេះ លោក​លើកឡើង​ពី​កំណើន​នៃ​ករណី​ធ្វើអត្តឃាត​ចាប់តាំងពី​ខែកក្កដា​មក​។​
 
«​យើង​ត្រូវតែទទួលស្គាល់​ការពិត​ថា មនុស្ស​ជាច្រើន​បានបញ្ចប់​ជីវិត​ដ៏​មានតម្លៃ​ពួកគេ​» ។ លោក Kato ដែលជា​អតីតរដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន​ក្រោម​អាណត្តិ​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ អះអាង​បែបនេះ ដោយ​ទទូច​ឲ្យ​សាធារណជន​ស្វះស្វែង​ជំនួយ តាមរយៈ​សេវាកម្ម​នានា​របស់​រដ្ឋា​ភិ​បាល​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ករណី​ស្លាប់​របស់ តារា​សម្តែង Yuko Takeuchi ដែល​ស្គាល់​ថា «Miss Sherlock» បានធ្វើ​ឲ្យ​ប្រជាជាតិ​ជប៉ុន​ទាំងមូល​ភ្ញាក់ផ្អើល​និង​រន្ធត់ចិត្ត​ជាខ្លាំង​។ នៅមុន​ករណី​ស្លាប់​របស់​តារាភាពយន្ត​រូបនេះ ក៏មាន​តារា​ជប៉ុន​ល្បីៗ​មួយចំនួន​បានធ្វើ​អត្តឃាត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២០​នេះ​ផងដែរ​។​
 
​កាលពីដើម​ខែកញ្ញា តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ Sei Ashina បាន​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ ក្នុង​ទម្រង់​ជាការ​ធ្វើអត្តឃាត ខណៈ​តារា​សម្តែង​ប្រុស Haruma Miura ដែល​សម្តែង​ក្នុង​រឿង Attack on Titan ក៏​ត្រូវបាន​រាយការណ៍​ថា​សម្លាប់ខ្លួន​ផងដែរ​ក្នុង​ខែកក្កដា​កន្លងទៅ​។ 
 
​ចំណែក តារា​ស្រី Hana Kimura អាយុ ២២ ឆ្នាំ សម្តែង​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ Netflix «Terrace House» ក៏​ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុង​ខែឧសភា ក្រោយ​រង​ការ​ព្យុះ​រិះគន់​តាម​អន​ឡាញ ។ ក្នុង​ខែសីហា ប្រទេស​ជប៉ុន មាន​ករណី​អត្តឃាត​ជិត ១៩០០​ករណី ដែល​កើន ១៥,៣ បើ​ធៀប​នឹង​ឆ្នាំមុន​៕ 
 
 

Tag:
 ជប៉ុន​
  អត្តឃាត​
  Yuko Takeuchi
© រក្សាសិទ្ធិដោយ thmeythmey.com