ជាតិ
សេដ្ឋកិច្ច
សមាគម​កាត់ដេរ​កម្ពុ​ជា ប្តឹងទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប សុំ​ជំទាស់​នឹង​ការព្យួរ EBA ២០​ភាគរយ​
28, Sep 2020 , 6:29 pm        
រូបភាព
តុលាការយុត្តិធម៌អឺរ៉ុប នៅប្រទេសលុចសំបួ (រូបពីសារព័ត៌មាន Ekathimerini)
តុលាការយុត្តិធម៌អឺរ៉ុប នៅប្រទេសលុចសំបួ (រូបពីសារព័ត៌មាន Ekathimerini)
​ទោះជា​សេចក្តីសម្រេច ស្តីពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ ចូល​ជា​ធរមាន​ហើយក៏​ដោយ ក៏​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មិនទាន់​បញ្ឈប់​ការស្វែងរក​មធ្យោបាយ ក្នុងការ​ទាមទារ​មក​វិញ​ដែរ​។ មធ្យោបាយ​ចុងក្រោយ​របស់​សមាគម ដែល​ធ្វើ​ការងារ​ផ្នែក​វិស័យ​កាត់ដេរ​មួយ​នេះ គឺ​ការដាក់​បណ្តឹង ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប ដើម្បី​សុំ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​ព្យួរ EBA ២០​ភាគរយ នៅ​កម្ពុជា​។

 
​លោក ខេន លូ អគ្គលេខាធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ថា តុលាការ​យុត្តិធម៌​អឺរ៉ុប បានទទួល​ពាក្យបណ្តឹង​នោះ​ហើយ​។ លោក លើក​មូល​ហេតុថា ការដាក់​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប គឺ​ដោយសារតែ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ក្នុងការ​ព្យួរ EBA ២០​ភាគរយ មិនមាន​យុត្តិធម៌ សម្រាប់​កម្ពុជា​។​
 
​យ៉ាងណា អគ្គលេខាធិការ​រូបនេះ មិនអាច​សន្និដ្ឋានបាន​ឡើយ​ថា តុលាការ​យុត្តិធម៌​អឺរ៉ុប នឹង​សម្រេចសេចក្តី​តាម​ការស្នើសុំ​របស់​សមា​គម​រោងចក្រ​កាត់ដេរ ដោយ​ផ្តល់ EBA ២០​ភាគរយ​នោះមក​កម្ពុជា​វិញ ឬ​យ៉ាងណា​។ លោក មានប្រសាសន៍​យ៉ាងខ្លី​ថា​៖«​អាហ្នឹង យើង​ចាំ​តុលាការ ដោះស្រាយ​បញ្ហា​តាម​នីតិវិធី​»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការដាក់​ពាក្យ​ប្តឹង ថា​ជា​រឿង​ឯកជន​និង​ជា​ផលប្រយោជន៍​របស់​សមា​គម​រោងចក្រ​កាត់ដេរ ដូច្នេះ រដ្ឋាភិបាល មិន​លូកដៃ​ចូល​ឡើយ​។ លោក បាន​ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា​៖«​ចំពោះ Gmac ទៅ​តវ៉ា គឺជា​រឿង​របស់គាត់​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា មុននឹងបាត់ EBA ២០​ភាគរយ រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​អស់ហើយ ចំពោះ​ការចង់​ដឹង​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​។ លោក បន្តថា ក្នុង​រឿង EBA នេះ រដ្ឋាភិបាល​កម្ពុជា អត់​មាន​អ្វី ដែល​ត្រូវ​ពន្យល់​ទៅ​គណៈកម្មការ​អឺរ៉ុប​ទៀត​នោះទេ​។ លោក បញ្ជាក់ថា​៖«​យើង ធ្វើ​អស់ពី​សមត្ថភាព​របស់​យើង​ហើយ ហើយ​យើង​យល់ថា ការផ្តាច់ EBA [២០​ភាគរយ​ហ្នឹង​] គឺជា​អំពើ​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ​ច្រើនជាង​»​។ 
 
​លោក អាត់ ធន់ មេ​សហជីព​មួយរូប ដែល​តែង​ឈរ​ខាង​កម្មករ យល់ថា បើ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ក្នុងការ​ព្យួរ EBA  ២០​ភាគរយ មិនមាន​ភាពត្រឹមត្រូវ តុលាការ​យុត្តិធម៌​អឺរ៉ុប អាច​នឹង​ផ្តល់​យុត្តិធម៌​ជូន​កម្ពុជា​វិញ តែបើ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ប្រកបដោយ​ភាព​ត្រឹម​ត្រឹម តុលាការ មិនអាច​ជួយ​អ្វី​ដល់​កម្ពុជា​បានឡើយ​។ សម្រាប់​លោក លោក មើលឃើញថា គណៈកម្មការ​អឺរ៉ុប ធ្វើការ​ម៉ត់ចត់ ស៊ីជម្រៅ មាន​ព័ត៌មាន​ច្បាស់លាស់ និង ប្រើពេល​យូរ មុន​ឈានដល់​សម្រេច​ព្យួរ EBA ២០​ភាគរយ​។ 
 
​ជាមួយគ្នានេះ លោក បាន​អំពាវនាវ​ថា សមាគម​រោងចក្រ​កាត់ដេរ រួមទាំង​ថៅកែ គួរតែ​ពិនិត្យមើល​អនុ​សាសន៍​របស់​គណៈកម្មកា​រ​អឺរ៉ុប​ផងដែរ ស្រប​ពេលដែល​ប្តឹង​ជំនា​ស់នឹង​សេចក្តីសម្រេច​ក្នុងការ​ព្យួរ EBA ២០​ភាគរយ​។ លោក លើកឡើងថា ទាំង​សមាគម​រោងចក្រ​កាត់ដេរ ទាំង​ថៅកែ គួរពិនិត្យមើល​លើ​ការបិទ​សិទ្ធិសេរីភាព ការបញ្ឈប់​កម្មករ និង ការរំលោភបំពាន​ផ្សេងៗ​ទៀត​។ 
 
​បន្ថែម​ពីនេះ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ពិនិត្យមើល​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង សិទ្ធិ​ការងារ ជាដើម ដើម្បី​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​កម្ពុជា រូ​ម​ទាំង និង គោលការណ៍​អន្តរជាតិ​។ 
 
​មេ​សហជីព​រូបនេះ ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ដែរនោះ បាន​និយាយថា​៖«​ទោះ​មានការ​សម្រេច​១០០​ភាគរយ​ហើយ [​ក្នុងការ​ព្យួរ EBA ២០​ភាគរយ​] តែ​នៅមាន​សង្ឃឹមថា នឹង​អាច​ជជែក​គ្នា​បានមក​វិញ បើ​មានការ​កែប្រែ​អ៊ីចឹង​»​។ 
 
​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈកម្មការ​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​នៃ​ព្យួរ EBA នៅ​កម្ពុជា​។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប ក៏​សម្រេច​ព្យួរ EBA ២០​ភាគរយ​។ កន្លះ​ឆ្នាំ​មកទៀត គឺ​រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ សេចក្តី​ស​ម្រ​ច​ស្តីពី​ការព្យួរ EBA ២០​ភាគរយ ក៏​ចូល​ជា​ធរមាន ដែល​មានន័យថា កម្ពុជា ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​
 
​គណៈកម្មការ​អឺរ៉ុប វាយតម្លៃថា ការព្យួរ EBA ២០​ភាគរយ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​ខ្លាំង ទៅលើ​ការនាំចេញ​ផលិតផល​មួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំង​ផលិតផល​ធ្វើដំណើរ ដូចជា​វ៉ា​លី និង កាបូប ជាដើម ព្រមទាំង​ស្ករស​ផងដែរ​។ 
 
​មុននឹង​សេចក្តីសម្រេច​ស្តី​ការព្យួរ EBA ២០​ភាគរយ ចូល​ជា​ធរមាន សមាគមរោងចក្រកាត់ដេរ រួមជាមួយ​ស្ថាប័នឯកជន​ពីរទៀត គឺ សមាគម​ស្បែកជើង​នៅ​កម្ពុជា (CFA) និង សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) បាន​ប្រឹងប្រែង​ខ្លាំង ក្នុង​ការសុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពិចារណា​ឡើងវិញ​។ លើសពីនេះ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំងបី ក៏​ធ្លាប់​សរសេរ​លិខិត​រួមគ្នា ផ្ញើ​ទៅ​គណៈកម្មការ​អឺរ៉ុប​ដែរ ដើម្បី​សុំ​ឲ្យ​ពន្យារពេល​មួយឆ្នាំ​ទៀត ពោលគឺ ចាំ​ដល់​ខែសីហា ឆ្នាំ​២០២១ ចាំ​ព្យួរ EBA ២០​ភាគរយ​។ ប៉ុន្តែ ការ​ខ្នះខ្នែង​នេះ មិន​ទទួលបាន​លទ្ធផល​វិជ្ជមាន​ឡើយ​។ 
 
​ថ្វីបើ ការព្យួរ EBA ២០​ភាគរយ ចូល​ជា​ធរមាន​ហើយក៏​ដោយ តែ​គណៈកម្មការ​អឺរ៉ុប នៅ​ផ្តល់​ផ្លូវ​ដល់​កម្ពុជា ដើម្បី​បានមក​វិញ​។ គណៈកម្មការ​អឺរ៉ុប ប្រាប់ថា​៖«​បើ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ការវិវឌ្ឍ​គួរ​កត់​ឲ្យ​សម្គាល់​ណាមួយ លើ [​ការគោរព​] សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ស៊ីវិល គណៈកម្មការ​អឺរ៉ុប នឹង​ពិចារណា​ជាថ្មី​ពី​សេចក្តីសម្រេច [​នៃ​ការដក EBA ២០​ភាគរយ​នេះ​] ហើយ​អាច​នឹង​ផ្តល់ជូន EBA ដូចដើម​វិញ​»​។ 
 
​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជា​ដដែលៗ​ថា នឹងមិន​យក​អធិបតេយ្យ​និង​ឯករាជ្យ​ទៅ​ដោះដូរ​នឹង​ជំនួយ​ឬ​ការអនុគ្រោះ​ឡើយ​។ រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំហរ​រឹង​ពឹង​ថា កម្ពុជា នឹង​ប្រឹង​រស់​ដោយ​ខ្លួនឯង​៕ 
 
 
 

Tag:
 GMAC
  បណ្តឹង​
  តុលាការ​យុត្តិធម៌​អឺរ៉ុប​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com