កីឡាជាតិ
កីឡាអន្តរជាតិ
F1៖ Bottas ឈ្នះការប្រកួតទីលានរុស្ស៊ី ឯ Hamilton ខកឱកាសតាមស្មើកំណត់ត្រា Schumacher
× Valtteri Bottas ឈ្នះការប្រណាំងរថយន្ត Formula One លើកទី២ រដូវកាលនេះក្នុងកម្មវិធី Russian Grand Prix នៅទីលានប្រទេសរុស្ស៊ី។ ម្ចាស់ជើងឯក៦សម័យ Lewis Hamilton ខកឱកាសរកជ័យជម្នះទី៩១របស់ខ្លួន ដើម្បីបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេលើលោករបស់ Michael Schumacher។
Bottas អ្នកប្រណាំងសញ្ជាតិហ្វាំងឡង់ ដែលបើកបរឲ្យក្រុម Mercedes បានទៅដល់ទីមុនគេ ដោយប្រើថេរវេលា ១ម៉ោង ៣០នាទី និង៥៥វិនាទី នាការប្រណាំងលើទីលានទី១០ រដូវកាលនេះ នៅថ្ងៃទី២៧ ខែកញ្ញា។ កីឡាករ Max Verstappen ដែលបើកឲ្យក្រុម Red Bull ទទួលបានចំណាត់ថ្នាក់ទី២ ខណៈលេខ៣ បានទៅមិត្តរួមក្រុម Mercedes កីឡាករ Hamilton។
Hamilton ម្ចាស់ការពារជើងឯក ដែលរំពឹងទទួលជ័យជម្នះដើម្បីតាមស្មើកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេរបស់អតីតអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Schumacher ចំនួន៩១លើក ត្រូវរង់ចាំនៅប្រកួតបន្ទាប់ៗទៀត។
អ្នកប្រណាំងសញ្ជាតិអង់គ្លេសវ័យ៣៣ឆ្នាំ ដែលឈ្នះការប្រណាំងនៅរដូវកាល២០២០នេះចំនួន៦លើកមកហើយ បានកើនការទទួលបានជ័យជម្នះរបស់ខ្លួនក្នុងអាជីពដល់៩០លើកហើយ មុនបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៣ក្នុងការប្រណាំងនៅទឹកដីរុស្ស៊ីនេះ។
ឆ្លងកាត់ការប្រណាំង១០លើក Hamilton បានកើនដល់២០៥ពិន្ទុ ដោយនាំមុខមិត្តរួមក្រុម Mercedes កីឡាក Bottas ចំនួន៤៤ពិន្ទុ។ Max Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ របស់ក្រុម Red Bull ឈរលេខ៣ មាន១២៨ពិន្ទុ ខណៈ Sebastian Vettel ដែលជាគូប្រជែងដ៏ខ្លាំងក្លារបស់ Hamilton ទើបតែរកបាន១៧ពិន្ទុប៉ុណ្ណោះ និងឈេនៅលេខរៀងទី១៣ ក្នុងតារាង F1។
ដោយឡែក ផ្នែកគ្រឿងម៉ាស៊ីនវិញ Hamilton និង Bottas បានជួយឲ្យ Mercedes បង្កើនការនាំមុខដាច់គេតែម្តងរហូតដល់ទៅ ១៧៤ពិន្ទុឯណោះ។ Red Bull នៅចំណាត់ថ្នាក់ទី២ មាន១៩២ពិន្ទុ ឯ McLaren Renault រកបាន១០៦ពិន្ទុ ឈរលេខរៀងទី៣។ Racing Poing លេខ៤មាន១០៤ពិន្ទុ តាមពីក្រោយដោយ Renault និង Ferrari ដែលមាន៩៤ និង៧៤ពិន្ទុ។ Williams Mercedes នៅបាតតារាងគ្មានពិន្ទុរាប់។
ទីលានប្រណាំងបន្ទាប់នឹងធ្វើនៅប្រទេសអាល្លឺម៉ង់ ក្នុងកម្មវិធី Germany Grand Prix នៅថ្ងៃទី១១ ខែតុលា ខណៈការប្រណាំងនៅសល់ចំនួន៧លើកទៀតនឹងបញ្ចប់រដូវកាលឆ្នាំ២០២០នេះ៕
Tag:
Valtteri Bottas
Formula One
Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com