ជាតិ
ក្រសួងទេសចរណ៍ នឹងរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្នុងខេត្តសៀមរាប
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ឡើងវិញ ក្នុងខេត្តសៀមរាបដើម្បីចូលរួម អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ទេសចរណ៍និងការអភិវឌ្ឍជនបទ» ដោយបានដាក់ចេញនូវសកម្មភាព ៤ចំណុចដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងអាជ្ញាធរពាក់ព័ន្ធនានា។ នេះបើតាមសារាចរណែនាំ (សរណន) ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍។
សរណន បញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ត្រូវរៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងទីសាធារណៈ ចាប់ពីថ្ងៃជូនដំណឹង។ ក្នុងនោះមន្ត្រីរាជការ គ្រូបង្រៀន សិស្ស-និស្សិត ពលរដ្ឋ និងភាគីពាក់ព័ន្ធត្រូវចូលរួមធ្វើអនាម័យនៅតាមទីសាធារណៈ និងស្ថាប័ននីមួយៗ ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ មិនទាន់បង្ហាញពីពេលវេលាក្នុងការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ នេះទេ។ ប៉ុន្តែក្រសួងនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ នៅក្នុងខេត្តសៀមរាប ដែលជាទីតាំងទេសចរណ៍ប្រវិត្តសាស្ត្រ និងជាបេះដូងនៃពលរដ្ឋកម្ពុជា។ ជាទូទៅ ទិវាទេសចរណ៍ពិភពលោក តែងរៀបចំជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៧ ខែកញ្ញា នៅទូទាំងប្រទេស។
បើតាម សរណន ក្នុងអំឡុងពេលប្រារព្ធកម្មវិធី ត្រូវរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ទេសចរណ៍និងការអភិវឌ្ឍជនបទ» និងអនុវត្តតាមវិធានសុវត្ថិភាព និងសុខភាពប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស ត្រូវមានទឹកអាល់កុល សម្រាប់លាងដៃផងដែរ។
សូមបញ្ជាក់ថា ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com